ឥណ្ឌា៖ ក្មេងប្រុសតូចអាយុ ២ឆ្នាំម្នាក់ បានរងរបួស រលាកអស់មួយចំហៀងមុខ បន្ទាប់ពីត្រូវបុរសម្នាក់ចាប់ស្រោចទឹកអាស៊ីតលើផ្ទៃមុខ ក្រោយពេលម្តាយក្មេងតូចនេះ បានបដិសេធមិនព្រមរៀបការជាមួយខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧។

ក្មេងប្រុសតូចនេះ មានឈ្មោះថា Aditya Raj រូបគេត្រូវបានបុរសម្នាក់ដែលតាមស្រលាញ់ម្តាយរបស់គេ ចាប់យកទៅធ្វើបាប និងស្រោចទឹកអាស៊ីតពីលើ បន្ទាប់មកបានយកទៅបោះចោលនៅក្នុងធុងសំរាមមួយ ដើម្បីជាការសងសឹក ចំពោះការបដិសេធមិនព្រមរៀបការ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសតូចនេះ ត្រូវបានគេរកឃើញនៅប៉ុន្មានថ្ងៃបន្ទាប់ពីបាត់ខ្លួន និងត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យ ដោយមានស្នាមរលាកនៅលើផ្ទៃមុខខាងឆ្វេង ប្រមាណ២០ភាគរយ ហើយប្រឈមនឹងការបាត់បង់ភ្នែកមួយចំហៀងថែមទៀតផង។ 

នាង Soni Prasad អាយុ២៥ឆ្នាំ ត្រូវជាម្តាយបានទួញយំជាខ្លាំង បន្ទាប់ពីដឹងរឿងនេះ នាងបាននិយាយថា “ខ្ញុំមិនអាចមើលកូនប្រុសរបស់ខ្ញុំបានទេ។ ខ្ញុំមិនអាចជឿបានទេថា គេបានរងរបួសធ្ងន់បែបនេះ។ ខ្ញុំមិនដឹងថា ខ្ញុំត្រូវធ្ចើអ្វីនោះទេ គេជាកូនប្រុសរបស់ខ្ញុំ ហើយខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់”។

នាងបានប្រាប់ប្តីរបស់នាង គឺលោក Jamna អាយុ៣៣ឆ្នាំ ជាកម្មករមួយរូប រស់នៅក្នុងទីក្រុង New Delhi ថា មានបុរសរស់នៅក្នុងភូមិជាមួយគ្នាម្នាក់ បានតាមស្រលាញ់ និងយាយីនាង ចាប់តាំងពីដើមឆ្នាំមុន។ ទោះបីជាគេដឹងច្បាស់ថា នាងបានរៀបការរួចទៅហើយក៏ដោយ ក៏បុរសដែលមានឈ្មោះ Mangal អាយុ២៧ឆ្នាំនោះ នៅតែព្យាយាមសុំនាងរៀបការ ហើយចាកចេញពីប្តីរបស់នាង។

នាង Soni Prasad បាននិយាយថា “ខ្ញុំបានព្យាយាមបដិសេធសំណើររបស់គេជានិច្ច ប៉ុន្តែគាត់មិនព្រមឈប់នោះទេ។ គាត់ពិតជាគួរឲ្យខ្លាចខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ភ័យខ្លាចបុរសនោះធ្វើអ្វីមួយមកលើខ្ញុំ នៅពេលដែលប្តីខ្ញុំទៅធ្វើការឆ្ងាយបាត់”។ 

ដោយមានការភ័យខ្លាច កាលពីខែកក្កដា ឆ្នាំ២០១៦ គ្រួសារមួយនេះក៏បានរើទៅរស់នៅក្នុងស្រុក Shanti Nagar ទីក្រុង Gurugram វិញ។ ប៉ុន្តែកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ក្មេងប្រុសតូច Aditya ក៏បានបាត់ខ្លួន ខណៈពេលដែលគេកំពុងតែលេងនៅខាងក្រៅផ្ទះ។ នាង Soni មានការបារម្ភជាខ្លាំង នាងបានប្តឹងប៉ូលិស និងប្រាប់មិត្តភក្តិ ឲ្យជួយតាមរកកូនរបស់នាងផងដែរ។ នាង Soni បាននិយាយថា “ខ្ញុំមានអារម្មណ៍យ៉ាងប្រាកដថា Mangal ជាអ្នកចាប់ជំរិតកូនប្រុសរបស់ខ្ញុំ ព្រោះគាត់ចង់សងសឹក”។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃបន្ទាប់ ក្មេងប្រុសតូចត្រូវបានអ្នកបើររថយន្តម្នាក់រកឃើញនៅក្នុងធុងសំរាម បន្ទាប់ពីគាត់បានឈប់នៅជិតនោះ ហើយឮសូរសំឡេងក្មេងយំ។ បច្ចុប្បន្នក្មេងប្រុសតូច Aditya កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយគេត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យជាច្រើនសប្តាហ៍ ហើយប្រឈមនឹងការបាត់បង់ភ្នែកមួយចំហៀងថែមទៀតផង។

ក្រោយកើតហេតុ យោងតាមវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាព បុរសម្នាក់ឈ្មោះ Govind Ram Das អាយុ២០ឆ្នាំ ជាកសិករនៅក្នុងក្រុង Gurugram ត្រូវបានឃាត់ខ្លួនលើករណីវាយប្រហារមួយនេះ ខណៈ Mangal កំពុងត្រូវបានប៉ូលិសតាមចាប់ខ្លួន ដោយមានជាប់ទាក់ទងនឹងករណីខាងលើ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]