ខេត្តព្រះសីហនុ ៖ សាកសពមនុស្ស២នាក់ ក្នុងនោះបុរសម្នាក់ និងស្ត្រីម្នាក់ ជាជនជាតិអង់គ្លេស ត្រូវគេប្រទះឃើញ ក្នុងរូបភាពចង.ក រួមជាមួយការចងភ្នែក និងចងមាត់នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលករណីនេះពិតជា អាថ៌កំបាំងណាស់ ។
សមត្ថកិច្ចប៉ូលិស បានធ្វើការបញ្ជាក់ថា សាកសពទាំងពីរនាក់ចង.កនឹងក្រមា ជាប់នឹងចំរឹងបង្អួច ដោយជនរងគ្រោះត្រូវ បានរុំមុខជិត និងស្ត្រី តែចងក្រណាត់បិទមាត់ជិត និងដៃទាំងពីរដាក់ក្រោយ ហាក់ត្រូវគេចងយ៉ាងដូច្នេះដែរ ។ ចំណែកឯជនរងគ្រោះ មិនផុតពីកំរាលឥដ្ឋនោះឡើយ ។
ករណី ត្រូវសមត្ថកិច្ចប៉ូលិសការិយាល័យ បច្ចេកទេសស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មិនបានអនុញ្ញាត្តឱ្យ ចូលទៅជិតសាកសព ដើម្បីដឹងពីព័ត៌មានផ្សេងៗឡើយ ។ តែទោះបីយ៉ាងណាក៏ដោយ ត្រូវបានសមត្ថកិច្ចខ្លះលួចខ្សឹបប្រាប់ថា ជាករណីមនុស្សឃាត ហើយសភាពនៃការស្លាប់ ក៏មានលក្ខណៈខុសពីមនុស្សចង.កសម្លាប់ដោយខ្លួនឯងដែរ ។
សាកសពម្នាក់ឈ្មោះ GOLDIE IMOGEN SASKIA ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 460844728 និងម្នាក់ទៀត WELLS JEFFREY ROBERT ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 463487360 ។
បើតាមការបញ្ជាក់ពី ម្ចាស់ផ្ទះជួលឈ្មោះ អ៊ុត ហ្គូអេសំអៀន ឱ្យដឹងថា ជនរងគ្រោះទាំងពីរនឹងត្រូវចាកចេញនៅថ្ងៃទី២៩ ធ្នូ តែពុំបានឃើញយកលុយមកបង់ ហើយមិត្តភក្តិជនរងគ្រោះទូរស័ព្ទមិនចូល ក៏បានមកដល់បន្ទប់ ហើយឃើញជនរងគ្រោះស្លាប់ក្នុងសភាពបែបនេះ ។
ជុំវិញការស្លាប់ ជនបរទេសទាំង២នេះ ត្រូវគេសង្ស័យថា ជាអំពើឃាតកម្ម ដោយសារសពហើមស្អុយរលួយទៅហើយ ព្រោះលើខ្លួនសាកសពមានចងភ្នែក និងចងមាត់ ឯជើងឈរនៅលើការ៉ូបន្ទប់ ។
ទោះបីជាមានការសន្និដ្ឋាន ផ្សេងៗគ្នាយ៉ាងណាក្តី ក៏លោកឧត្តមសេនីយ៍ទោជួន ណារិន្ឋ ស្នងការនគរបាលខេត្ត ព្រះសីហនុបានអះអាងថា បើយោងតាមការពិនិត្យលើខ្លួនសាកសព និងទីតាំងកើតហេតុ ចាប់តាំងពីទទួលព័ត៌មាន រហូតដល់ម៉ោងជាង១០ព្រឹកថ្ងៃទី០២ មករា នេះ ជំហានដំបូង៩០% សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជាករណីអត្តឃាត តែសមត្ថកិច្ចនៅតែធ្វើការស្រាវជ្រាវស៊ើបអង្កេតដដែល។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ ដើម្បីរង់ចាំស្ថានទូតទទួលសាកសពយកទៅធ្វើបុណ្យ ។ សូមបញ្ជាក់ផងដែរថា ជុំវិញករណីនេះ ចំពោះអ្នកសារព័ត៌មាន ពុំត្រូវបានម្ចាស់ផ្ទះ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន មិនអនុញ្ញាត្តឱ្យចូលថតយករូបភាពនោះទេ ។ ដោយក្រុមសមត្ថកិច្ចពាក់ព័ន្ធទាំងនោះបិទទ្វាររបង មិនឱ្យចូល សូម្បីតែឈរមុខបន្ទប់សាកសព ក៏មិនអនុញ្ញាតដែរ ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]