ភ្នំពេញ៖ ជាការពិតណាស់ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នឹងមកដល់ក្នុងពេលឆាប់ៗនេះ ហើយប្រជាជនកម្ពុជាដែលមានខ្សែស្រឡាយកាត់ចិន ក៏នឹងប្រារព្ធពិធីនេះនៅតាមផ្ទះរបស់ពួកគេរៀងៗខ្លួនផងដែរ។

យ៉ាងណាមិញ គេសង្កេតឃើញថានៅមុនថ្ងៃចូលឆ្នាំ ពួកគេតែងតែរៀបចំបោសសម្អាត និងតុបតែងផ្ទះដោយមានបិតប្រកាសពណ៌ក្រហមឆ្អិនឆ្អៅ ព្រោះពួកគេជឿថា ភាពស្រស់ស្អាតនៅក្នុងគេហដ្ឋាន និងពណ៌ក្រហម អាចនាំមកនូវសិរីសួស្តី និងទ្រព្យសម្បត្តិចូលក្នុងផ្ទះរបស់ពួកគេនៅក្នុងឆ្នាំថ្មី។

ចំនែកឯនៅក្នុងកំឡុងថ្ងៃចូលឆ្នាំវិញ គេសង្កេតឃើញបងប្អូនញាតិមិត្តតែងតែមកជួបជុំប្រារព្ធពិធីសែននៅផ្ទះឪពុកម្តាយ រួមមានទាំងពាក្យជូនពរ និងអាំងប៉ាវ ដើម្បីទទួលបានលាភក្នុងឆ្នាំថ្មីជាដើម។ ក្រៅពីនេះ ពួកគេក៏នឹងធ្វើដំណើរទៅកម្សាន្តនៅរមណីយដ្ឋានជិតឆ្ងាយផងដែរ។

ទោះជាយ៉ាងណា តាមទំនៀមទម្លាប់របស់ប្រជាជនចិន ក្នុងកំឡុងពេលថ្ងៃចូលឆ្នាំ ពួកគេមានតំណមមួយចំនូនដែលមិនគួរធ្វើ ព្រោះពួកគេជឿថា បើសិនជាពួកគេធ្វើរឿងបែបនោះ នឹងជួបរឿងមិនល្អ ឬរកស៊ីមិនឡើងនៅក្នុងឆ្នាំថ្មី។

ខាងក្រោមនេះ ជាតំណមមួយចំនួនដែលមិនគួរធ្វើក្នុងថ្ងៃចូលឆ្នាំចិន៖

១. ហាមមិនឲ្យ បោកគក់សម្លៀកបំពាក់ និងកក់សក់

សម្រាប់ថ្ងៃទី១ និងទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គេហាមដាច់ខាតមិនឲ្យមានការបោកគក់សម្លៀកបំពាក់ឡើយ ព្រោះថ្ងៃទី១និងទី២នេះ ជាថ្ងៃដែលគេរំលឹកដល់ព្រះគង្គារដែលគេហៅថា Shuishen (水神)។

ចំនែកឯការកក់សក់វិញ ក៏ត្រូវបានហាមឃាត់ដែរសម្រាប់ថ្ងៃចូលឆ្នាំទី១ ព្រោះថា នៅក្នុងភាសាចិន សក់ (fa, 发) មានសម្លេងប្រហាក់ប្រហែលជាមួយពាក្យថា មានទ្រព្យសម្បត្តិ (facai, 发财) ដូច្នេះ គេសន្មត់ថា បើយើងធ្វើការកក់សក់ វាប្រៀបដូចជាយើងលាងទ្រព្យសម្បត្តិរបស់យើងចោលយ៉ាងដូច្នេះដែរ។ 

២. ហាមមិនឲ្យបោសសម្អាត និងបោះចោលសំរាម

ពួកគេមានជំនឿថាការបោសសម្អាតផ្ទះ និងបោះចោលសំរាមនៅក្នុងថ្ងៃចូលឆ្នាំ ប្រៀបដូចជាការយកទ្រព្យសម្បត្តិ និងលាភសំណាងពីក្នុងផ្ទះ ទៅចោលនៅក្រៅផ្ទះអ៉ីចឹង។ ដូច្នេះ ពួកគេត្រូវរក្សាទុកសំរាមរហូតដល់ចប់ពិធីបុណ្យចូលឆ្នាំទើបធ្វើការបោស និងយកទៅចោល។ 

៣. ហាមមិនឲ្យញ៉ាំបបរ និងសាច់នៅពេលព្រឹក

ពួកគេមានជំនឿថា បបរគឺជាអាហារសម្រាប់អ្នកក្រ ដូច្នេះពួកគេមិនត្រូវញ៉ាំបបរនៅព្រឹកថ្ងៃចូលឆ្នាំឡើយ ដោយសារតែពួកគេខ្លាចត្រូវក្រពេញមួយឆ្នាំ។

ចំនែកឯសាច់វិញ ក៏គួរចៀសវាងញ៉ាំសម្រាប់អាហារពេលព្រឹកដែរ ដោយសារតែពួកគេគោរពព្រះពុទ្ធសាននា ដូច្នេះពួកគេមិនចង់សម្លាប់សត្វ នៅខណៈពេលដែលគ្រប់គ្នាកំពុងតែនិយាយពាក្យជូនពរឆ្នាំថ្មីនោះទេ។ 

៤. ហាមមិនឲ្យលេបថ្នាំ ឬទៅជួបគ្រូពេទ្យ

នេះគឺជាតំណមមួយដែលប្រជាជនចិនមានជំនឿថា មិនត្រូវលេបថ្នាំ ឬទៅជួបគ្រូពេទ្យនៅក្នុងថ្ងៃចូលឆ្នាំនោះទេ ព្រោះថាបើពួកគេធ្វើដូចនេះ ពួកគេនឹងត្រូវឈឺពេញមួយឆ្នាំតែម្តង។ ផ្ទុយទៅវិញ ពួកគេមានជំនឿទៅលើការវាយបំបែកកំប៉ុងថ្នាំ ដែលអាចជូយឲ្យជំងឺផ្សេងៗដែលកើតមាននៅលើខ្លួនរបស់ពួកគេបានជាសះស្បើយ។ 

៥. ហាមមិនឲ្យទៅលេងផ្ទះឪពុកម្តាយចំពោះកូនស្រីដែលរៀបការរួច

ចំពោះកូនស្រីដែលបានរៀបការរួច មិនគួរទៅលេងផ្ទះឪពុកម្តាយរបស់ខ្លួននៅក្នុងថ្ងៃចូលឆ្នាំទីមួយឡើយ ព្រោះពួកគេជឿថា វាអាចកាត់លាភធ្វើឲ្យរកស៊ីមិនឡើង។ ប៉ុន្តែកូនស្រីអាចទៅលេងឪពុកម្តាយ នៅក្នុងថ្ងៃទី២ និងទី៣ បាន។ 

៦. ចៀសវាងកុំឲ្យក្មេងយំ

បើសិនជាអាចចៀសបាន គួរកុំឲ្យក្មេងយំឲ្យសោះ ព្រោះបើតាមជំនឿ ក្មេងយំអាចនាំសំណាងមិនល្អចូលក្នុងគ្រួសារ។ ដូច្នេះចាស់ទុំតែងតែអនុញ្ញាតឲ្យក្មេងៗលេងអ្វីក៏បានតាមចិត្តរបស់ពួកគេ ដោយមិនមានការហាមប្រាមអ្វីទាំងអស់ ធ្វើយ៉ាងណាឲ្យតែពួកគេមិនយំ។ 

៧. ហាមមិនឲ្យស្លៀកពាក់ខ្មៅ ឬ ស

ប្រជាជនចិន ពិតជាប្រកាន់ណាស់ចំពោះសម្លៀកបំពាក់ពណ៌ខ្មៅ និងស ដែលគេប្រើសម្រាប់ចូលរួមពិធីបុណ្យសព។ វាមិនមែនសម្រាប់ពិធីបុណ្យចូលឆ្នាំទេ។ ពួកគេមានជំនឿថា ការស្លៀកពាក់ខ្មៅ ឬ ស ក្នុងថ្ងៃចូលឆ្នាំអាចនាំមកនូវភាពអភមង្គលចូលក្នុងគ្រួសារ។ 

៨. ហាមមិនឲ្យខ្ចីលុយអ្នកដទៃ ឬឲ្យអ្នកដទៃខ្ចីលុយ

ការខ្ចីលុយអ្នកដទៃ ឬឲ្យអ្នកដទៃខ្ចីលុយ ជាបំរាមមួយនៅក្នុងថ្ងៃចូលឆ្នាំ ព្រោះពួកគេជឿថា បើធ្វើបែបនេះ ពួកគេនឹងត្រូវជំពាក់លុយគេ ឬត្រូវគេជំពាក់លុយពេញមួយឆ្នាំតែម្តង។ លើសពីនេះ វាអាចនាំសំណាងអាក្រក់ដល់ពួកគេទៀតផង។ 

៩. ចៀសវាងកុំឲ្យមានការបែកបាក់របស់របរផ្សេងៗ

ការធ្វើឲ្យបាក់បែករបស់របរនៅក្នុងផ្ទះនៅថ្ងៃចូលឆ្នាំ ត្រូវបានគេជឿថា វានាំឲ្យមានប្រផ្នូលមិនល្អចូលផ្ទះ។ ប៉ុន្តែបើសិនជាមានរបស់របរបែកមែននោះ ចាស់ៗដែលនៅក្នុងផ្ទះត្រូវនិយាយថា “ឆ្នាំថ្មីមកដល់ហើយ ឆ្នាំថ្មីមកដល់ហើយ ហេងចូលហេង”។ 

១០. ហាមមិនឲ្យគេងថ្ងៃក្នុងថ្ងៃចូលឆ្នាំ

បើសិនជាអ្នកគេងថ្ងៃក្នុងថ្ងៃចូលឆ្នាំ នោះអ្នកនឹងខ្ជិលពេញមួយឆ្នាំតែម្តង។ លើសពីនេះ វាក៏ត្រូវបានគេចាត់ទុកថាជាសកម្មភាពដែលគ្មានសុជីវធម៍ដែរ ព្រោះថានៅក្នុងរយៈពេលប៉ុន្មានថ្ងៃចូលឆ្នាំនោះ មានបងប្អូនជាច្រើនមកលេង ដែលអ្នកត្រូវទៅទទួល និងនិយាយលេងជាមួយពួកគេ។ 

១១. ហាមមិនឲ្យដាក់លុយអាំងប៉ាវចំនួនសេស

ជនជាតិចិន ពិតជាតំណមណាស់ជាមួយលេខសេស ជាពិសេសនៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ និងកម្មវិធីចូលឆ្នាំថ្មីនេះតែម្តង ព្រោះពួកគេជឿថា លេខសេសតំណាងឲ្យការបែកបាក់ ភាពឯកា ឬសំណាងមិនល្អជាដើម។  

១២. ហាមមិនឲ្យនិយាយពាក្យអភមង្គល

ពាក្យ “ស្លាប់” “ក្រ” និងពាក្យមិនល្អផ្សេងៗទៀត ត្រូវបានហាមឃាត់មិនឲ្យនិយាយដាច់ខាត ព្រោះពួកគេជឿថា វាអាចនាំឲ្យមានរឿងហេតុតាមពាក្យសំដីរបស់ពួកគេ ឬ នាំរឿងមិនល្អដល់ពួកគេជាដើម។ ផ្ទុយទៅវិញ ពួកគេនិយាយតែពាក្យល្អៗ ដែលនាំមកនូវសុភមង្គល លាភសំណាង ហេង ហេងជាដើម៕

ប្រភព៖ Chinahighlights | Theepochtimes | Chinaslostpanda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]