អាមេរិក៖ សារព័ត៌មាន Business Insider បានចុះផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នេះថា យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកមួយគ្រឿង Boeing B-52 បានដាច់ម៉ាស៊ីនមួយ ក្នុងចំណោមម៉ាស៊ីនចំនួន៨ ចេញពីតួយន្តហោះ ខណៈកំពុងហោះហើរពីលើមូលដ្ឋានកងទ័ពអាកាស Minot Air Force Base កាលពីថ្ងៃពុធ កន្លងទៅនេះ។

យន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងនេះ មិនមានផ្ទុកគ្រាប់នោះទេ  ក្នុងពេលដែលវាកំពុងធ្វើការហោះហើរហ្វឹកហាត់ នៅក្នុងរដ្ឋ North Dakota ហើយបានចុះចតដោយសុវត្ថិភាព និងគ្មាននរណាម្នាក់នៅលើយន្តហោះបានរងរបួសនោះឡើយ។ នេះបើយោងតាមសម្តីរបស់អ្នកនាំពាក្យកងទ័ពអាកាស។

ប្រភពព័ត៌មានបានឲ្យដឹងថា ដោយសារតែយន្តហោះ B-52 ដំណើរការដោយ ម៉ាស៊ីន Pratt & Whitney TF33-P-3/103 ចំនួន៨គ្រឿង អ្នកបើកយន្តហោះ អាចចុះចតយន្តហោះនេះដោយសុវត្ថិភាព ដោយគ្មានការរងរបួសណាមួយដល់មនុស្សទាំងប្រាំនាក់ដែលនៅលើនោះទេ។

មន្ត្រីអ្នកនាំពាក្យកងទ័ពអាកាស បានឲ្យដឹងថា បន្ទាប់ពីកើតហេតុភ្លាម កងយោធាអាកាស បានបញ្ជូនឧទ្ធម្ភាគចក្រ UH-1N Huey មួយគ្រឿង ទៅកាន់ទីតាំងកើតហេតុ ដើម្បីតាមរកម៉ាស៊ីនដែលដាច់ជ្រុះនោះ ដោយរកឃើញត្រង់កន្លែងដែលមិនសូវមានមនុស្សរស់នៅ ចម្ងាយប្រមាណ៤៦គីឡូម៉ែត្រ ភាគឦសានមូលដ្ឋានកងទ័ពអាកាស Minot Air Force។

ប្រភពព័ត៌មានបានឲ្យដឹងថា មកទល់ពេលនេះ គេនៅមិនទាន់រកឃើញពីមូលហេតុដែលធ្វើឲ្យម៉ាស៊ីនរបស់យន្តហោះទម្លាក់គ្រាប់បែកធន់ធំមួយនេះ ដាច់ជ្រុះនោះទេ ប៉ុន្តែការស៊ើបអង្កេតដើម្បីសុវត្ថិភាពជាដំបូងកំពុងត្រូវបានធ្វើឡើង។

គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែក B-52 មួយនេះ ត្រូវបានដាក់ឲ្យហោះហើរតាំងពីឆ្នាំ១៩៥២មកម្ល៉េះ ហើយត្រូវបានគេរំពឹងថា វានឹងនៅតែប្រតិបត្ដិការរហូតដល់ឆ្នាំ ២០៤០ អាស្រ័យលើពេលវេលាដែលវាត្រូវជំនួសដោយ យន្តហោះជំនាន់ថ្មី Northrop Grumman’s B-21៕ 

ប្រភព៖ Business Insider | Defense News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]