ថៃ៖ ក្រោយពីតារាសម្តែងស្រីនាង Kimberley បានបាត់បង់ឪពុកជាទីស្រឡាញ់របស់ខ្លួន ទៅគ្មានថ្ងៃវិលត្រឡប់មកវិញ នាង និងក្រុមគ្រួសារបានយំសោកស្តាយយ៉ាងខ្លាំង រកអ្វីមកប្រៀបផ្ទឹមពុំបាន។ទន្ទឹមនឹងនេះដែរ គេបានឃើញវត្តមានសង្សារសំណព្វចិត្តនាងគឺ លោក Mark Prin ក៏បានមកចូលរួមដែរកាលពីម្សិលមិញ ដែលជាថ្ងៃទី២នៃពិធីបុណ្យសពរបស់លោក Hans Woltemas ឬលោក Dr.Hans Joachim Friedrich Woltemas ឪពុកនាង Kimberley។

នៅថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញ នៅឯពិធីបុណ្យសពក្នុងវត្ត Phrasri Mahathat Woramahawihan លោក Mark Prin តាមមើលថែទាំនាង Kimberley ស្អិតជាប់ និងចាំលើកទឹកចិត្តឱ្យនាងគ្រប់ពេលវេលាជានិច្ចមិនឱ្យចន្លោះទេ។ មិនតែប៉ុណ្ណោះលោក Mark Prin ថែមទាំងបានចេញមុខធ្វើជាតំណាងម្ចាស់កម្មវិធីជាមួយនឹងក្រុមគ្រួសារនាងKimberley ទៀតផង ដើម្បីងាយស្រួលនៅក្នុងការទទួលភ្ញៀវកិត្តិយសធំៗជាច្រើននាក់ មកពីគ្រប់ទិសទីផងដែរ ដែលបានមកចូលរួមរំលែកមរណៈទុក្ខនាពេលនេះ។

គួរឱ្យដឹងដែរថា លោក Hans Woltemas ឪពុករបស់នាង Kimberley បានទទួលមរណភាពកាលពីថ្ងៃទី ២៦ ខែវិច្ឆិកាកន្លងទៅ វេលាម៉ោង ៨ និង១៥ នាទីព្រឹក ដោយសារការឆ្លងមេរោគនៅក្នុងឈាមបន្ទាប់ពីការវះកាត់រួច នៅក្នុងមន្ទីរពេទ្យនាទីក្រុងបាងកក។

បច្ចុប្បន្នសាកសពរបស់លោក ត្រូវបានក្រុមគ្រួសារតម្កល់ទុក និងរៀបចំធ្វើពិធីបុណ្យទៅតាមប្រពៃណីថៃ នៅក្នុងវត្ត Phrasri Mahathat Woramahawihan។ ចំណែកឯពិធីបូជាសពវិញ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ វេលាម៉ោង ១៦:00 រសៀល។

ទុក្ខសោកមួយនេះ ក៏បានធ្វើឱ្យអ្នកគាំទ្ររបស់នាង Kimberley ព្រមទាំងមហាជនផ្សេងទៀតរញ្ជួយចិត្ត និងមានភាពសោកស្តាយយ៉ាងខ្លាំង ហើយពួកគេទាំងអស់គ្នា ក៏បានផ្ញើសារចូលរួមរំលែកទុក្ខនាង Kimberley ពីចម្ងាយផងដែរ មិនថាតែនៅក្នុង IG ឬនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះទេ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]