ចិន៖ បុរសជាគ្រូបង្រៀនម្នាក់ នៅក្នុងតំបន់ជនបទនៃទីក្រុង ឆុងឈីង (Chongqing) ប្រទេសចិន បានធ្វើការលើសពីភារកិច្ចរបស់ខ្លួនដែលជាគ្រូបង្រៀនទៅទៀត ដោយគាត់បានចែវទូកចម្លងក្មេងៗ អស់រយៈពេលជាង១០ឆ្នាំមកហើយ ក៏ព្រោះតែគាត់ចង់ឲ្យពួកគេបានទៅរៀន។

សម្រាប់កូនសិស្សរបស់គាត់ លោកគ្រូ Li Congshu មិនត្រឹមតែជាគ្រូបង្រៀនដ៏ល្អមួយរូបនោះទេ ប៉ុន្តែលោកថែមទាំងជាអ្នកចែវទូករបស់ពួកគេថែមទៀតផង។ ជារៀងរាល់ព្រឹក លោកគ្រូ Li តែងតែចាកចេញពីផ្ទះរបស់គាត់នៅម៉ោង៧និង៣០នាទីព្រឹក ហើយចំណាយពេល២០នាទី ដើរទៅកាន់កំពង់ទឹក។

នៅទីនោះមានទូកមួយដែលជារបស់លោកគ្រូ Li   ហើយគាត់តែងតែចែវទូកមួយនេះឆ្លងកាត់អាងស្តុកទឹកដ៏ធំ ទៅកាន់ត្រើយម្ខាងទៀត ដើម្បីទទួលយកក្មេងៗចំនួន១៣នាក់ ដែលកំពុងឈររង់ចាំ អមជាមួយអាវពោងនៅជាប់នឹងខ្លួន។ 

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រសិនបើក្មេងៗត្រូវបង្ខំឲ្យដើរទៅសាលារៀន ពួកគេត្រូវចំណាយពេល២ម៉ោងទើបទៅដល់សាលា ប៉ុន្តែក្រោមជំនួយពីលោកគ្រូ Li ការធ្វើដំណើរគឺចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។ ហើយរាល់ពេលចេញពីសាលារៀន លោកគ្រូ Li ក៏ត្រូវចែវទូកជូនក្មេងៗត្រឡប់ទៅផ្ទះវិញដែរ។

ប្រភពព័ត៌មានបានបន្តថា លោកគ្រូ បានធ្វើរឿងទាំងនេះជារៀងរាល់ថ្ងៃ អស់រយៈពេលជាង១០ឆ្នាំមកហើយ គឺចាប់តាំងពីមានទំនប់ទឹក Three Gorges Dam ដែលធ្វើឲ្យកម្ពស់ទឹកកើនឡើងខ្លាំង ក្នុងតំបន់ជនបទ Dazu នៃទីក្រុងឆុងឈីង (Chongqing)។ រាល់ការងារដែលបានធ្វើជាច្រើនឆ្នាំមកនេះ លោកគ្រូ Li ដែលជាគ្រូបង្រៀនជាង៣០ឆ្នាំ មិនដែលទទួលបានអ្វីបន្ថែមឡើយ ប៉ុន្តែលោកទទួលបានការកោតសរសើរ និងថ្លែងអំណរគុណជាច្រើនពីសហការីរបស់លោក និងឪពុកម្តាយរបស់សិស្សរបស់គាត់៕

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]