ចិន៖ បុរសវ័យចំណាស់ ដែលជាអ្នកបោសសំរាមនៅតាមផ្លូវម្នាក់ ក្នុងទីក្រុង Binzhou ប្រទេសចិន កាលពីពេលថ្មីៗនេះ ទើបតែដឹងខ្លួនថា គាត់កំពុងតែរស់នៅ ដោយមានមនុស្សចិត្តល្អជាច្រើននៅជុំវិញខ្លួន បន្ទាប់ពីគាត់បានជ្រុះបាត់លុយប្រាក់ខែអស់គ្មានសល់។

បើទោះជាគាត់បានបាត់លុយអស់មែន ប៉ុន្តែលោកតាកម្សត់ បានទទួលប្រាក់ត្រឡប់មកវិញ ក៏ដោយសារមនុស្សជាច្រើន បានចែករំលែកប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេបន្តិចបន្តួច ដើម្បីជួយគាត់ ក្រោមពាក្យថា ជាការវិលត្រឡប់មកវិញនូវប្រាក់ខែដែលបានបាត់នោះ។

សារព័ត៌មាន CGTN បានចុះផ្សាយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ថា លោកតានេះ មានឈ្មោះថា Cheng Yanxin អាយុ៧០ឆ្នាំ ជាកម្មករអនាម័យ។ ដោយកាលពីថ្ងៃព្រហស្បត្តិ៍ សប្តាហ៍មុន គាត់បានជ្រុះបាត់ស្រោមសំបុត្រមួយ ដែលផ្ទុកទៅដោយប្រាក់ខែដែលគាត់ខំធ្វើការយ៉ាងលំបាក ចំនួន ៣៣៦០យ័ន (៤៨៧ដុល្លារ) ដែលជាប្រាក់ខែរយៈពេល៣ខែ នៅពេលដែលគាត់ត្រឡប់មកផ្ទះវិញ។ 

ដោយដឹងពីស្ថានភាពរបស់លោកតា Cheng ភ្លាមៗនោះ មនុស្សម្នាក់ឈ្មោះ Zhao Ping ធ្វើការក្នុងភោជនីយដ្ឋានមួយ ដែលតែងតែឃើញលោកតារហូតនោះ ក៏បានសរសេរកំណត់ហេតុមួយបង្ហោះលើអ៊ិនធើណេត ដើម្បីស្នើសុំជំនួយមកប៉ះប៉ូវនូវប្រាក់ឈ្នួលដែលបាត់បង់ របស់លោកតាក្រីក្រម្នាក់នេះ។

សារដែលគេបង្ហោះនោះបានភ្ជាប់ជាមួយនូវចំនួនលុយដែលបាត់ រួមទាំងលេខទូរស័ព្ទរបស់មនុស្សម្នាក់ឈ្មោះ Zhao Ping ផងដែរ និងបានសរសេរថា “ប្រាក់ទាំងនោះ គឺជារបស់តែមួយគត់ ដែលលោកតាកម្សត់ គ្មានកូនម្នាក់នេះ អាចពឹងផ្អែកបាន និងចូលរួមសប្បាយរីករាយ ក្នុងឱកាសបុណ្យនិទាឃរដូវខាងមុខនេះ ដូច្នេះប្រសិនបើនរណាម្នាក់រើសបានស្រោមសំបុត្ររបស់គាត់ ជួយផ្តល់មកឲ្យវិញផង។”

មិនយូរប៉ុន្មានព័ត៌មានមួយនេះត្រូវបានគេចែកចាយពេញបណ្តាញអ៊ីនធើណេត ហើយទូរស័ព្ទរបស់ Zhao បានទទួលការហៅចូលជាច្រើន ពីប្រជាជនក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស។ ពួកគេទាំងនោះ បានខលមកសួរថាតើពួកគេអាចជួយអ្វីបាន ពួកគេនឹងជួយ។

ប្រភពព័ត៌មានបានឲ្យដឹងថា ប៉ុន្មានម៉ោងបន្ទាប់ពីកំណត់ហេតុ មួយនោះត្រូវបានបង្ហោះ ស្រាប់តែមានបុរសម្នាក់ឈ្មោះ Liu បានទៅជួបលោកតា Cheng និងបានឲ្យស្រោមសំបុត្រមួយ ដែលមានលុយនៅក្នុងនោះ ដោយអះអាងថា គាត់បានរើសបាននៅតាមផ្លូវ ដោយនៅលើស្រោមសំបុត្រនោះ មានសរសេរឈ្មោះ និងចំនួនលុយរបស់លោកតាទៀតផង។

តែទោះជាយ៉ាងណាលោកតា បានបដិសេធថា វាមិនមែនជារបស់គាត់នោះទេ ដោយលោកតា បាននិយាយថា អក្សរដែលសរសេរនៅលើស្រោមសំបុត្ររបស់គាត់ដែលបាត់ទៅនោះ គឺសរសេរដោយប៊ិច ហើយស្រោមសំបុត្រក្រោយនេះ គឺសរសេរដោយហ្វឺត ទៅវិញ។ ដោយសារតែមិនអាចកុហកលោកតាបាន ក្រោយមកលោក Liu ក៏បានប្រាប់ថា តាមពិតទៅលុយទាំងនេះ គឺលោក និងមិត្តភ្តិរបស់លោក ប៉ុន្មាននាក់ទៀត ជាអ្នកប្រមូលគ្នានោះទេ ដើម្បីជួយសម្រាលទុក្ខលំបាករបស់លោកតា។

ក្រៅពីប្រាក់ចំនួន ៣៣៦០យ័ន (៤៨៧ដុល្លារ) ដែលលោក Liu បានឲ្យលោកតា Cheng ហើយនោះ ក៏នៅមានមិត្តភក្តិរបស់គេចំនួន២នាក់ទៀត  បានឧបត្ថម្ភ ១២០០យ័នបន្ថែមទៀតផងដែរ។ យ៉ាងណាក៏ដោយ កញ្ចប់ប្រាក់ពិតប្រាកដ ដែលបាត់ទៅនៅតែមិនអាចរកឃើញ៕ 

ប្រភព៖ CGTN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]