អូស្រ្តាលី៖ បុរសម្នាក់ដែលជាអ្នកមើលថែក្នុងសួនសត្វ បានដាល់សត្វកង់ហ្គូរូ មួយដៃ ចំកណ្តាលមុខ ដើម្បីជួយឆ្កែរបស់គាត់ ដែលត្រូវវាចាប់ទៅ។

លោក Greig Tonkins អាយុ៣៤ឆ្នាំ ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីវីដេអូមួយដែលថតពេលគាត់តតាំងជាមួយសត្វកង់ហ្គូរូមួយក្បាលដើម្បីជួយសង្គ្រោះឆ្កែរបស់គាត់ ឈ្មោះ Max បាននិងកំពុងរីករាលដាលពេញអ៊ិនធើណេត ហើយមានអ្នកចូលមើលរាប់លាននាក់ឯណោះ។

លោក Tonkins គឺជាអ្នកមើលថែសត្វដំរីនៅក្នុងសួនសត្វ Taronga Western Plains Zoo នាទីក្រុង Dubbo រដ្ឋ New South Wales ។ លោកបានចេញទៅបរបាញ់សត្វជ្រូកព្រៃ ជាមួយមិត្តភក្តិរបស់គាត់កាលពីខែមិថុនា ពេលដែលឆ្កែរបស់គាត់ ត្រូវបានសត្វកង់ហ្គូរូ មួយក្បាលវាយប្រហារ ហើយវីដេអូនៃការកើតហេតុនេះ ត្រូវបានថតបង្ហោះចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ 

នៅក្នុងវីដេអូនោះ  លោក Tonkins បានរត់ទៅជួយសត្វឆ្កែរបស់គាត់ ដែលកំពុងត្រូវសត្វកង់ហ្គូរូមួយក្បាលចាប់អោបជាប់មិនលែង។ លោកបានចូលទៅឈរទល់មុខជាមួយសត្វកង់ហ្គូរូនោះ ហើយបានវាយ១ដៃចំផ្ទៃមុខរបស់វា ដែលធ្វើឲ្យវាភាំង នៅស្ងៀមឈឹងមួយសន្ទុះ មុននឹងរត់ចេញទៅ។

អ្នកនាំពាក្យមកពីសួនសត្វដែលលោក Tonkins ធ្វើការ បានឲ្យដឹងថា ពួកគេកំពុងតែពិចារណាទៅលើសកម្មភាបសមស្របណាមួយ ដើម្បីធ្វើការប្រឆាំងនឹងសកម្មភាពរបស់លោក Tonkins ។ លោកបន្តថា ការមើលថែទាំសុខុមាលភាព និងការការពារជីវិតសត្វព្រៃ នៅក្នុងប្រទេសអូស្រ្តាលី គឺជារឿងដ៏សំខាន់ សម្រាប់លោក Taronga ហើយយើងកំពុងតែធ្វើការជាមួយគាត់ ដើម្បីយល់ឲ្យច្បាស់ពីហេតុការណ៍ពិតប្រាកដនៅពេលនោះ និងធ្វើការពិចារណាអំពីសកម្មភាពសមស្របណាមួយ។

ប្រភពព័ត៌មានបន្តថា មិត្តភក្តិម្នាក់របស់លោក Taronga បានឲ្យដឹងថា ការដាល់មួយដៃនោះ គឺព្រោះតែចង់ការពារឆ្កែរបស់គាត់មួយក្បាល និងដើម្បីទប់ស្កាត់សត្វកង់ហ្គូរូ នោះវាយប្រហារទៅលើនរណាម្នាក់ផ្សេងទៀតតែប៉ុណ្ណោះ។ គាត់បន្តថា ឆ្កែមួយក្បាលនោះក៏បានព្យាយាមគេចចេញពីសត្វកង់ហ្គូរូដែរ ហើយវាជាហេតុផលធ្វើឲ្យ លោក Taronga ឈានជើងចូលទៅជួយតែម្តង៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]