(ភ្នំពេញ)៖ ក្រុមតារាចម្រៀង Original Song មានឈ្មោះថា «ក្មេងខ្មែរ!» ដែលកំពុងតែជោគជ័យខ្លាំង តាមរយៈបទ «បុណ្យភូមិ» ខណៈដែលបទនេះ កំពុងតែមានការគាំទ្រ ទាំងក្មេងទាំងចាស់ និងតែងតែឮ​សូរចាក់ទ្រហឹងអឹងកង ពេញភូមិទាំងក្រុង និងស្រុកស្រែ ក្នុងកម្មវិធីកម្សាន្តសប្បាយនានា ស្រាប់តែថ្មីៗនេះ ត្រូវបានគេបង្ហើប​ថា ចាប់ផ្ដើមឡើងតម្លៃខ្លួន​កប់ពពក ដូចតារាល្បីៗមួយចំនួន បន្ទាប់ពីម្ចាស់ក្រុមហ៊ុន ក៏ដូចជាស្ថានីយទូរទស្សនានា ត្រូវការក្រុមនេះសម្ដែង ក្នុងកម្មវិធីផ្សេងៗ។

ជាការពិត បច្ចុប្បន្នបទ​ចម្រៀងនិពន្ធថ្មី ត្រូវបានប្រជាជនកម្ពុជា ពេញនិយមយ៉ាងខ្លាំង ជាពិសេសពីសំណាក់យុវវ័យ និងបានទទូចឲ្យតារាចម្រៀង អ្នកនិពន្ធ និងអ្នកពាក់ព័ន្ធ ទាំងអស់ត្រូវចេះ មានគំនិតច្នៃប្រឌិតថ្មី កុំឲ្យចាំតែចម្លងពីបរទេស។ តារាចម្រៀងក្នុងបទនិពន្ធថ្មី ហាក់ល្បីល្បាញកាន់តែច្រើន។ ជាក់ស្ដែងក្រុម «ក្មេងខ្មែរ» ដែល​ទើបតែបង្កើតឡើង មិនទាន់ដល់១ឆ្នាំផងនោះ ស្រាប់តែមានភាពល្បីល្បាញ​គួរឲ្យកត់សម្គាល់ ពិសេសបទចម្រៀង «បុណ្យភូមិ» របស់ពួកគេ ដែលកំពុងតែពេញនិយមខ្លាំង នាពេលបច្ចុប្បន្ននេះ។

ក្រុម​«ក្មេងខ្មែរ» ដែលមាន លោក កៅ ពន្លឺ និងលោក ​ជា សុជាតិ ជាតារាចម្រៀងក្នុងក្រុមនេះ​ ត្រូវបានគេមើលឃើញថា គ្រាន់ចេញបទចម្រៀងតែ១បទ ប៉ុណ្ណោះ អាចធ្វើឲ្យពួកគេទាំងពីរនាក់ ល្បីល្បាញខ្លាំងស្ទើរមិនគួរឲ្យជឿ ទាំងក្នុង និងក្រៅប្រទេស ខណៈបទចម្រៀងពួកគេ មានការគាំទ្រច្រើន។ ​មុននឹងជួបគ្នា លោក កៅ ពន្លឺ និង ជា សុជាតិ ធ្វើការនៅកន្លែងផ្សេងគ្នាទេ ​ក្រោយមកក៏ជួបគ្នា បង្កើតជាក្រុមរួមគ្នា ហើយក៏ផ្ទុះឡើងកក្រើកតែម្ដង។ ទស្សនិកជនជាច្រើន ធ្លាប់បានឃើញ លោក ជា សុជាតិ ប្រឡលង ក្នុងកម្មវិធី​ចម្រៀងជាច្រើន រួមមានក្នុងស្ថានីយទូរទស្សន៍ ម៉ាយធីវី, ហង្សមាស និង ស្ថានីយផ្សេងៗ​ ប៉ុន្តែលោកមិនដែលទទួលបាន ជ័យលាភី អ្វីឡើយ។

បន្ទាប់ពីមានភាពល្បីល្បាញខ្លាំង តម្លៃខ្លួនរបស់ក្រុម «ក្មេងខ្មែរ» ក៏ចាប់ផ្ដើមឡើង​មិនធម្មតាដែរ ពោលបើសម្ដែងក្នុងមួយកម្មវិធីអ្វីមួយ សម្រាប់រាជធានីភ្នំពេញ គឺមានតម្លៃ ចាប់ពី ១៥០០ដុល្លារ និងឡើងថ្លៃ ទៅតាមកម្មវិធីតូចធំនានា។ ក្រៅពីនេះសម្រាប់ការចេញច្រៀង​ តាមខេត្ត ក្រុម «ក្មេងខ្មែរ» ស៊ីថ្លៃ​ដល់ទៅ ២៥០០ដុ​ល្លារ ឬអាចឡើង​ដល់៣០០០ដុល្លារឯណោះ តាមខេត្តជិត ឬឆ្ងាយ ដែលការស្ទុះឡើងតម្លៃខ្លួននេះ ធ្វើឲ្យអ្នករៀបចំកម្មវិធីមានការពិបាក ក្នុងការហៅពួកគេ ឲ្យចូលរួមក្នុងកម្មវិធីណាស់​៕

ជុំវិញបញ្ហានេះ Khmertalking មិនអាចសុំការបកស្រាយណាមួយ បានទេ ពីសំណាក់ក្រុមតារាចម្រៀង ពន្លកថ្មី «ក្មេងខ្មែរ» ដើម្បីពន្យល់ពី​មូលហេតុខ្លះៗ ឲ្យអ្នកគាំទ្រ អស់ការសង្ស័យ៕

ប្រភព៖  khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]