បរទេស៖ សារព័ត៌មាន CNN បានចុះផ្សាយកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ថា ក្រុមហ៊ុន Apple បានកាត់ប្រាក់ខែរបស់ លោក Tim Cook នាយកប្រតិបត្តិនៃក្រុមហ៊ុន Apple ចំនួន១៥ភាគរយ សម្រាប់ឆ្នាំ២០១៦ បន្ទាប់ពីមិនអាចសម្រេចផែនការលក់របស់ក្រុមហ៊ុនបាន។

លោក Tim Cook បានទទួលប្រាក់ខែ និងប្រាក់បន្ថែមលើកទឹកចិត្តសរុបចំនួន ៨,៧លានដុល្លារប៉ុណ្ណោះ សម្រាប់ឆ្នាំ២០១៦ បន្ទាប់ពីលោកធ្លាប់ទទួលបានចំនួន ១០,៣លានដុល្លារកាលពីឆ្នាំ២០១៥។

នាយកគ្រប់គ្រងផ្សេងទៀតនៃក្រុមហ៊ុន Apple ក៏ត្រូវបានខាងក្រុមហ៊ុនកាត់ប្រាក់ខែរបស់ពួកគេដែរ ក្នុងចំនួន ៩.៦ភាគរយ ខណៈលោក Tim Cook ត្រូវបានក្រុមហ៊ុនកាត់ចំនួន ១,៦លានដុល្លារ បន្ទាប់ពីការលក់ និងប្រាក់ចំណូលក្រុមហ៊ុនបានធ្លាក់ចុះ កាលពីឆ្នាំមុន។

នាយកគ្រប់គ្រងផ្សេងៗទៀត ដែលរួមទាំងលោក លូកា មេស្ទ្រី (Luca Maestri) ប្រធានគ្រប់គ្រងហិរញវត្ថុ និង លោកស្រី អ៊ែនជែលឡា អារេន (Angela Ahrendts) អនុប្រធានគ្រប់គ្រងការលក់រាយរបស់ក្រុមហ៊ុននេះ បានទទួលប្រាក់ខែជិត ២៣លានដុល្លារ ក្នុងម្នាក់ៗ ដោយធ្លាក់ចុះពីចំនួនប្រាកខែជិត ២៥លានដុល្លារ កាលពីឆ្នាំ២០១៥។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Apple បានបង្ហាញថា ការលក់ និងប្រាក់ចំណូលរបស់ខ្លួននៅក្នុងឆ្នាំ២០១៦ គឺមានចំនួនត្រឹមតែ ៧,៧ភាគរយ គឺធ្លាក់ចុះ ១៥,៧ភាគរយ បើធៀបនឹងកំណត់ត្រាការលក់ និងប្រាក់ចំណូលក្នុងឆ្នាំ២០១៥។

ការលក់ទូរស័ព្ទ iPhone បានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងរយៈពេលបីត្រីមាស មកនៅត្រឹម ៤៥,៥លានគ្រឿង ក្នុងត្រីមាសខែកញ្ញា។ ការធ្លាក់ចុះនេះ គឺបណ្តាលមកពី ក្រុមហ៊ុន Apple បានប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីស្មាតហ្វូនផ្សេងទៀត ដូចជាក្រុមហ៊ុន Samsung និងក្រុមហ៊ុនមួយចំនួនទៀត ហើយទូរស័ព្ទ iPhone ស៊េរីថ្មី ហាក់មិនទាន់មានលក្ខណៈពិសេសគ្រប់គ្រាន់ ដើម្បីធ្វើការទាក់ទាញអតិថិជនផងដែរ៕ 

ប្រភព៖ CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]