បើនិយាយរួមទៅអ្នកណាៗក៏គិត និងយល់ស្របថា អ្នកដែលមានស្នាមខួច គឺជាមនុស្សដែលគួរឲ្យស្រលាញ់ដែរ ហើយថែមទាំងមានមនុស្សជាច្រើន ចង់បានស្នាមខួចទាំងនោះទៀតផង។

ទន្ទឹមនឹងនោះដែរ អ្នកប្រាកដជាធ្លាប់បានឃើញ តារាស្រីល្បីៗជាច្រើន រួមមានដូចជានាង Jennifer Garner   Ariana Grande  និងនាង Miranda Kerr  គឺសុទ្ធតែមានស្នាមខួចទាំងអស់ ដែលកាន់តែធ្វើឲ្យពួកគេមើលទៅ គួរឲ្យស្រលាញ់ ហើយជាមនុស្សមានភាពផ្អែមល្ហែម និងស្មោះត្រង់។ ជាក់ស្តែងនៅពីក្រោយស្នាមខួចដ៏គួរឲ្យក្នាញ់នេះ អ្នកវិទ្យាសាស្រ្តបានបកស្រាយទ្រឹស្តីជាច្រើន ដែលបង្ហាញពីមូលហេតុដែលមនុស្សមួយចំនួនមានស្នាមខួចនេះ។

ជាដំបូងអ្នកគួរដឹងថា ស្នាមខួចមានប៉ុន្មានប្រភេទជាមុនសិន។ វាត្រូវបានអ្នកវិទ្យាសាស្រ្ត ចែកចេញជាពីរប្រភេទគឺ ស្នាមខួចនៅនឹងថ្ពាល់ និងនៅចង្ការ។ ស្នាមខួចនឹងចង្ការ ឬគេតែងតែនិយាយថា ចង្ការព្រែក គឺបណ្តាលមកពី មូលដ្ឋានឆ្អឹងរបស់ចង្ការ មានលក្ខណៈឆែប។

ស្តាប់ទៅវាហាក់ដូចជាបញ្ហា ប៉ុន្តែថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានលើកឡើងថា ឆ្អឹងចង្ការ ដែលឆែបនោះ គឺពិតជាបណ្តាលមកពីអាការៈត្អើក របស់ទារកកំពុងលូតលាស់នៅក្នុងផ្ទៃ បង្កឲ្យឆ្អឹងចង្ការទាំងឆ្វេង ទាំងស្តាំ មិនជាប់រួមគ្នាបានត្រឹមត្រូវ តាំងពីនៅក្នុងស្បូន។

សម្រាប់ស្នាមខួចនៅលើថ្ពាល់វិញ គឺមានភាពស្មុគ្រស្មាញបន្តិច។ ជាទូទៅគេជឿថាស្នាមខួចកើតឡើងដោយសារតែកត្តាហ្សែន។ គេបានចាត់ទុកវាថាជា ស្នាមខួច លក្ខណៈហ្សែនដ៏ “លេចធ្លោ” ជាយូរណាស់មកហើយ ដោយគេសន្មត់ថា ប្រសិនបើឪពុកម្តាយអ្នកមានស្នាមខួច អ្នកក៏នឹងមានស្នាមខួច ដ៏គួរឲ្យស្រលាញ់នោះដែរ។

ប៉ុន្តែផ្ទុយទៅវិញ ថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានជំទាស់ថា វាជាលក្ខណៈហ្សែន មិនប្រក្រតីទៅវិញទេ ឬអាចនិយាយបានថា ជាពិការភាពសាច់ដុំមុខ។ ទោះបីជាទាំងឪពុកទាំងម្តាយមានស្នាមខួចក៏ដោយ ក៏មិនអាចធានាបានថាកូន នឹងទទួលបានស្នាមខួចនេះ ១០០ភាគរយដែរ។

ជាក់ស្តែងមានទ្រឹស្តីចំនួន ២ ដែលបញ្ជាក់ពីមូលហេតុ បណ្តាលឲ្យមានស្នាមខួច នៅនឹងថ្ពាល់នេះ។ ទីមួយគឺ ដោយសារតែសាច់ដុំ ជុំវិញមាត់ខ្លី និងទ្រឹស្តីទីពីរ ដែលពេញនិយមជាងគេគឺ ដោយសារតែ ការខ្វះចន្លោះសាច់ដុំមុខ ដែលមានឈ្មោះថា zygomaticus ។ វាជាសាច់ដុំ នៅចំហៀងមុខរបស់អ្នក ហើយស្នាមខួច ត្រូវបានគេជឿថាដោយសារតែ សាច់ដុំនោះវាបែងចែកជាពីរ រួចបង្កជាស្នាមខួចមួយ នៅគ្រប់ពេលដែលអ្នកញញឹម។

ការសិក្សាមួយ នៅក្នុងឆ្នាំ ២០០៨ បានលើកឡើងថា ស្នាមខួច ក៏អាចជួយឲ្យមនុស្ស មានការប្រាស្រ័យទាក់ទង តាមរយៈផ្ទៃមុខបានដែរ។ ការសិក្សា ដែលចុះផ្សាយក្នុងកាសែត American Journal of Physical Anthropology នេះបានលើកគំនិតមួយឡើង ដោយមានខ្លឹមសារថា “ស្នាមខួច អាចបន្ថែមតម្លៃទឹកមុខរបស់មនុស្ស ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកដទៃបាន”។ ហេតុនេះ គេជឿថា មនុស្សជុំវិញ នឹងងាកមកសម្លឹងមកអ្នកជានិច្ច រាល់ពេលដែលអ្នកញញឹម ឬចាប់ផ្តើមនិយាយរាល់ពាក្យពេចន៍ទាំងឡាយ។ 

ជាងនេះទៅទៀត ស្នាមខួចក៏ជាមន្តស្នេហ៍ ក្នុងការទាក់ទាញចិត្តមនុស្សផ្ទុយភេទផងដែរ។ មិនត្រឹមតែជាភាពទាក់ទាញត្រង់ផ្ទៃមុខប៉ុណ្ណោះទេ វាថែមទាំង ត្រូវបានគេជឿថា អាចទាក់យកបេះដូងមនុស្សផ្ទុយភេទបានទៀតផង ពីព្រោះវាជាចំណុចចាប់អារម្មណ៍ និងបង្កើនសម្រស់កាន់តែស្រស់សង្ហារទ្វេរឡើង។

កាន់តែពិសេសជាងនេះទៀតនោះ តើអ្នកដឹងទេថា មានមនុស្សតែ ២០% នៃចំនួនប្រជាជនសរុបប៉ុណ្ណោះ ដែលមានស្នាមខួចនេះ។ ខណៈមនុស្សចំនួន ៨០% ដទៃទៀត គឺសុទ្ធតែច្រណែន ចង់បានភាពស្រស់ស្អាត គួរឲ្យស្រលាញ់ របស់ស្នាមខួចនេះណាស់។

អ្នកដែលមានស្នាមខួច ហាក់ដូចជាមានអំណាចវេទមន្តណាមួយ ដែលអាចធ្វើឲ្យមនុស្សជុំវិញញឹម និងសើចតាមដោយមិនដឹងខ្លួន។ ជួនកាលសូម្បីតែធ្វើមុខមាំ ក៏ពិបាកដែរពីព្រោះតែអ្នករាល់គ្នា គិតថាអ្នកនៅតែគួរឲ្យក្នាញ់ ទោះកំពុងតែខឹងក៏ដោយ។ និយាយរួម ពួកគេជាមនុស្សដែលមានទាំងភាពផ្អែមល្ហែម និងទាំងភាពស៊ិចស៊ីរួមគ្នា។ មួយវិញទៀត បើតាមការសង្កេតមើលទៅ តារាសម្តែងហូវីវូដកំពូលៗ ក៏ដូចជាតារាចម្រៀងល្បីៗជាច្រើន ក៏សុទ្ធតែមានស្នាមខួចដ៏គួរឲ្យស្រលាញ់នេះដែរ។

ជាក់ស្តែងនៅក្នុងសៀវភៅរឿងបុរាណ របស់កុមារមួយមានចំណងជើងថា “What Katy Did by Susan Coolidge” ពីឆ្នាំ ១៨៨៧ មានតួអង្គស្រីម្នាក់ឈ្មោះ Clover មានស្នាមខួចនៅនឹងថ្ពាល់ដ៏គួរឲ្យស្រលាញ់។ ស្នាមខួចរបស់នាង អាចនិយាយបានថា ធម្មជាតិខ្លះ មិនធម្មជាតិខ្លះ ដោយសារតែនាងតែងច្រត់ថ្ពាល់របស់នាង ដោយចុងខ្មៅដៃពេលកំពុងរៀនជានិច្ច។ ហេតុនេះហើយទើបអ្នកវិទ្យាសាស្រ្ត បានទាញសំនួរមួយថាតើមនុស្សយើងអាចបង្កើតស្នាមខួចនោះបាន ដោយខ្លួនឯងដែរឬទេ?

ចម្លើយគឺ “មិនអាចទេ”! ពីព្រោះមានមនុស្សជាច្រើន ដែលបានបោះបង់ការព្យាយាមទាំងនោះ។ កាលពីឆ្នាំ ១៩៣៦ អ្នកស្រី Isabella Gilbert បានបង្កើតម៉ាស៊ីនមួយ ដែលគេជឿថាជួយឲ្យមានស្នាមខួចនៅលើថ្ពាល់បាន។ ឧបករណ៍នោះតម្រូវឲ្យពាក់តាំងពីលើក្បាល និងមានចុងរឹង២ សង្កត់ផ្ទៃសងខាងថ្ពាល់។ វាត្រូវបានគេជឿជាក់ថា ពិតជាអាចបង្កើតស្នាមខួច បានពិតប្រាកដមែន។

ប៉ុន្តែទោះជាយ៉ាងណា តាមការពិតវាអាចបង្កើតស្នាមខួច បានត្រឹមតែបណ្តោះអាសន្នប៉ុណ្ណោះ។ សម្រាប់ការចង់បានស្នាមខួច ជាអចិន្រ្តៃយ៍ គឺមិនអាចទៅរួចទេ ប្រសិនបើគ្មានការវះកាត់ជាជំនួយទេនោះ៕ 

ប្រភព៖ BUSTLE | BuzzFeed

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]