ឌូបៃ៖ ជាការសោកស្តាយមួយសម្រាប់ក្រុមជម្រើសជាតិ គោព្រៃកម្ពុជា ដែលទទួលបរាជ័យជាថ្មីម្តងទៀត កាលពីយប់មិញ ក្នុងជំនួបមិត្តភាពអន្តរជាតិ ទល់នឹងក្រុមអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផលចាស់ដៃ ៧-២ នៅកីឡដ្ឋានក្នុងទីក្រុងឌូបៃ។

២គ្រាប់របស់ក្រុមជម្រើសជាតិ ដែលស៊ុតចូលពីយប់មិញនេះ ធ្វើឡើងដោយខ្សែប្រយុទ្ធ២រូប គឺកីឡាករ ឃួន ឡាបូរ៉ាវី និង កែវ សុខផេង ខណៈ ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ទទួលបានពិន័យប៉េណាល់ទីរហូតដល់៣គ្រាប់ និងកីឡាករកម្ពុជាយើងមួយរូប ភ្នាត់ស្នៀតស៊ុតចូលទីខ្លួនឯងមួយគ្រាប់ បណ្តោយឲ្យគូប្រកួតដាក់សម្ពាធ និងមានឱកាសស្វែងរកគ្រាប់បាល់បានជាច្រើនគ្រាប់។

គួរបញ្ជាក់ផងថា បរាជ័យយប់មិញនេះ ក្រុមជម្រើសជាតិកម្ពុជា បានអវត្តមានកីឡាករសំខាន់ៗ៤រូប ដោយសារតែពួកគេសុទ្ធតែមានធុរៈសំខាន់ផ្ទាល់ខ្លួន មិនបានចូលរួមក្រុម។

ក្នុងនោះមានដូចជា កីឡាករ ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី មិនមានឈ្មោះក្នុងបញ្ជី ដោយសារបញ្ហារបួស ទើបតែបានធូរស្រាលថ្មីៗនេះទេ ចំនែកឯកីឡាករ ប្រាក់ មុន្នីឧត្តម វិញមានធុរៈផ្ទាល់ខ្លួន ជិតដល់ថ្ងៃរៀបការ មិនអាចទៅប្រកួតបាន តែយ៉ាងណាមិញ កីឡាកររូបនេះក៏បានសម្តែងការសោកស្តាយ និងសុំទោសអ្នកគាំទ្រផងដែរ។

ដោយឡែក ខ្សែបម្រើស្លាបស្តាំ ឈិន ឈឿន វិញ បានត្រឹមមើលក្រុមជម្រើសជាតិ តាមទូរស័ព្ទដៃ ពីផ្ទះរបស់ខ្លួន ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះ ឈិន ឈឿន មានអាការៈមិនស្រួលខ្លួន ទើបបណ្តាលឲ្យខកខានបែបនេះ។ តែយ៉ាងណាក៏ដោយ ខ្សែបម្រើរូបនេះ ក៏បានផ្តាំផ្ញើ និងជូនពរទៅកាន់ក្រុមជម្រើសជាតិរបស់ខ្លួនផងដែរ៕ 

រូបភាព៖ Cam Sport

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]