រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា សមត្ថកិច្ចកំពុងឡោមព័ទ្ធនិងរង់ចាំដីកាចូលឆែកឆេរនៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតលើផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់អ្នកភូមិបានប្រទះឃើញរថយន្តឡិចស៊ីសRX330មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2Z-5264 បានចតចោលក្បែរផ្ទះវីឡាតាំងពីថ្ងៃទី០៩ មករា រហូតដល់ថ្ងៃទី១២ មករា នេះ នៅមិនទាន់ឃើញម្ចាស់មកយកចេញវិញ ។

ទន្ទឹមនឹងការភ្ញាក់ផ្អើលនេះដែរ មានគេអះអាងថា ផ្ទះវីឡាខាងលើ និងរថយន្តឡិចស៊ីសនេះ គឺជារបស់នារីម្នាក់ ដែលគេស្គាល់ថា ជាស្រីស្នេហ៍របស់បុរសចំណាស់ជាអាណិកជនខ្មែរម្នាក់ នៅសហរដ្ឋអាមេរិក ដោយគាត់បានទិញផ្ទះវីឡានោះទុកឱ្យនាងស្នាក់។រីឯរថយន្តឡិចស៊ីស330 គេឧហ្សាហ៍ឃើញបុរសវ័យក្មេងម្នាក់ទៀតជិះនិងចេញ-ចូលក្នុងផ្ទះវីឡាជាញឹកញាប់ ដែលគ្រប់គ្នាសង្ស័យ «អាចជាប្រុសសហាយរបស់នារីរូបនោះ» ។

រឿងដែលនាងក្មេងនេះមានប្រុសសហាយទៀត ក៏បានដឹងដល់បុរសអាណិកជននោះ ក៏បានឱ្យបុរសម៉ូតូឌុបជួយតាមដាននាងគ្រប់សកម្មភាព ។ ដំណឹងថានាងមានប្រុសសហាយជាការពិត ត្រូវគាត់ជិះយន្តហោះមកស្រុកខ្មែរដើម្បីជួបនាង ។ លុះនៅព្រឹកថ្ងៃទី០៩ មករា គេបានឃើញបុរសអាណិកជនជិះម៉ូតូកង់៣មក ដោយបានដើរចូលទៅក្នុងផ្ទះវីឡាបាត់ខ្លួនតាំងពេលនោះមក ។ ហើយគេឃើញនារីនិងបុរសម្នាក់ទៀតជិះរថយន្តមួយគ្រឿងបើកភ្លើងទាំងថ្ងៃ ចេញពីផ្ទះវីឡានោះនៅថ្ងៃនោះដែរ ដោយបានទុករថយន្តឡិចស៊ីសRX330ចោលតាំងពីពេលនោះមកដែរ ។

ដូច្នេះ ហេតុការណ៍ទាំងអស់ ត្រូវបានគេភ្ញាក់ផ្អើល និងសង្ស័យថា អាចមានរឿងអ្វីមួយនៅក្នុងផ្ទះវីឡានោះហើយ ព្រោះក្នុងផ្ទះនោះបើកភ្លើងចោលរហូត ចំណែកតាអាណិកជន ក៏បានបាត់ខ្លួននៅក្នុងផ្ទះនោះដែរ ។ ប្រភពចុងក្រោយថា បុរសអ្នករត់ម៉ូតូឌុបដែលត្រូវតាអាណិកជនពឹងឱ្យជួយតាមដាននាងនេះ ក៏បានចេញមកប្រាប់ពីដំណើររឿងទៅសមត្ថកិច្ចដែរ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]