ស្រាបៀរ គឺជាគ្រឿងស្រវឹងមួយប្រភេទ ដែលត្រូវបានមនុស្សទទួលទានច្រើនជាងគេ ក្នុងពិភពលោក។ មនុស្សភាគច្រើន ទទួលទានស្រាបៀរ ក្នុងគោលបំណងជួបជុំ អបអរ។ 

គួរបញ្ជាក់ផងដែរថា ការទទួលទានច្រើនលើសលុបពេក អាចបង្កជាគ្រោះថ្នាក់ដល់សរីរាង្គសំខាន់ៗរបស់រាងកាយផងដែរ ហេតុនេះ គួរតែពិសាក្នុងកម្រិតមួយសមល្មម ទើបជាការប្រសើរ។

ជាក់ស្តែងមិនមានមនុស្សច្រើនប៉ុន្មានទេ ដែលដឹងអំពីអត្ថប្រយោជន៍របស់ស្រាបៀរ ក្រៅពីយកវាមកទទួលទាន។ ដូច្នេះយើងតាមដានទាំងអស់គ្នា! 

១. ជួយឲ្យសក់រឹងមាំ និងដុះក្រាស់

តើអ្នកកំពុងតែចង់ឲ្យសក់ដុះក្រាស់មែនទេ? ស្រាបៀរ សម្បូរទៅដោយវីតាមីន B និងសារជាតិស៊ីលីកូន ដែលជាសមាសធាតុដ៏សំខាន់ ក្នុងការជួយឲ្យសក់មានសុខភាពល្អ និងបង្កើនការលូតលាស់នៃសក់បាន។ អ្នកគ្រាន់តែកក់សក់តាមធម្មតា រួចចុងក្រោយសឹមចាក់ស្រាបៀរពីលើ ឬប្រើស្រាបៀរជំនួសសាប៊ូកក់សក់ក៏បាន។ បន្ទាប់មក យកដៃម៉ាស្សា ឲ្យស្រាបៀរជ្រាបដល់ស្បែកក្បាល និងទុកចោលពី ៣ ទៅ ៥ នាទី សឹមលាងសម្អាតដោយទឹកធម្មតាចេញ។ អនុវត្តន៍ត្រឹមតែ ៣ ដងក្នុងមួយសប្តាហ៍ អ្នកនឹងឃើញពីប្រសិទ្ធភាព ជាពិសេស សក់អ្នកនឹងប្រែជាភ្លឺរលោង ខុសប្លែកពីមុនយ៉ាងខ្លាំងទៀតផង។ 

២. ព្យាបាលស្បែកខូច

ស្រាបៀរ មានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមជាមួយនឹងវីតាមីន និងសារធាតុរ៉ែ ដែលជាសមាសធាតុដ៏ល្អបំផុត ក្នុងការការពារ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃរ៉ាឌីកាល់សេរី និងរក្សាសុខភាពស្បែក ឲ្យនៅតែមានភាពក្មេងជាងវ័យ។ មិនត្រឹមតែប៉ុណ្ណោះ វាមានលក្ខណៈពិសេសជួយបន្តឹងស្បែកមុខ និងបំបាត់ស្នាមជ្រួញបានទៀតផង។ អ្នកគ្រាន់តែលាយស្រាបៀរមួយស្លាបព្រាបាយ ជាមួយស៊ុតស និងប្រេងអាល់មុន ៣ តំណក់ចូលគ្នា រួចកូរឲ្យសព្វសិន សឹមយកមកលាបលើផ្ទៃមុខ។ បន្ទាប់មកទុកចោលប្រមាណជា ១០ នាទី រួចលាងទឹកចេញ (បើជាទឹកក្តៅឧណ្ណៗ ក៏ជាការល្អ)។

៣. ជួយឲ្យគេងលក់ស្រួល (បោកគក់)

ផ្កាហប (Hop flower) មិនត្រឹមតែជាគ្រឿងផ្សំដ៏សំខាន់បំផុត របស់ស្រាបៀរប៉ុណ្ណោះទេ វាថែមទាំងអាចដើរតួនាទីជាថ្នាំសម្រួលអារម្មណ៍ពីធម្មជាតិ ដែលគេតែងហៅផ្កាហបនេះថា ជាឱសថរុក្ខជាតិមួយ ដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការគេងមិនលក់។ អ្នកអាចអនុវត្តតាមតិចនិកមួយ ដោយលាយបរិមាណទឹក និងបរិមាណស្រាបៀរស្មើគ្នា រួចយកស្រោមខ្នើយគេង របស់អ្នកមកបោកក្នុងទឹកនោះ។ សាច់ក្រណាត់ របស់ស្រោមខ្នើយ នឹងស្រូបយកក្លិនផ្កាហប ដែលនឹងជួយឲ្យអ្នកគេងលក់បានយ៉ាងលឿន និងយ៉ាងស្កប់ស្កល់។ 

៤. ជួយដល់អាការៈឈឺ ឬស្ពឹកជើង

នៅពេលដែលជើងរបស់អ្នកចុក ឬស្ពឹកស្រពន់ ដែលបណ្តាលមកពី ការធ្វើការច្រើន ការរលាក ឬជាលិកាជើងមានបញ្ហា សូមអ្នកអនុវត្តតាមវិធីសាស្រ្តខាងក្រោមនេះចុះ ពិតជាមិនខកបំណងឡើយ។ អ្វីដែលអ្នកត្រូវធ្វើគឺ លាយទឹកឃ្មុំសុទ្ធចំនួន ៣ ស្លាបព្រាបាយ ចូលទៅក្នុងទឹកក្តៅឧណ្ណៗមួយពែង (២៥០ មីលីលីត្រ) រួចលាយទឹកដោះគោ និងស្រាបៀរចូល ប្រមាណជា ១ ភាគ ៤ នៃពែងនោះ (៦២.៥ មីលីលីត្រ) ហើយកុំភ្លេចកូរឲ្យសព្វ។ បន្ទាប់មកយកល្បាយនោះមកលាប និងធ្វើការម៉ាស្សាបន្ថែម នៅត្រង់ជើងរបស់អ្នក។ ឬក៏អ្នកអាចចាក់ស្រាបៀរចូលចានដែកមួយ រួចដាក់ជើងត្រាំក្នុងនោះ ២ ទៅ ៣ នាទីក៏បាន។ 

៥. ជម្រុះកោសិកាចាស់ៗចោល

មិនត្រឹមតែ ជួយកែលម្អស្ថានភាពស្បែកជ្រីវជ្រួញបានប៉ុណ្ណោះទេ ស្រាបៀរក៏អាចជួយកំចាត់កោសិកាស្បែកចាស់ៗចោលបានផងដែរ ដើម្បីការពារស្បែករបស់អ្នកឲ្យមានភាពរាបស្មើ និងកាន់តែសភ្លឺចែងចាំងជាងមុនទ្វេដង។ អ្នកគ្រាន់តែ កិនបំបែកផ្លែស្រ្តប៊ឺរីទុំ ប្រមាណជា ៣ ផ្លែ រួចលាយស្រាបៀរចំនួន មួយស្លាបព្រាបាយចូល។ បន្ទាប់ពីកូរសព្វហើយ យកវាមកលាបលើបរិវេណស្បែកត្រង់ណាក៏បាន រួចធ្វើការម៉ាស្សាបន្ថែម និងទុកវាចោល ១៥ នាទី សឹមលាងទឹកសម្អាតចេញ។ 

៦. ព្យាបាលសក់ឡើងប្រេង

សក់ដែលឡើងប្រេង មិនថាស្តើង ឬក៏ក្រាស់នោះទេ គឺធ្វើឲ្យសោភ័ណ្ឌភាពរបស់អ្នក ធ្លាក់ចុះមួយកម្រិត ជាពិសេស ថែមទាំងពិបាកសិត និងពិបាកថែទាំទៀតផង។ ដើម្បីរក្សាតុល្យភាព pH ស្បែកក្បាលរបស់អ្នក និងកាត់បន្ថយជាតិប្រេង អ្នកគ្រាន់តែលាយទឹកដោះគោ និងស្រាបៀរចំនួន ៣ ស្លាបព្រាស្មើគ្នា យកមកលាងសម្អាតស្បែកក្បាល។ អ្នកអាចធ្វើការម៉ាស្សាបន្ថែម រួចទុកចោល ប្រមាណជា ២០ នាទី សឹមលាងចេញ ហើយកក់សក់តាមធម្មតាជាការស្រេច។ 

៧. សម្រាប់ចំអិនសាច់ឲ្យផុយ

ស្រាបៀរ គឺជាជម្រើស ដ៏ប្រសើរបំផុត ប្រសិនបើអ្នកចង់ចំអិនសាច់ ឲ្យផុយ ជាពិសេស វាមិនធ្វើឲ្យរសជាតិសាច់របស់អ្នក មានការផ្លាស់ប្តូរខុសពីមុនឡើយ។ អ្នកគ្រាន់តែច្រកសាច់ដាក់ទៅក្នុង ថង់ផ្លាស្ទិចណាមួយ រួចចាក់ស្រាបៀរចូល ដោយលៃលកកុំឲ្យតិចពេក ក៏កុំឲ្យច្រើនពេក។ បិទមាត់ថង់ផ្លាស្ទិចឲ្យជិត រួចទុកវាចោល ក្នុងទូទឹកកក។ នៅថ្ងៃបន្ទាប់ អ្នកអាចយកវាមកចំអិនជាការស្រេច។ 

៨. ធ្វើឲ្យសំភារៈធ្វើពីឈើ មានភាពភ្លឺចែងចាំង

អត្ថប្រយោជន៍មួយទៀតគឺ ជួយឲ្យសំភារៈធ្វើអំពីឈើ មានសភាពភ្លឺរលោងចែងចាំងបាន។ អ្នកគ្រាន់តែ ចាក់ស្រាបៀរលើក្រណាត់ទន់ណាមួយ រួចយកវាទៅជូត សម្អាតសម្ភារៈឈើ ត្រង់បរិវេណ ដែលអ្នកត្រូវការផ្លាស់ប្តូរ។ ជឿចុះថា គ្រឿងឈើទាំងនោះ នឹងមើលទៅកាន់តែភ្លឺរលោង ដូចជារបស់ថ្មីពិតៗ។ 

៩. ជួយឲ្យសម្ភារៈលោហៈភ្លឺចែងចាំង

ស្រាបៀរ មានជាតិអាស៊ីតកម្រិតទាប ដែលជាសមាសធាតុដ៏ល្អឥតខ្ចោះ ក្នុងការលាងសម្អាតសម្ភារៈធ្វើពីលោហៈធាតុ ដូចជាឆ្នាំង ឬគ្រឿងអល្លង្ការមួយចំនួន។ អ្នកអាចចាក់ស្រាបៀរ លើក្រណាត់ទន់ រួចយកទៅជូតសម្អាតសម្ភារៈលោហៈរបស់អ្នក។ ឬក៏អ្នកអាចយកសម្ភារៈលោហៈទាំងនោះ ទៅត្រាំក្នុងស្រាបៀរ ២ ទៅ ៣ នាទីក៏បាន រួចសឹមយកមកជូតសម្អាតដោយក្រណាត់ស្អាត។ អ្នកប្រាកដជាភ្ញាក់ផ្អើល ជាក់ជាមិនខាន! 

១០. ជួយចាប់សត្វល្អិតចង្រៃ

ស្រាបៀរ អាចជួយឲ្យរុយ ហើរចេញឆ្ងាយពី ម្ហូបអាហាររបស់អ្នកបាន។ អ្នកគ្រាន់តែចាក់ស្រាបៀរចូលទៅក្នុងកែវមួយ រួចយកក្រដាសអាលុយមីញ៉ូមមកគ្របពីលើ និងចោះប្រហោងតូចមួយលើនោះផង។ ក្លិនរបស់ស្រាបៀរ នឹងទាក់ទាញសត្វរុយចូលទៅក្នុងកែវ ប៉ុន្តែវាប្រាកដជាមិនអាចចេញមកវិញរួចឡើយ។ អ្នកអាចអនុវត្តវិធីនេះ លើសត្វកន្លាត ក៏បានផងដែរ។ 

១១. កំចាត់ច្រេះ

ជាតិអាស៊ីត ដែលមានក្នុង ស្រាបៀរក៏អាចកម្ចាត់ច្រេះបានដែរ ហេតុនេះអ្នកក៏អាចមួលវីស បាន យ៉ាងងាយស្រួលជាងមុនដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺ គ្រាន់តែយកស្រាបៀរ មកចាក់ពីលើកន្លែង ដែលមានច្រេះ រួចទុកវាចោល ២ ទៅ ៣ នាទី បន្ទាប់មកចាក់ស្រាបៀរបន្ថែមទៀត រហូតទាល់តែអ្នកគិតថាវាល្មមស្អាតហើយ៕ 

ប្រភព៖ Bright Side | Step to Health

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]