ភ្នំពេញ ៖ ជាងទងម្នាក់ ព្រមទាំងសាច់ញាតិ បាននាំគ្នាទៅដាក់ញ្យបណ្ដឹង នៅកន្លែងសមត្ថកិច្ច ដើម្បីឱ្យជួយស្វែង រកភរិយា ទើបនឹងរៀបការថ្មីថ្មោងរបស់ខ្លួន ដែលបានបាត់ចេញពីផ្ទះ មិនដឹងមូលហេតុ ខណៈទាំងមុនពេលរៀប ការ និងក្រោយពេលរៀបការ  ភរិយារបស់ខ្លួន មិនដែលមានទំនាស់ ឬក៏មានការអាក់អន់ចិត្ដអ្វីនោះឡើយ។ 

ពាក់ព័ន្ធទៅនឹងការបាត់ប្រពន្ធ ទៅប្ដឹងឱ្យសមត្ថកិច្ចជួយស្វែងរក បន្ទាប់ពីដើរស្វែងរកខ្លួនឯង អស់ចិត្ដអស់ចង់ នៅតែមិនឃើញនោះ បុរសជាងទង ដែលជាស្វាមីគេស្គាល់ឈ្មោះ គិន សុខកុល អាយុ ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៥ ផ្លូវលេខ ២០៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក  និងមានមុខរបរជាជាងទង នៅផ្សារសាមគ្គី បានរៀប រាប់ឱ្យដឹងថា ប្រពន្ធរបស់ខ្លួនឈ្មោះ បាន វួចលីម អាយុ ១៨ឆ្នាំ ស្នាក់នៅជាមួយខ្លួន តែមុនរៀបការ គឺរស់នៅជា មួយឪពុកម្ដាយ នៅភូមិថ្នល់បែកខាងកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្ដកំពង់ចាម បានបាត់ចេញពីផ្ទះ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ ខណៈដែលរូបនាង បានធ្វើ ដំណើរទៅផ្សារសាមគ្គី ជាមួយនឹងម្ដាយមីង ឈ្មោះ ចន្ថា ហើយក៏បាត់ដំណឹងរហូតមក ដោយពុំដឹងថា នាងទៅណា នោះទេ ។

បុរសជាប្ដីខាងលើនេះ បានរៀបរាប់បន្ដថា ខ្លួននិងប្រពន្ធ បានរៀបការទៅតាមប្រពៃណី នៅផ្ទះខាងស្រី ឯស្រុកចំការលើ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ កន្លងទៅនេះ ហើយក្រោយរៀបការ នាងជាប្រពន្ធ ក៏បានមករស់នៅជាមួយខ្លួន ឯក្រុងភ្នំពេញរហូតមក។

លុះដល់ថ្ងៃទី២៤ ខែកុម្ភៈ ស្រាប់តែបាត់រូបនាង ដោយគ្មានដំណឹងរហូតមកតែម្ដង ធ្វើឱ្យក្រុមគ្រួសារ ក៏ដូចជារូបខ្លួន ដើរស្វែងរកគ្រប់ច្រកល្ហក នៅតែរកមិនឃើញ  អស់រយៈពេល ៤-៥ថ្ងៃមកហើយ ទើបសម្រេចនាំគ្នា មកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាល សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និងនៅការិយាល័យ ប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញ ដើម្បីឱ្យជួយស្វែងរកតែម្ដងទៅ។

ពាក់ព័ន្ធទៅនឹង ការបាត់ប្រពន្ធខាងលើនេះ លោក បាន កែវសំណាង  អាយុ ៤២ឆ្នាំ និងអ្នកស្រី ស្រេង ស៊ីម អាយុ ៤៧ឆ្នាំ ដែលត្រូវជាម្ដាយនៃកូនក្រមុំ បានរៀបរាប់ឱ្យដឹងថា ពួកខ្លួនមិនដឹងរឿងអ្វីនោះទេ ព្រោះរវល់នៅស្រុក កំណើត ស្រាប់តែនៅថ្ងៃទី២៤ ខែកុម្ភៈ ប្អូនស្រីរបស់ខ្លួន ដែលរស់នៅទីក្រុងភ្នំពេញ បានទូរស័ព្ទទៅប្រាប់ ថាបាត់ កូនស្រី ទើបនាំឱ្យមានការភ្ញាក់ផ្អើល ក៏សម្រេចរូតរះធ្វើដំណើរមកភ្នំពេញ ដើម្បីជួយស្វះស្វែងរក តែនៅតែរកមិន ឃើញ ហើយពួកគាត់ ក៏មានចម្ងល់យ៉ាងខ្លាំងផងដែរ ។

ដោយឡែកបុរសជាប្ដីឯណោះវិញ បានធ្វើការសន្និដ្ឋានថា ប្រពន្ធរបស់ខ្លួន មុនបាត់ខ្លួន គឺមានពាក់គ្រឿងអលង្ការ ដូចជា បា្លទីនដាំត្បូងចំនួន ៣០គ្រាប់ រួមមានចិញ្ចៀន ខ្សែក ដែលមានតម្លៃប្រមាណ ២ពាន់ដុល្លារ ដូចនេះ ខ្លួនបានដាក់ការសង្ស័យថា អាចមានការលួងលោម ដាក់ថ្នាំសណ្តំ ដើម្បីដោះយកគ្រឿងអលង្ការ ហើយយករូបនាង ទៅបំបរបង់ចោលជាដើម ដោយបុរសជាប្ដី មិនបានដាក់ការ សន្និដ្ឋានថា ប្រពន្ធរបស់ខ្លួនមានការអាក់អន់ចិត្ដ ហើយរត់ចោលផ្ទះ ចោលប្ដីនោះឡើយ។

នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ នេះ ស្ដ្រីម្នាក់ឈ្មោះ ឃុត ចាន់ថន ដែលអះអាងថា ត្រូវជាបងធម៌របស់ស្ដ្រីដែលបាត់ខ្លួន  បានប្រាប់ភ្នាក់ងារដើមអម្ពិល ឱ្យដឹងថា ក្រោយបាត់ខ្លួន ដោយសារជឿទៅ លើអរូបិយ ពួកខ្លួនក៏បានរកលោក ជួយទស្សន៍ទាយមើល នៅឯវត្ដភ្នំស្រង់ ខេត្ដកំពង់ស្ពឺ ហើយត្រូវបានព្រះសង្ឃ ប្រមើមើលឃើញថា ប្អូនស្រីដែលបាត់ខ្លួន មិនបានរត់គេចទៅណានោះទេ ដែលបច្ចុប្បន្នកំពុងត្រូវបានស្ដ្រីម្នាក់ បង្ខាំងឱ្យនៅតែក្នុងផ្ទះ ក្នុងសង្កាត់ទឹកល្អក់។ ប៉ុន្ដែការអះអាងខាងលើ គ្រាន់តែជាផ្នែកមួយនៃអបិយជំនឿ ប៉ុណ្ណោះ ក្រោយទទួលពាក្យបណ្ដឹង សមត្ថកិច្ចក៏បានខិតខំ ធ្វើការស្រាវជ្រាវផងដែរ តែនៅតែរក មិនឃើញ៕

ដោយ ៖ ដារ៉ា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]