បញ្ហា និងការឈឺចាប់ជាច្រើន រាប់មិនអស់ នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ គឺមិនអាចចៀសរួចផុតបានឡើយ។ ជាការពិតណាស់ ពីព្រោះសុភមង្គល មិនមែនកើតចេញពីជីវិតដែលមិនជួបប្រទះបញ្ហាសោះនោះទេ ផ្ទុយទៅវិញ វាកើតឡើងពីរបៀប ដែលអ្នកដោះស្រាយបញ្ហាទៅវិញទេ។

ហេតុនេះ នៅពេលដែល អ្វីគ្រប់យ៉ាង ហាក់មិនដូចតាមការរំពឹងទុក សូមអ្នកប្រាប់ខ្លួនឯង នូវឃ្លាប្រយោគទាំង ៨ ចំណុច ដូចខាងក្រោមនេះ ដើម្បីឲ្យមានអារម្មណ៍ធូរស្បើយជាងមុន ៖ 

១. ការឈឺចាប់ គឺជាការបន្តដំណើរទៅមុខ

ជួនកាល វាជាពេលវេលាដែលអ្នកត្រូវបន្តដំណើរទៅមុខ។ វាក៏ជារឿងល្អដែរ ព្រោះយើងម្នាក់ៗមិនព្រមធ្វើការផ្លាស់ប្តូរទាល់តែសោះ លុះត្រាតែកាលៈទេសៈបង្ខំ។ នៅពេលដែលពេលវេលាមានតែការលំបាក អ្នកត្រូវចងចាំថា ការឈឺចាប់នោះ ប្រាកដជាមានគោលបំណងអ្វីមួយមិនខាន។ ភាពជោគជ័យ ទាមទារការតស៊ូយ៉ាងខ្លាំងទៅតាមពេលវេលា។ អ្នកត្រូវមានការអត់ធ្មត់ និងមានគំនិតវិជ្ជមាន។ ទន្ទឹមនឹងនោះដែរ ការឈឺចាប់មានពីរ គឺមួយធ្វើឲ្យអ្នកឈឺ និងមួយទៀតធ្វើឲ្យអ្នកផ្លាស់ប្តូរ។ ការឈឺចាប់ទាំង ២ នេះនឹងជួយអ្នកឲ្យកាន់តែរឹងមាំ ប្រសិនបើអ្នកមិនព្យាយាមទប់ទល់នឹងវា រួចបន្តដំណើរទៅមុខ។

២. អ្វីៗគ្រប់យ៉ាងក្នុងជីវិត សុទ្ធតែជាភាពបណ្តោះអាសន្ន

មេឃភ្លៀង គង់តែមានពេលឈប់។ ការឈឺចាប់ របស់អ្នកក៏គង់តែជាសះស្បើយ ពីព្រោះគ្មានអ្វីដែលមានរយៈកាល ជារៀងរហូតនោះឡើយនៅលើលោកនេះ។ ដូច្នេះហើយ ប្រសិនបើឥលូវនេះ អ្នកមានរឿងសប្បាយៗជាច្រើន សូមអ្នកបណ្តោយអារម្មណ៍ឲ្យមានភាពរីករាយទៅតាមនោះទៅ។ ប្រសិនបើអ្នកជួបប្រទះបញ្ហាមិនល្អ ក៏កុំបារម្ភច្រើនពេកអី ពីព្រោះគ្មានអ្វីដែលស្ថិតស្ថេរគង់វង្សនោះទេ។ មិនមែនគ្រាន់តែមានបញ្ហាបន្តិចបន្តួច អ្នកមិនអាចញញឹមបានឯណា។

៣. ការបារម្ភ និងការត្អូញត្អែរ មិនផ្លាស់ប្តូរអ្វីឡើយ

ការដែលអ្នកត្អូញត្អែរកាន់តែច្រើន អ្នកក៏បាត់បង់លទ្ធភាពជោគជ័យកាន់តែច្រើន។ វាជារឿងល្អប្រសើរ ប្រសិនបើយើងធ្វើរឿងអស្ចារ្យមួយ ហើយបរាជ័យជាជាងមិនធ្វើអ្វីសោះ ហើយទទួលបានជោគជ័យ។ ការបាត់បង់ មិនមែនជាចុងបញ្ចប់នៃអ្វីៗទាំងអស់ឡើយ។ ការចំណាយពេលពេញមួយថ្ងៃនេះ ត្អូញត្អែរនឹងបញ្ហាពីម្សិលមិញ គឺមិនបានជួយឲ្យថ្ងៃស្អែកមានរឿងល្អឡើយ។ អ្នកត្រូវចេះរៀនសូត្រពីបញ្ហា រួចធ្វើការផ្លាស់ប្តូរ និងកុំងាករកអតីតកាល។

៤. ស្លាកស្នាមពីការឈឺចាប់ ជានិមិត្តសញ្ញានៃភាពខ្លាំង

កុំមានភាពអាម៉ាស នូវស្លាកស្នាមជីវិត ដែលបន្សល់ពីបញ្ហាផ្សេងៗរបស់អ្នក។ ស្លាកស្នាម នៃការឈឹចាប់ គឺមានន័យថា ការឈឹចាប់ក៏លែងមាន របួសក៏បិទជិតដែរ ឬអាចនិយាយបានថា អ្នកបានឆ្លងកាត់ការឈឹចាប់រួចហើយ រៀនពីបញ្ហារួចហើយ រឹងមាំជាងមុន ហើយក៏បន្តទៅមុខដែរ។ កុំបណ្តោយឲ្យស្លាកស្នាម ទាំងនោះ ទុកអ្នកដូចជាចំណាប់ខ្មាំង និងរស់នៅដោយភាពភ័យខ្លាចឲ្យសោះ។ ថ្វីត្បិតតែយើងមិនអាចបំបាត់ស្លាកស្នាមបាន ប៉ុន្តែអ្នកអាចគិតថាវាជាភាពខ្លាំងរបស់អ្នក និងមិនមែនជាការឈឺចាប់នោះទេ។

៥. គំនិតអវិជ្ជមានរបស់អ្នកដទៃ មិនមែនជាបញ្ហារបស់អ្នកទេ

អ្នកត្រូវតែរក្សាកំនិតវិជ្ជមាន ទោះបីជាគំនិតអវិជ្ជមាន កំពុងតែហ៊ុំព័ទ្ធអ្នកក៏ដោយ។ អ្នកត្រូវតែញញឹម ខណៈអ្នកដទៃព្យាយាមចង់បំបាក់អ្នក។ វាជាវិធីជួយអ្នក ឲ្យរក្សាបាននូវភាពរីករាយ និងការផ្តោតអារម្មណ៍។ រក្សាភាពជាខ្លួនអ្នក ទោះបីអ្នកជុំវិញតាមព្យាបាទអ្នកក៏ដោយមានន័យថា កុំបណ្តោយឲ្យគំនិតអាក្រក់របស់គេ មកផ្លាស់ប្តូរអ្នកឲ្យសោះ។

ទន្ទឹមនឹងនោះដែរ សូមកុំផ្លាស់ប្តូរខ្លួនអ្នក ដោយសារតែចង់បង្អួត ឬទាក់ទាញចំណាប់អារម្មណ៍ ដោយសារតែគេថា អ្នកមិនល្អគ្រប់គ្រាន់ជាដាច់ខាត។ ហេតុនេះ ហើយអ្នកត្រូវគិតបារម្ភពីខ្លួនអ្នកជាមុនសិន មុននឹងទៅខ្វល់ពីការគិតរបស់អ្នកដទៃ។ 

៦. បណ្តោយតាមព្រេងវាសនា

ភាពខ្លាំង នឹងផុសចេញឡើង នៅពេលដែលអ្នកឆ្លងកាត់បញ្ហា និងស្រក់ទឹកភ្នែក ជាច្រើនលើកច្រើនសារ ប៉ុន្តែត្រូវចាំថា អ្នកមិនត្រូវបោះបង់ជីវិតមួយនេះចោល ជាដាច់ខាត។ រឿងល្អៗជាច្រើន តែងតែបង្កប់ នៅក្នុងការតស៊ូ ដែលអ្នកត្រូវប្រឈមមុខ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកមិនអាចបង្ខំ ឲ្យវាកើតឡើងតាមអ្វីដែលអ្នកចង់បានរហូតទេ។ ហេតុនេះ ពេលខ្លះ អ្នកគួរតែបណ្តោយឲ្យវាទៅតាមព្រេង តាមវាសនារបស់វាតែម្តងទៅ។ ជីវិតជាផ្លូវដើរវែងឆ្ងាយណាស់ ហេតុនេះ កុំចំណាយពេលគិតច្រើន បារម្ភច្រើន សង្ស័យច្រើនពេកឲ្យសោះ។

៧. គិតថាអ្នកក៏ធ្លាប់ជម្នះការលំបាកពីអតីតកាលដែរ

ថ្វីត្បិតថា ជីវិតពោរពេញទៅដោយបញ្ហា ប៉ុន្តែរឿងមួយ ដែលអ្នកត្រូវតែរំលឹកខ្លួនឯង នៅពេលប្រឈមមុខនឹងការលំបាកគឺ នឹករកបញ្ហាដែលអ្នកធ្លាប់ដោះស្រាយពីមុនៗមក ពីអតីតកាលមកវិញ។ សូមអ្នកកុំមើលរំលង ការលំបាក ដែលអ្នកឆ្លងកាត់ យ៉ាងជោគជ័យពីអតីតកាលមក ឲ្យសោះពីព្រោះ ប្រសិនបើអ្នករំលឹកវាឡើងវិញ នៅពេលដែលអ្នកកំពុងមានបញ្ហាស្រដៀងនោះ អ្នកនឹងអាចយកឈ្នះ និងមានទំនុកចិត្តលើខ្លួនឯងខ្ពស់។

៨. មិនត្រូវភ្លេចមើលថែខ្លួនឯង

នៅពេលដែលបញ្ហាកើតមានឡើងជាបន្តបន្ទាប់ ក្នុងជីវិត អ្វីដែលអ្នកត្រូវធ្វើចំពោះខ្លួនឯងគឺ មើលថែសុខភាព។ អ្នកត្រូវតែសម្រាកឲ្យបានច្រើនគ្រប់គ្រាន់ ហាត់ប្រាណលំហែអារម្មណ៍ ទទួលទានអាហារដែលមានសុខភាពល្អ និងចំណាយពេលធ្វើសកម្មភាព កម្សាន្តផ្សេងៗផង។ សូមអ្នកកុំចំណាយពេលគិតស្មុគ្រស្មាញ ជាប់រហូតអី។ អ្នកដឹងទេថា ប្រសិនបើអ្នកថែទាំខ្លួន របស់អ្នកដូចជាពេលធម្មតា អ្នកនឹងអាចរឹងមាំជាងមុន ដើម្បីដោះស្រាយបញ្ហាក៏ថាបាន៕ 

ប្រភព៖ Bright Side | Lifehack

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]