បរទេស៖ បុរសជាឪពុកសញ្ជាតិបង់ក្លាដែសម្នាក់ ដែលមានរហស្សនាមថា "បុរសដើមឈើ" ដោយសារដៃជើងគ្របដណ្តប់ដោយសាច់ដុះដូចឫសឈើនោះ នឹងចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីបានទទួលការព្យាបាល សម្រាប់ជំងឺចម្លែកបំផុតក្នុងពិភពលោកមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TheGuardian ។

លោក Abul Bajandar បានទទួលការវះកាត់យ៉ាងហោចណាស់ ១៦ ដង ដើម្បីកាត់យកដុំសាច់ដុះទម្ងន់ ៥ គីឡូក្រាមដែលចុះចេញពីដៃ និងជើងរបស់គាត់ តាំងពីពេលដែលស្ថានភាពជំងឺរបស់គាត់ បានដឹងទៅដល់វេជ្ជបណ្ឌិត កាលពីមួយឆ្នាំកន្លងទៅ។

ប្រភពព័ត៌មានបានឲ្យដឹងថា អតីតអ្នកអូសឆៃកែវ វ័យ ២៧ឆ្នាំរូបនេះ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៤ នាក់ក្នុងពិភពលោក ដែលកើតមានជំងឺចម្លែកមួយនេះ ជាភាសាបច្ចេកទេសហៅថា Epidermodysplasia Verruciformis។ វាជាប្រភេទជំងឺហ្សែនកម្របំផុត ដោយត្រូវគេហៅថា "ជំងឺមនុស្សដើមឈើ" ដែលបណ្តាលឱ្យគាត់គ្មានសមត្ថភាព សូម្បីបីកូនស្រីអាយុ៣ឆ្នាំរបស់គាត់បាន។ 

លោក Samanta Lal Sen អ្នកសម្របសម្រួលផ្នែកវះកាត់ប្លាស្ទិក នៅមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ Dhaka Medical College បាននិយាយថា "ការព្យាបាលជំងឺឱ្យ Bajandar គឺជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រសុខាភិបាល"។

លោកបាននិយាយបន្ថែមថា "យើងបានធ្វើការវះកាត់លើគាត់យ៉ាងតិច ១៦ ដង ដើម្បីយកសាច់ដុះចេញ។ ដៃ និងជើងរបស់គាត់នៅពេលនេះ ស្ទើរជាសះស្បើយទាំងស្រុងទៅហើយ មិនតែប៉ុណ្ណោះថែមទាំងមានសាច់ឈាមជាងមុនទៀតផង។ ហើយគាត់នឹងចាកចេញពីមន្ទីរពេទ្យ ក្នុងរយៈពេល ៣០ថ្ងៃទៀត បន្ទាប់ពីការវះកាត់តូចៗប៉ុន្មានដងទៀត ដើម្បីធ្វើឱ្យដៃមានសភាពស្អាតបាតវិញ"។

លោក Samanta បានបញ្ជាក់ថា លោកជឿជាក់ថា លោក Abul Bajandar នឹងក្លាយទៅជាមនុស្សទី១ ដែលអាចជាសះស្បើយពីជំងឺដ៏កម្រមួយនេះ ហើយនឹងមិនដុះឡើងវិញនោះទេ។ ខណៈលោក Abul Bajandar បាននិយាយទាំងក្តីរំភើបថា “ខ្ញុំមិនដែលគិតថា ខ្ញុំអាចបីកូនស្រីនៅលើដៃរបស់ខ្ញុំ បានទៀតនោះទេ។ ឥឡូវនេះខ្ញុំមានអារម្មណ៍ប្រសើរជាងមុនច្រើនណាស់។ ខ្ញុំអាចបីកូនស្រីរបស់ខ្ញុំ ដាក់នៅលើភ្លៅ និងលេងជាមួយនាង។ ខ្ញុំពិតជាមិនអាចរង់ចាំការត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញនោះទេ”៕ 

ប្រភព៖ The Guardian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]