ថៃ៖ ប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទាត់នៅប្រទេសកម្ពុជា ប្រាកដជាបានជ្រាបដឹងអស់ហើយ អំពី ការសម្រេចចិត្តរបស់ខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជា កីឡាករ ធារី ចន្ថាប៊ីន ដែលបានចុះកិច្ចព្រមព្រៀង យល់ព្រមផ្ទេរទៅលេងឲ្យក្លិប Krabi FC នៅលីកទី២ ប្រទេសថៃ។

ទាក់ទងនឹងការផ្ទេរនេះដែរ គួររំលឹកផងដែរថា កាលពីដើមខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ធារី ធ្លាប់បានទៅធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាព ជាមួយក្លិប Krabi FC មួយលើកហើយ ថែមទាំងទទួលបានការពេញចិត្តពីគ្រូបង្វឹក និងទទួលបានសំណើរទៀតផង ប៉ុន្តែកាលនោះ ធារី មិនទាន់សម្រេចចិត្ត។

លុះក្រោយមកទៀត កាលពីចុងឆ្នាំ២០១៦ កន្លងទៅ ធារី ក៏បានឈានទៅដល់ការសម្រេចចិត្ត ដោយបានប្រកាសនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «បន្ទាប់ពីការរងចាំប្រាប់អ្នកពីដំណឹងមួយនេះ ខ្ញុំអាចប្រាប់បានហើយថា ខ្ញុំបានធ្វើការចុះកុងត្រាជាមួយ Krabi Football Club - สโมสรฟุตบอลกระบี่ នៅឯប្រទេសថៃ! ខ្ញុំពិតជាមានភាពរីករាយណាស់ដែលអាចឈានទៅដល់គោលដៅមួយរបស់ខ្ញុំបាន វាប្រៀបដូចជាអំណោយឆ្នាំថ្មី ២០១៧ អីចឹង។ វាជាការប្រកួតប្រជែង ហើយនិងជាការបោះជំហានដ៏ធំមួយសម្រាប់ខ្ញុំផងដែរ ខ្ញុំបានត្រៀមចិត្តកាយរួចជាស្រេចដើម្បីឱកាសដែលខ្ញុំទទួលបាននេះ!!

សូមថ្លែងអំណរគុណជាអនេកសម្រាប់ការបន្តគាំទ្ររូបខ្ញុំ ក៏ដូចជាការលើកចិត្តឱ្យខ្ញុខិតខំពុះពារទៅមុខ។ ខ្ញុំពិតជារំភើបចំពោះបទពិសោធន៍ទាំងនេះ ទាំងការសិក្សាពីអ្វីថ្មីៗហើយនាំយកវាមកកម្ពុជា។ ខ្ញុំនឹងមិនអាចបំភ្លេចបានពីការឈរឈ្មោះលេងសម្រាប់ប្រទេសយើង ហើយខ្ញុំក៏សង្ឈឹមដែរថានឹងអាចត្រឡប់មកវិញនៅពេលក្រោយផងដែរ!» ។ ដំណឹងមួយនេះ បានធ្វើឲ្យបងប្អូនអ្នកគាំទ្រយើង ភ្ញាក់ផ្អើលជាខ្លាំង គួបផ្សំនឹង ការគាំទ្រនូវការសម្រេចចិត្តរបស់កីឡាកររូបនេះផងដែរ ។ 

ទន្ទឹមនឹងនេះដែរ ក្រោយពីបានប្រកាសដំណឹងនេះរួចហើយ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ធារី ក៏បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃ ដើម្បីទៅបំពេញកិច្ចព្រមព្រៀង និងចុះកុងត្រាជាមួយក្លិប Krabi FC ជាផ្លូវការ។

គួរបញ្ជាក់ផងដែរថា Krabi FC គឺជាក្លិបមួយ ដែលមានមូលដ្ឋានស្ថិតក្នុងខេត្ត Krabi ប្រទេសថៃ បង្កើតឡើងដំបូងនៅក្នុងឆ្នាំ២០០៩ ដែលគ្រប់គ្រងដោយលោក Somkiat Kittitarakul ជាម្ចាស់ក្លិប។

ក្លិបដែលមានរហស្សនាមថា ឥន្រ្ទីយ៍អាដាម៉ាន់ មួយនេះ បច្ចុប្បន្នកំពុងលេងនៅក្នុងលីកទី២ នៃក្របខ័ណ្ឌបាល់ទាត់ប្រទេសថៃ ហើយក៏ធ្លាប់គ្រងតំណែងជើងឯក តាមតំបន់មួយលើកផងដែរ កាលពីឆ្នាំ២០១១។ 

ទាក់ទងនឹងលីកប្រទេសថៃនេះដែរ បង្កើតឡើងដំបូងនៅឆ្នាំ១៩៩៧ ដោយដំបូងឡើយមានក្លិបចំនួន១៦ក្រុម ចូលរួមប្រកួតប្រជែង ប៉ុន្តែរហូតមកដល់ឆ្នាំ២០១១ សហព័ន្ធក៏បង្កើនចំនួនក្លិបបន្ថែមទៀត ឡើងដល់១៨ក្រុម ដែលជារៀងរាល់រដូវកាល មានការប្រកួតសរុបចំនួន៣៤ប្រកួត លេង២ជើង ។ គួរបញ្ជាក់បន្ថែមទៀតថា ដំបូងឡើយ លីកទី២ របស់ថៃ ឈ្មោះថា Division 2 ប៉ុន្តែទើបតែឆ្នាំ២០១៧ នេះទេ ទើបសហព័ន្ធបានប្តូរឈ្មោះមកជា Thai League 2 វិញ។

ចំពោះក្លិបដែលទទួលបានជើងឯក និងស្ថិតក្នុងចំណាត់ថ្នាក់ Top 3 នឹងត្រូវបាន ឡើងទៅលេងនៅលីកកំពូលថៃ ចំនែកក្លិបដែលមានពិន្ទុតិច ជាងគេ ៤ក្រុម ពោលគឺបាតតារាង នឹងត្រូវធ្លាក់មកលេង ទៅលីកទី៣ ដែលនេះជាច្បាប់របស់សហព័ន្ធបាល់ទាត់របស់ប្រទេសថៃ បានដាក់កំណត់។

ក្នុងនោះដែរក្លិបដែលឈ្នះពាន លីកទី២នេះ ច្រើនជាងគេ គឺក្លិប Police United ឈ្នះរហូតដល់ទៅ៤ដង ខណៈជើងឯកឆ្នាំមុន ឆ្នាំ២០១៦ បានទៅលើក្លិប Thai Honda ហើយចំនែកឯ Krabi FC វិញមិនដែលមានប្រវត្តិឈ្នះពាននេះនៅឡើយទេ ប៉ុន្តែពួកគេ ធ្លាប់ឈ្នះពានតាមតំបន់មួយលើក កាលពីឆ្នាំ២០១១។   

ក្រឡេកមកចាប់អារម្មណ៍ កីឡាករ ធារី ចន្ថាប៊ីន ខ្សែបម្រើរបស់ក្រុមជម្រើសជាតិកម្ពុជាយើងវិញ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងជាមួយ Krabi FC រួចរាល់ហើយ កីឡាកររូបនេះ ក៏បានចាប់ផ្តើមធ្វើការហ្វឹកហាត់ជាមួយក្លិបផងដែរ នៅក្នុងកីឡដ្ឋាន Krabi Provincial Stadium ដែលជាទឹកដីរបស់ក្លិបផ្ទាល់ អាចផ្ទុកចំនួនអ្នកទស្សនាបាន ៦ពាន់នាក់ ។

ចំពោះកីឡាករដែលជាសមាជិករបស់ក្លិប Krabi FC វិញ គឺមិនមែនមានតែជនជាតិថៃសុទ្ធនោះទេ ពោលក៏មានកីឡាករមកពីបរទេសជាច្រើននាក់ផងដែរ ដែលក្លិបបានទាក់ទងនាំមក ក្នុងនោះមានដូចជា ប្រេស៊ីល កាមេរ៉ូន កូតឌីវ័រ ជប៉ុន ជាដើម និងជាពិសេសនោះគឺ ធារី មកពីប្រទេសកម្ពុជា។ 

ក្នុងឱកាសផ្ទេរទៅលេងឲ្យក្លិបលីកទី២ នៅថៃ ធារី ចន្ថាប៊ីន ធ្លាប់បានថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុកផងដែរថា «វាគឺជាឱកាសដ៏ល្អមួយសម្រាប់ពួកយើង និងសម្រាប់កីឡាករមកពីតំបន់អាស៊ានផ្សេងៗទៀត » ។

កីឡាការកូនកាត់ខ្មែរ-បារាំង វ័យ២៥ឆ្នាំ បានបន្តទៀតថា «ខ្ញុំមកទីនេះគឺចង់ពង្រឹងសមត្ថភាព និងគុណភាពខ្លួនឯង ហើយគោលដៅរបស់ក្លិបឆ្នាំថ្មីនេះ ត្រូវប្រជែងយ៉ាងណា ដើម្បីបានទៅលេងនៅលីកកំពូល។ ដោយឡែកមួយវិញទៀត ស្តង់ដារនិងកម្រិតបាល់ទាត់នៅទីនេះ គឺមានភាពប្រសើរជាងនៅលីកកម្ពុជា ព្រោះនៅទីនេះមានក្រុមល្អៗ ខ្លាំងៗច្រើនធ្វើការប្រកួតប្រជែង ខណៈកម្ពុជា មានតែ៣ ទៅ៤ក្លិប ប៉ុណ្ណោះដែលមានកម្រិតល្អ និងខ្លាំងក្នុងការប្រកួតប្រជែង»

យ៉ាងណាមិញ ទាក់ទងនឹងក្រុមជម្រើសជាតិកម្ពុជា ធារី បានបន្ថែមទៀតថា «ខ្ញុំបាននិយាយជាមួយសហព័ន្ធបាល់ទាត់កម្ពុជារួចរាល់ហើយ ជាមួយអនាគតខ្ញុំជាមួយក្រុមជម្រើសជាតិ។ ប្រសិនជាខ្ញុំមានឱកាសអាចចួលរួមក្រុម ក្នុងការប្រកួតជម្រុះពានរង្វាន់ Asian Cup បាន សហព័ន្ធនឹងកោះហៅខ្ញុំ នៅខែមីនា ខាងមុខនេះ»

ជាចុងក្រោយ ធារី ក៏បានថ្លែងអំណរគុណទៅកាន់បងប្អូនអ្នកគាំទ្រកម្ពុជា ដែលតែងតែគាំទ្រកន្លងមកនេះ  ហើយបានលើកឡើងថា នឹងមកលេងឲ្យកម្ពុជាម្តងទៀតនាថ្ងៃអនាគតទៀតផង៕  

ប្រភព៖ Wikipedia | Krabi FC Facebook | PPP

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]