ចិន៖ ម្តាយគឺជាអ្នកមានគុណដ៏ធំមិនអាចកាត់ថ្លៃបាន ថ្នាក់ថ្នមកូនគ្រប់ពេលវេលា ទាំងយប់ទាំងថ្ងៃ និងសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យកូនបានសុខ។ យ៉ាងណាមិញស្រ្តីជាម្តាយម្នាក់ នៅក្នុងប្រទេសចិន បានសម្រេចចិត្តស្លៀកពាក់ជាតាណូអែល ដើរលក់ផ្លែប៉ោម នៅតាចិញ្ចើមផ្លូវ ក៏ដើម្បីយកលុយមកព្យាបាលជំងឺមហារីកគ្រាប់ឈាមរបស់កូនប្រុស ដោយមិនខ្មាសអៀនអ្វីបន្តិចឡើយ។

សារព័ត៌មាន CCTV របស់ចិន បានចុះផ្សាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះថា ក្មេងប្រុសម្នាក់ឈ្មោះ Li Jiale អាយុ៧ឆ្នាំ បានផ្តោតក្តីសង្ឃឹរបស់ខ្លួនឆ្នាំនេះទៅលើលោកតា សាន់តាក្លូស តែមិនមែនប្រាថ្នាចង់បានតុក្កតានោះទេ គឺគេចង់ត្រឡប់មកជាក្មេងដែលមានសុខភាពល្អវិញ។

ក្មេងប្រុស Li Jiale ត្រូវបានគេរកឃើញថា មានជំងឺមហារីកគ្រាប់ឈាម នៅអាយុ៣ឆ្នាំ និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងសៀងហៃ។ ក្រោយពីបានបញ្ជូនទៅមន្ទីរពេទ្យ សុខភាពរបស់គេបានប្រសើរឡើងវិញជាបណ្តើរៗ តែគួរឲ្យស្តាយ ពេលនេះជំងឺរបស់គេបានធ្វើទុក្ខសាជាថ្មី ។ 

Li Jiale ត្រូវត្រឡប់ទៅកាន់មន្ទីរពេទ្យជាថ្មីម្តងទៀត នៅរដូវកាលនៃបុណ្យចុងឆ្នាំនេះ ដើម្បីសម្រាកព្យាបាលជំងឺមហារីកគ្រាប់ឈាមបន្ថែមទៀត បន្ទាប់ពីបានកើតជំងឺនេះរ៉ាំរ៉ៃជាង៤ឆ្នាំមកហើយ។ ក្រុមគ្រួសាររបស់ក្មេងប្រុសនេះបានចំណាយប្រាក់ ៨សែនយ័ន(ប្រមាណជា ១១៥,៤០០ ដុល្លារអាមេរិក) លើការព្យាបាលរបស់គាត់។

ដោយត្រូវចំណាយច្រើនទៅលើការព្យាបាល ខណៈពេលដែលបុណ្យណូអែលបានខិតជិតចូលមកដល់ លោកស្រី Li Huan ជាម្តាយក្មេងប្រុសកំសត់នេះ ក៏បានសម្រេចចិត្តស្លៀកពាក់ជាតាណូអែល ឬសាន់តាក្លូស អង្គុយលក់ផ្លែប៉ោម នៅតាមចិញ្ចើមផ្លូវ ក្នុងទីក្រុង Heifei ខេត្ត Anhui ដែលជាស្រុកកំណើតរបស់គាត់។ ស្រ្តីជាម្តាយរូបនេះសង្ឃឹមថា សម្លៀកបំពាក់ដែលគាត់ស្លៀក នឹងទាក់ទាញចំណាប់អារម្មណ៍អ្នកធ្វើដំណើរតាមផ្លូវឲ្យឈប់ និងទិញផ្លែប៉ោមរបស់គាត់ ដើម្បីទទួលបានប្រាក់សម្រាប់បង់ថ្លៃព្យាបាលកូនរបស់គាត់។

យោងតាមកាសែត Heifei Evening បានឲ្យដឹងថាផ្លែប៉ោមបុណ្យណូអែលមួយផ្លែ គឺមានតម្លៃ ១០យ័ន ហើយលោកស្រី Li Huan លក់បានតែ២ផ្លែប៉ុណ្ណោះ ក្នុងរយៈពេលជាង២ម៉ោង។ លោក Li Hong ដែលជាឪពុកក្មេងប្រុសតូច បាននិយាយថា “បើទោះបីវាជាបេសកកម្មដ៏លំបាកក៏ដោយ ប៉ុន្តែគ្រួសារទាំងមូលត្រូវតែទទួលយក ហើយយើងមិនចុះចាញ់នោះឡើយ”។

គួរបញ្ជាក់ថា ប្រជាជនចិន ជារឿយៗតែងតែយកផ្លែប៉ោមជូនទៅដល់សមាជិកក្រុមគ្រួសាររបស់ពួកគេ មិត្តភក្តិ រួមទាំងមិត្តរួមការងារជាដើម នៅក្នុងថ្ងៃបុណ្យណូអែល ដោយសារតែភាពស្រដៀងគ្នានៃការបញ្ចេញសំលេងរបស់ចិន ទៅលើពាក្យ "ផ្លែប៉ោម" និង "សន្តិភាព" ។ មិនតែប៉ុណ្ណោះ នៅក្នុងប្រទេសចិន ថ្ងៃបុណ្យណូអែល ក៏ត្រូវបានគេចាត់ទុកថា ជាយប់ដ៏សុខសាន សន្តិភាពផងដែរ៕

ប្រភព៖ CCTV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]