ភ្នំពេញ៖ កាលពីថ្ងៃទី១ ធ្នូ មុននេះ ខ្សែភាពយន្តភាគថ្មី រឿង«ទឹកភ្នែកកក» ដែលផលិតដោយ សាស្ត្រា ហ្វៀម ហើយនឹងត្រៀមចាក់បញ្ចាំងនៅលើ ស្ថានីយទូរទស្សន៍បាយ័ន នាដើមឆ្នាំ២០១៧ ខាងមុខនេះ បានរៀបចំធ្វើពិធីសែនក្រុងពាលី និងចាប់ផ្តើមថតជាលើកដំបូង កាលពីម្សិលមិញនេះហើយ នៅឯក្រុមហ៊ុន សាស្រ្តា មេឌា ខូ អិលធីឌី ។

គួរឲ្យដឹងថា ខ្សែភាពយន្តថ្មី រឿង«ទឹកភ្នែកកក»នេះ ត្រូវបាននិពន្ធដោយ អ្នកនិពន្ធនិងជាអ្នកដឹកនាំរឿងវ័យ ២៧ឆ្នាំ អ្នកនាង ប៊ុន ចាន់និមល ដែលអ្នកនាង ធ្លាប់បានសាងស្នាដៃជាច្រើន នៅក្នុងវិស័យចម្រៀង ដោយអ្នកនាងចាប់ផ្តើមពីអ្នកនិពន្ធ និងដឹកនាំសម្តែងបទចម្រៀង ឲ្យតារាកំពូលចម្រៀងលោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា អ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណារាជ និង កញ្ញា សុខ ពិសី ជាដើម ដោយអ្នកនាងបានអភិវឌ្ឍន៍ ខ្លួនមកជាអ្នកផលិតភាពយន្តខ្នាតខ្លី និងវីដេអូពាណិជ្ជកម្ម។ ដោយភាពយន្តខ្នាតខ្លី ទាំងនេះមានដូចជារឿង «ប៉ា ប៉ា ផ្លូវបត់ ក្តីសុបិន តើអ្នកធ្លាប់នឹកដល់គ្រូរបស់អ្នកដែរទេ? កូនកូន… » ដែលសុទ្ធតែទទួលបានប្រជាប្រិយភាព នៃការចូលទស្សនាច្រើន នៅលើបណ្តាញអ៊ិនធើណេត។ បន្ថែមពីនេះ អ្នកនាងក៏បានរំលេចស្នាដៃចម្រៀង ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពី សំណាក់អ្នកគាំទ្រ នោះគឺ បទ «មួយលានបែកមួយលានជួប»។ ទន្ទឹមនឹងឆ្លងកាត់នូវបទពិសោធន៍ជាច្រើននៅក្នុងវិស័យចម្រៀង និងភាពយន្តខ្នាតខ្លី អ្នកនាងប៊ុន ចាន់និមល បានប្តេជ្ញាចិត្តខ្ពស់បំផុត ទៅខ្សែភាពយន្តភាគថ្មី រឿង«ទឹកភ្នែកកក» នេះ។

យ៉ាងណាមិញ ចំពោះតួអង្គនៅក្នុងរឿង«ទឹកភ្នែកកក»នេះផងដែរ គឺសុទ្ធសឹងតែឆ្លងកាត់ការសាកល្បង ពីមុខកាមេរ៉ា របស់បេក្ខជន និងបេក្ខនារី ជាច្រើន អស់រយៈពេលជិត៣ខែ ហើយទីបំផុត សាស្ត្រា ហ្វៀម ក៏បានរកឃើញតួសម្តែងក្នុងក្តីស្រមៃ ដែលមកព្រមជាមួយនឹងទេពកោសល្យ រូបសម្បត្តិ និងការប្តេជ្ញាចិត្ត។

ដោយក្នុងនោះ កញ្ញា ប៊ូ ចាន់ដាណែត ដែលជាតួសម្តែងយ៉ាងថ្មីស្រឡាង ត្រូវបានអ្នកនិពន្ធ និងអ្នកដឹកនាំរឿង ជ្រើសរើសនាង ជាតួឯកស្រី គឺតួអង្គ សិទ្ធិកា ពីព្រោះដោយឃើញថា ជិវិតពិតរបស់នាង ហាក់មានភាពស្វិតស្វាញ ដូចជាតួស្រីនៅក្នុងរឿង ដែលនេះជាការមួយមិនពិបាកប៉ុន្មាន ក្នុងការបំពេញនូវចន្លោះខ្វះខាតរបស់នាង ឲ្យក្លាយជា សិទ្ធិកា។

ចំណែកឯ លោក សូ ឆានី ដែលជាតារាប្រុសធ្លាប់មានបទពិសោធន៍ សម្តែងខ្សែភាពយន្ត ច្រើនគួរសម ត្រូវបានជ្រើសរើសជាតួឯកប្រុស មានឈ្មោះថា សន្យា ពីព្រោះថា ក្រោយពីការវាស់ស្ទង់ ទៅលើសមត្ថភាពសម្តែង ចំណេះដឹងទូទៅ និងការមានភាពជាថ្នាក់ដឹកនាំ។

រីឯ តួអង្គផ្សេងទៀត សុទ្ធតែត្រូវជ្រើសរើស យ៉ាងយកចិត្តទុកដាក់បំផុត។ គ្រប់តួអង្គសំខាន់ក្នុងរឿង ត្រូវបានហ្វឹកហ្វាក់សមសម្តែង ពី លោក សុខ សុធន។

យ៉ាងណាមិញ បើនិយាយពីសាច់រឿងត្រួសៗ ក្នុងរឿង«ទឹកភ្នែកកក»នេះវិញ «តួអង្គស្រី សិទ្ធិកា ដើម្បីផ្លាស់ប្តូរខ្សែជីវិតខ្លួនឯង និងអ្នកដទៃ នាងបានចាកចេញពីស្រុកកំណើតមកផ្សងព្រេង នៅទីក្រុងភ្នំពេញ។ នៅភ្នំពេញ សិទ្ធិកា ដែលជាយុវតី វ័យត្រឹម១៨ឆ្នាំ តែពេញដោយភាពជាអ្នកប្រយុទ្ធម្នាក់ នាងបានជួបនូវរឿងរ៉ាវជូរចត់ជាច្រើន រហូតដល់នាងបានជួបសន្យា បុរសសម្បូរស្នេហ៍វ័យ៣៣ឆ្នាំ ដែលជាអ្នកជំនួញម្នាក់។ តែស្នេហាមួយនេះ ចាប់ផ្តើមដោយមានទំនាស់ពីខាងក្នុង រវាង សិទ្ធិកា និងសន្យា ដោយសិទ្ធិកា នាងយល់ថា ទាល់តែនាងក្លាយជាមនុស្សស្រីរឹងមាំ ម្នាក់ក្នុងសង្គមទើបចាប់ផ្តើម ទទួលយកស្នេហា ដូចនេះ សន្យាត្រូវប្រើពេលរង់ចាំរហូតដល់ទៅ ៥ឆ្នាំ ទើបទទួលបានចម្លើយពាក្យថាស្នេហា ពីមាត់មនុស្សស្រីពេញដោយក្តីសង្ឃឹម និងរឹងមាំម្នាក់នេះ ប៉ុន្តែក៏ស្រាប់តែ……..»។

ជារួមមក ចំណងជើងរឿង «ទឹកភ្នែកកក» នេះ គឺមានន័យថា នៅក្នុងខ្សែជីវិតយើងនឹងជួបគ្រប់រសជាតិ ហើយការឈឺចាប់ផ្សេងៗ បានបង្ហាញខ្លួនឡើងរហូត ធ្វើឲ្យយើងត្រូវស្គាល់អ្វីទៅទឹកភ្នែក….ហើយយូរៗទៅយើងក៏ស៊ាំនឹងការឈឺចាប់ រហូតដល់ទឹកភ្នែកកក…ជឿថាមនុស្សគ្រប់គ្នាសុទ្ធតែឆ្លងកាត់ដំណាក់កាល ទឹកភ្នែកកក ទើបរកឃើញសេចក្តីសុខ និងសុភមង្គលពិតប្រាកដ! ដូច្នេះ ទឹកភ្នែកកកគឺជាអ្វីដែលគ្រប់គ្នាបានជួប! ៕ 

អ្នកនាង ប៊ុន ចាន់និមល ផ្តល់កិច្ចសម្ភាស៍ ខ្សែភាពយន្តភាគថ្មីរឿង«ទឹកភ្នែកកក»

 កញ្ញា ប៊ូ ចាន់ដាណែត តួស្រីក្នុងរឿង«ទឹកភ្នែកកក»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]