ឥណ្ឌា៖ ប្រទេសឥណ្ឌាបានធ្វើការបង្ហាញនូវរោងចក្រថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន ដែលជារោងចក្រថាមពលពន្លឺព្រះអាទិត្យ ធំជាងគេបំផុតនៅលើពិភពលោក។

រោងចក្រថាមពលមួយនេះស្ថិតនៅទីក្រុង Kamuthi រដ្ឋ Tamil Nadu គ្របដណ្តប់លើផ្ទៃដីទំហំ ១០គីឡូម៉ែត្រការ៉េ។ វាមានសមត្ថភាព ផ្តល់ថាមពលអគ្គិសនីចំនួន ៦៤៨ ម៉េហ្គាវ៉ាត់។

តាមរយៈសមត្ថភាពរបស់រោងចក្រថាមពលពន្លឺព្រះអាទិត្យមួយនេះ វាបានវ៉ាដាច់រោងចក្រថាមពលព្រះអាទិត្យ Topaz Solar Farm ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ដែលមានសមត្ថភាពផ្តល់ថាមពលអគ្គិសនីត្រឹមតែ ៥៥០ម៉េហ្គាវ៉ាត់ប៉ុណ្ណោះ។

រោងចក្រថាមពលពន្លឺព្រះអាទិត្យនេះ ត្រូវបានសាងសង់ឡើងក្នុងរយៈពេលត្រឹមតែ ៨ខែ និងផ្តល់ថវិការដោយក្រុមហ៊ុន Adani Group ។ បន្ទះសូឡា នៃរោងចក្រថាមពលពន្លឺព្រះអាទិត្យនេះ ត្រូវបានសម្អាតជារៀងរាល់ថ្ងៃ ដោយប្រព័ន្ធរ៉ូបូត ដែលសាកថ្មដោយផ្ទាល់ពីបន្ទះសូឡានោះតែម្តង។

តាមរយៈសមត្ថភាពផ្តល់ថាមពលអគ្គិសនីរបស់រោងចក្រនេះ  វាត្រូវបានគេប៉ាន់ប្រមាណថា នឹងផលិតអគ្គិសនីបានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ថាមពលទៅដល់ផ្ទះប្រជាពលរដ្ឋជាង ១៥០,០០០គ្រួសារ។ គម្រោងនេះ ត្រូវចំណាយប្រាក់ចំនួន ២,៥លានដុល្លារ ទៅលើបន្ទះសូឡាមួយផ្ទាំង និងសរុបត្រូវចំណាយអស់ ៦៧៩លានដុល្លារអាមេរិក ដើម្បីសាងសង់។

យោងតាមសេចក្តីថ្លែងការរបស់ក្រុមហ៊ុនស្រាវជ្រាវមួយឈ្មោះថា Bridge to India បានឲ្យដឹងថា រោងចក្រថ្មីនេះ បានជួយជំរុញសមត្ថភាព នៃការផលិតថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសឥណ្ឌា  កើនឡើងទៅដល់ ១០ជីហ្គាវ៉ាត់។ ហើយតាមរយៈការកើនឡើងនៃរោងចក្រថាមពលព្រះអាទិត្យ  ឥណ្ឌាត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេស ទីផ្សារថាមពលពន្លឺព្រះអាទិតធំជាងគេទី៣ នៅលើពិភពលោក ចាប់ពីឆ្នាំក្រោយទៅ បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។

នៅត្រឹមឆ្នាំ ២០២២ ប្រទេសឥណ្ឌា មានបំណងផ្តល់ថាមពលអគ្គិសនីពី ពន្លឺព្រះអាទិត្យ ទៅដល់ផ្ទះប្រជាពលរដ្ឋចំនួន ៦០លានខ្នង ដែលវាជាផ្នែកមួយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតថាមពលចំនួន ៤០ភាគរយ ពីប្រភពថាមពលដែលមិនប្រើប្រាស់ប្រេងនៅត្រឹមឆ្នាំ២០៣០។

គោលបំណងនេះ ត្រូវបានកោតសរសើរពីក្រុមអ្នកបរិស្ថាន និងត្រូវបានគេសង្ឃឹមថា នឹងជួយប្រទេស ពីបញ្ហាគុណភាពខ្យល់។ ដោយនៅដើមខែនេះ កម្រិតខ្យល់កខ្វក់នៅក្នុងរដ្ឋធានីញូវដេលី បានឈានដល់កម្រិតអាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ១៧ឆ្នាំចុងក្រោយ៕ 

ប្រភព៖ AsianTown

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]