ភ្នំពេញ៖ ជារឿងមួយគួរឲ្យសរសើរ ទៅលើភាពក្លាហានរបស់បុរសម្នាក់ បានធ្វើការបើកឡាន ដេញតាមបុក ចោរឆក់៣នាក់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៤៣២ កែងនឹងផ្លូវលេខ១៥៥ ស្ថិតនៅក្នុងសង្កាត់ ទួលទំពូង១ ខណ្ឌចំការមន ដែលជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពឆក់កាបូបនារីម្នាក់ បានសម្រេច ហើយក៏បានជិះម៉ូតូគេចខ្លួនភ្លាមៗ។ ប៉ុន្តែដោយសេចក្តីក្លាហានរបស់ បងប្រុសម្នាក់ បានឃើញហេតុការណ៍នោះ ក៏បានជិះឡាន ដេញតាមចាប់ចោរ រហូតដល់ចំណុចមួយ រូបលោក ក៏បានសម្រេចចិត្តជិះបុកម៉ូតូជនសង្ស័យតែម្តង ទើបអាចចាប់ខ្លួនពួកគេបាន។

ក្រោយពីបានឃើញវីដេអូដេញចាប់ចោរ របស់បងប្រុសម្នាក់នេះហើយ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសបុកជាច្រើននាក់ បានធ្វើការកោតសរសើរពីទឹកចិត្តដ៏ប្រពៃ ដែលខំជួយចាប់ចោរឆក់ បានយ៉ាងស្វិតស្វាញបំផុត៕ ចុះប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសេចក្តីក្លាហានរបស់គាត់? 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីចោរឆក់នេះដែរ គូដណ្តឹងរបស់ តារាកំប្លែង វ៉ាន់ នីឡា ក៏បានចាប់បានចោរភ្លាមៗផងដែរ តែបែរជាដោះលែងទៅវិញ។

លោកផន រង្សី វ័យ២៤ឆ្នាំ ដែលត្រូវជាកូនប្រុស ក្នុងត្រកូលគ្រួសារថៅកែរោងល្ខោន បាសាក់វង់ ភី សុគន្ធធី និងត្រូវជាគូដណ្តឹងរបស់ តារាកំប្លែងប្រចាំនៅស្ថានីយប៉ុសិ៍្ត CTN កញ្ញាវ៉ាន់នីឡាផង បានកើតមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តមួយ មកលើរូបលោកផ្ទាល់ទាំងនឹកស្មានមិនដល់។

គឺមានចោរឈាមរាវថ្លើមពាសមេឃម្នាក់ បានជិះម៉ូតូមកបើក ទ្វារឡានលោកគ្មានញញើត ហើយលូកដៃយកទូរស័ព្ទ ទៅបានដោយសុវត្ថិភាព។ ប៉ុន្តែភ្លាមៗនោះដែរ មិនបង្អង់យូរលោក ផន រង្សី ក៏បានបើកឡានជិះដេញតាមចាប់ ពីក្រោយម៉ូតូចោរនោះ រហូតដល់អាចចាប់ខ្លួនបាន និងបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល ជាបន្ទាន់។ លោករង្សីក៏បានប្រាប់ថា នេះគឺជាលើកដំបូងបង្អស់ផងដែរ នៅក្នុងឆាកជីវិតដែលជួបរឿងបែបនេះ។

អ្វីដែលកាន់តែហួសចិត្តជាងនេះ ទៅទៀតនោះគឺ វាក៏ជាលើកទី១ដែរ របស់ចោរស្ទើរភ្លើងដៃឆើតរូបនេះ ដែលបានចេញមកធ្វើសកម្មភាព ដោយសារតែមានជីវភាពក្រីក្រ ខ្វះខាតពេក។ បន្ទាប់ពីមានការសម្រុះសម្រួល ព្រមទាំងសុំអង្វរឱ្យមានការលើកលែងទោស ពីសំណាក់ឪពុកម្តាយ និងបងប្អូនជនដៃដល់ផងនោះ លោករង្សីក៏បាន សម្រេចចិត្តដោះលែងជននោះ ឱ្យមានសេរីភាពឡើងវិញ ដោយសង្ឃឹមផងដែរថា ជននេះនឹងអាចក្លាយខ្លួនទៅ ជាមនុស្សល្អនៅក្នុងសង្គមដូចគេដូចឯង បន្ទាប់ពីការលើកលែងទោសនាពេលនេះ។

នៅលើគណីយហ្វេសប៊ុករបស់លោក ផន រង្សី ដែលត្រូវជាគូដណ្តឹង របស់តារាកំប្លែង កញ្ញាវ៉ាន់នីឡាបានសរសេររៀបរាប់ថា៖

«លើកទីមួយដែលចោរជិះមូតូមកបើកទ្វាឡានយកទូរសព្ទ័ដៃខ្ញុំ ហើយក៍ជាលើកទីមួយដែលខ្ញុំបានបើកឡានដេញ ចាប់ចោរនោះបាន ដោយសារមានការសុំអោយលើកលែងទោសពី សំណាក់ឪពុកម្តាយ បងប្អូនជនម្នាក់នោះខ្ញំុ ក៍សម្រេចចិត្តដោះលែងគាត់ព្រោះជាលើកទីមួយដែល បុគ្គលម្នាក់នោះធ្វើជាចោរ បែបនេះដោយសារជីវភាពខ្វះខាតពេក សង្ឃឹមថាគាត់ នឹងក្លាយខ្លួនជាមនុស្សល្អ» ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]