ចិន៖ ប្តីចិត្តសាវ៉ាម្នាក់បានទទួលរងការវាយប្រហារយ៉ាងខ្លាំង ពីសំណាក់ប្រពន្ធ ម្តាយក្មេក និងស្រីកំណាន់របស់ខ្លួន ក៏ព្រោះតែម្តាយក្មេក និងប្រពន្ធរបស់គេបានទម្លាយចូលក្នុងបន្ទប់សណ្ឋាគារ ខណៈពេលដែលពួកគេកំពុងចាប់ផ្តើមប្រតិបត្តិការស្នេហាដ៏រោលរាល។ លើសពីនេះ វត្តមានរបស់ប្រពន្ធ និងម្តាយក្មេករូបនេះ ក៏បានធ្វើឲ្យបែកការណ៍ដឹងថាបុរសម្នាក់នេះមិនមែននៅកំលោះ។

បុរសបង្កហេតុដែលរស់នៅទីក្រុង Quanzhou ភាគខាងកើតនៃខេត្ត Fujian ប្រទេសចិន រូបនេះ បានប្រាប់ទៅកាន់ស្រីកំណាន់របស់គេថា គេជាកំលោះមានទ្រព្យមួយរូប។

យ៉ាងណាមិញ វីដេអូឃ្លីបមួយដែលជាភស្តុតាងបានបង្ហាញអំពីសកម្មភាពរបស់ប្រពន្ធ និងម្តាយក្មេកទម្លាយចូលក្នុងបន្ទប់សណ្ឋាគារនេះ ត្រូវបានគេយកទៅបង្ហោះពេញក្នុងបណ្តាញសង្គមតែម្តង។

នៅក្នុងវីដេអូនោះដែរ គេឃើញមានស្រីកំណាន់ម្នាក់ កំពុងស្ថិតនៅក្នុងសភាពស្រាតមួយកំណាត់ក្រោមនៅឡើយ ហើយនាងក៏កំពុងតែព្យាយាមស្វែងរកសំលៀកបំពាក់ដែលពួកគេបានក្រវែងទៅលើឥតកាលគ្រាមួយនោះដែរ។

ខណៈពេលកើតហេតុ នារីជាប្រពន្ធមានអារម្មណ៍ថាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងគិតតែពីអង្គុយរអ៊ូរទាំ និងទិតៀនប្រុសចិត្តសាវ៉ាដែលជាប្តីរបស់នាងម្នាក់នេះ។ ចំនែកឯម្តាយក្មេកវិញ ក៏មិនធម្មតាដែរ គាត់បានស្រែកជេរបុរសនោះលឺៗដោយការខឹងសម្បារ។ បន្ទាប់មកទៀត គាត់ក៏បានចាប់ផ្តើមប្តូរប្រធានបទ បែរមករកស្រីជើងល្អនេះវិញម្តង។

ប៉ុន្តែអ្វីៗក៏មានការផ្លាស់ប្តូរតិចតួច ដោយសារតែស្រីកំណាន់រូបនេះ ក៏ក្លាយជានារីរងគ្រោះម្នាក់ដែរ។ ភ្លាមៗនោះ នាងបានស្លៀកខោរបស់នាងវិញ រួចក៏ស្រែកដាក់បុរសជើងមួយជិះទូកពីរនោះថា “អ្នកបានរៀបការរួចហើយមែនទេ? ហេតុអ្វីអ្នកប្រាប់ខ្ញុំថាអ្នកនៅលីវអ៉ីចឹង?”

បន្ទាប់មកទៀត ម្តាយក្មេកក៏បានបន្ថែមថា “អាប្រុសជើងល្អហ្នឹង ក្នុងចំណោម១៥ថ្ងៃ មាន១៤ថ្ងៃហើយដែលវាដើរបោកស្រីយកមកដេកនៅអូតែលដូចនេះនោះ”

បន្ទាប់មកទៀត ប្រពន្ធ និងម្តាយក្មេកក៏បានផ្លាស់ប្តូរបរិយាកាសមកមើល ការវាយប្រហាររបស់ស្រីកំណាន់ដ៏កំសត់ មកលើបុរសក្បត់ចិត្តនេះវិញម្តង។ នាងបានវាយគេជាច្រើនដៃ ខណៈពេលបុរសម្នាក់នោះ កំពុងអង្គុយនៅលើកៅអ៉ីធ្វើទឹកមុខយ៉ាងកំសត់។

ហេតុការណ៍មួយនេះ ក៏មានសាក្សីឃើញផ្ទាល់ដល់ក្នុងបន្ទប់ផងដែរ ដែលមានគ្នាប្រហែលជា ៥-៦ នាក់ ក្នុងនោះសុទ្ធសឹងតែជាសាច់ញាតិរបស់ពួកគេទាំងអស់។

ទោះជាយ៉ាងណា រឿងហេតុមួយនេះ មិនមានការប្តឹងផ្តល់ទៅដល់ប៉ូលិសទេ។ ពួកគេគ្រាន់តែដោះស្រាយតាមវិធីសាស្រ្តផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ ហើយគេក៏មិនបានដឹងដែរថានឹងមានរឿងអ្វីកើតឡើងបន្តមកទៀត រវាងបុរសជើងល្អ និង ស្រីកំណាន់រូបឆើតម្នាក់នេះ៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួួយផ្សេងទៀត៖ សាលាចិន បញ្ចេញវិធីសាស្រ្តថ្មី ការពារសិស្សប្រុសស្រី កុំចម្លងគ្នា

ចិន៖ សាលារៀននៅប្រទេសចិនមួយចំនួន កំពុងធ្វើការវិវឌ្ឍនូវឧបករណ៍ការពារការលួចចម្លង តាមរបៀបផ្សេងៗរបស់ពួកគេ។ ស្របជាមួយគ្នានេះដែរ សាលាមូយដែលស្ថិតនៅក្នុងតំបន់ Chuzhou ខេត្ត Anhui ប្រទេសចិន ក៏មានគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនមួយដែរ គឺ មួកក្រដាសកាសែត។

រូបភាពជាច្រើនដែលត្រួវបានថតនៅក្នុងសាលានេះ កំពុងតែល្បីសុះសាយពេញបណ្តាញសង្គម ដែលគេឃើញមានសិស្សប្រហែល៤០នាក់ កំពុងអង្គុយប្រឡង និងមានពាក់មួកក្រដាសកាសែតនៅលើក្បាលរបស់ពួកគេ។

ជាការពិតណាស់ គោលបំណងនៃការធ្វើបែបនេះ គឺចង់បង្ហាញពីភាពស្មោះត្រង់ក្នុងការប្រលង ដោយមិនមានការលួចចម្លងឯកសារ ឬសិស្សចម្លងពីសិស្សគ្នាឯង ក៏ដូចជាដើម្បីឲ្យសិស្សានុសិស្សគ្រប់រូប ព្យាយាមសិក្សារៀនសូត្រ និងអាចប្រលងជាប់ដោយសមត្ថភាពផ្ទាល់ខ្លួន។

លើសពីនេះទៅទៀត ដើម្បីធានាបានថាមិនមានការលួចចម្លង សាលាមួយចំនួនតម្រូវឲ្យសិស្សចេញមកប្រលងនៅក្រៅបន្ទប់ ដែលគណៈគ្រប់គ្រងសាលាអាចឃ្លាំមើលបានតាមរយៈកែងយឹត ឬ Drone ជាដើម។

គួរឲ្យដឹងដែរថា នៅក្នុងប្រទេសចិន ការប្រលងបញ្ចប់ថ្នាក់ឧត្តមសិក្សា គឺពិតជាសំខាន់ណាស់សម្រាប់សិស្សម្នាក់ៗ ដូច្នេះហើយទើបពួកគេទាមទារឲ្យមានការប្រឹងប្រែងយ៉ាងខ្លាំង រហូតដល់មានសិស្សមួយចំនួនហ៊ានលួចចម្លងឯកសាររបស់អ្នកដទៃ ឬលួចប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាផ្សេងៗជាដើម ព្រោះតែពួកគេខ្លាចប្រលងធ្លាក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]