អ្នកណាៗ ក៏ចង់មាន ចង់បាន លើគំនរមាសប្រាក់លុយកាក់ មានផ្ទះធំ មានឡានទំនើបជិះដែរ។ ប៉ុន្តែ ជាក់ស្តែង មិនមែន មនុស្សគ្រប់ៗគ្នាមានសំណាង ដល់ថ្នាក់នេះនោះទេ ពីព្រោះទ្រព្យសម្បត្តិទាំងនោះ មិនមែនបានដោយទទេរៗឡើយ ផ្ទុយទៅវិញ វាកើតចេញពីការខិតខំ ប្រឹងប្រែងតស៊ូ យ៉ាងសស្រាក់សស្រាំ របស់មនុស្សទៅវិញទេ។

ទន្ទឹមនឹងនោះដែរ លោក Mark Zuckerberg ដែលជាអ្នកសរសេរកម្មវិធី និងជាស្ថានិករបស់ Facebook បានក្លាយជាមហាសេដ្ឋី ទាំងវ័យក្មេង ជាពិសេស មនុស្សម្នាក់ៗ មានការកោតសរសើរ និងប្រាថ្នាចង់បានជីវិតជាអ្នកមានវ័យក្មេង ដូចលោកជាខ្លាំង។ បើគ្រាន់តែគិតសាមញ្ញៗ ក៏យើងអាចនិយាយបានថា ផ្ទះដែលមហាសេដ្ឋីនេះ កំពុងរស់នៅ ប្រាកដជាស្រស់ស្អាត មានភាពទំនើប សម្ភារៈច្រើន ពេញនិយម និងធំមហិមា ជាក់ជាមិនខាននោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញវាហាក់ដូចជា មិនដូចតាមការគិត របស់មនុស្សភាគច្រើនទាល់តែសោះ។ 

លោក Mark Zuckerberg ធ្លាប់បានធ្វើការបង្ហោះវីដេអូមួយ នៅលើបណ្តាញសង្គម ដែលលោកបានបង្ហាញអំពី ឧបករណ៍បច្ចេកវិទ្យាបង្កើតថ្មីមួយក្នុងផ្ទះ ឈ្មោះចាវីស (Jarvis)។ នៅអំឡុងពេលដែលលោក និយាយរៀបរាប់អធិប្បាយអំពី ភាពវ័យឆ្លាតដ៏អស្ចារ្យ របស់ឧបករណ៍បង្កើតថ្មីនោះ លោក Mark បានដើរថតជុំវិញ បរិវេណផ្ទះរបស់គាត់។

វាគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលយើងសង្កេតឃើញថា ផ្ទះរបស់មនុស្សលំដាប់ មហាសេដ្ឋីនេះ បែរជាមានសភាពធម្មតា បែបសាមញ្ញៗទៅវិញ។ បើតាមឃើញក្នុងបន្ទប់នីមួយៗ តាមរយៈវីដេអូឃ្លីបរបស់ Mark យើងឃើញមានសភាពរៀបចំតុបតែង ដោយសម្ភារៈតិចតួច មិនមានសភាពស្អេកស្កះ អ្វីទាល់តែសោះ។ និយាយរូម គឺផ្ទះរបស់ Mark មានសម្ភារៈមិនច្រើនទេ ហើយនិងមានលក្ខណៈសាមញ្ញបំផុត។ 

ផ្ទះរបស់លោក Mark Zuckerberg បង្ហាញជូនអ្នកទស្សនាក្នុងវីដេអូ គឺពិតជាផ្ទះដែលលោករស់នៅសព្វថ្ងៃ ជាមួយគ្រួសារ នៅឯទីក្រុង Palo Alto ក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ លោក និងគ្រួសារ បានចំណាយប្រាក់ទិញផ្ទះមួយនោះ ក្នុងតម្លៃ ៧ លានដុល្លារអាមេរិក ប៉ុន្មានឆ្នាំកន្លងមកហើយ។ ជាពិសេស ផ្ទះនោះហាក់ដូចជារក្សាសភាពដដែល តាំងតែពីពេល Mark រើមករស់នៅដំបូងមកម្ល៉េះ ដោយលោកហាក់ដូចជាមិនបានតុបតែង ឬរៀបចំតុបតែងផ្ទះនោះថែមច្រើនឡើយ។

ថ្វីត្បិតតែលោក Mark Zuckerberg និងភរិយា រស់នៅលើគំនរលុយកាក់យ៉ាងច្រើនលើសលុបពិតប្រាកដមែន ក៏ពួកគេទាំងពីរ មិនចំណាយប្រាក់ លើសម្ភារៈ ឬរបស់ថ្លៃៗឡើយ ផ្ទុយទៅវិញ ពួកគេសុខចិត្តចំណាយប្រាក់យកទៅធ្វើការបរិច្ចាកទៅវិញ។ ហេតុនេះហើយ ទើបអ្នកទាំងពីរ ទទួលបានប្រជាប្រិយភាព និងភាពល្បីល្បាញដោយសារតែ ទឹកចិត្តសប្បុរសដ៏អស្ចារ្យ របស់ខ្លួន។ កាលពីឆ្នាំ ២០១០ លោក Mark ក៏បានចុះហត្ថលេខាចូលរូម ជាមួយអង្គការ “The Giving Pledge” ដែលបង្កើតឡើង ដោយមហាសេដ្ឋី Warren Buffet និង Bill Gates ផងដែរ។

លើសពីនេះទៅទៀតនោះ លោក Mark និងភរិយា កំពុងតែមានគំរោងផ្តល់ជូន ភាគហ៊ុនក្រុមហ៊ុន Facebook ចំនួន ៩៩% ចេញថែមទៀតផង ដោយហ៊ុនទាំងនោះមានតម្លៃស្មើនឹង ៤៥ ពាន់លានដុល្លារអាមេរិកឯណោះ! 

គួរបញ្ជាក់ផងដែរថា ឈ្មោះពេញរបស់លោកគឺ Mark Elliot Zuckerberg ដែលលោកកើតនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ១៩៨៤។ គាត់មានសញ្ជាតិ អាមេរិក ជាពិសេសគាត់ជា អ្នកសរសេរកម្មវិធីកុំព្យូទ័រ ជាសហគ្រិនខាងប្រព័ន្ធអ៊ិនធើណេត និងជាសប្បុរសជនដ៏អស្ចារ្យម្នាក់។ លោក Mark Zuckerberg ត្រូវបានមនុស្សទូទាំងពិភពលោកស្គាល់ ដោយសារតែលោកគឺជា នាយកប្រតិបត្តិការ ជាប្រធានក្រុមហ៊ុន និងជាស្ថាបនិកនៃក្រុមហ៊ុន Facebook ។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Mark Zuckerberg មានតម្លៃប្រមាណជា ៥០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបានធ្វើឲ្យលោកជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងតារាងអ្នកមានទ្រព្យសម្បត្តិច្រើនរបស់ពិភពលោក បើគិតមកទល់នឹងខែធ្នូ ឆ្នាំ ២០១៦ កន្លងទៅនេះ។

បើក្រឡេកមករឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់ លោក Mark Zuckerberg វិញនោះ គឺលោកមានប្រពន្ធឈ្មោះ Priscilla Chan ដែលពួកគេបានជួបគ្នាដំបូង ក្នុងពិធីជប់លៀងសមាគម កាលពីលោកកំពុងរៀនឆ្នាំទី ២ នៅសាកលវិទ្យាល័យ Harvard។ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១២ ពួកគេទាំងពីរ បានរៀបការនឹងគ្នា ក្នុងសួនច្បារក្រោយផ្ទះ និងជាពិធីអបអរការបញ្ចប់សិក្សារបស់ Priscilla Chan ផងដែរ។ មកទល់នឹងពេលនេះលោក Mark និងភរិយា មានកូនស្រីម្នាក់ឈ្មោះ Maxima Chan Zuckerberg (“Max”) និងមានឈ្មោះជាភាសាចិន Chen Mingyu ។

សរុបមកលោក Mark Zuckerberg ពិតជាសក្តិសមនឹងក្លាយជាគំរូ សម្រាប់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដទៃទៀតណាស់ ជាពិសេស គឺជាគំរូរបស់មនុស្សគ្រប់ៗគ្នាតែម្តង ដោយលោកមិនចំណាយក្រាក់កាក់ខ្ជះខ្ជាយឡើយ ហើយបែរជាមក ខិតខំបរិច្ចាគទៅវិញ។ មិនត្រឹមតែជា មហាសេដ្ឋីវ័យក្មេងជាងគេបង្អស់ប៉ុណ្ណោះទេ លោកគឺជាមនុស្សដែលមានទឹកចិត្តល្អបរិសុទ្ធ ប្រកបទៅដោយគុណធម៌ និងភាពកក់ក្តៅ ដែលមនុស្សគ្រប់ៗគ្នាស្រលាញ់ និងកោតសរសើរយ៉ាងក្រៃលែង៕

ប្រភព៖ Bright Side | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]