តើអ្នកធ្លាប់ដឹងទេថា ការទទួលទានអាហារមួយចំនួន ជាមួយគ្នា អាចផ្តល់នូវសារធាតុចិញ្ចឹមបាន យ៉ាងពិសេសលើសលុបខុសពីធម្មតាដែរឬទេ? ជាការពិតណាស់ មានប្រភេទអាហារជាច្រើន ដែលជាគូនឹងគ្នា ដើម្បីអាចជួយឲ្យអ្នកស្រូបយកសារធាតុចិញ្ចឹមរបស់ពួកគេបានយ៉ាងមានប្រសិទ្ធភាព ជាងការបរិភោគអាហារធម្មតារាល់ដង។

ខាងក្រោមនេះ គឺជាបញ្ជីអាហារដែលជាគូ សម្រាប់បរិភោគជាមួយគ្នា ដោយយោងតាមការសិក្សារបស់អ្នកជំនាញខាងផ្នែកចំណីអាហារ ៖  

១. ផ្លែប៉ោម និងសូកូឡាខ្មៅ

ការទទួលទានបែបនេះ អាចនឹងចម្លែកបន្តិចហើយ សម្រាប់អ្នករាល់គ្នា។ អង់ហ្ស៊ីម catechin ដែលមាននៅក្នុងផ្លែប៉ោម និងសារធាតុប្រឆាំងអុកស៊ីតកម្ម quercetin ដែលមានក្នុងសូកូឡាខ្មៅ អាចធ្វើការយ៉ាងអស្ចារ្យរួមគ្នា ដើម្បីជួយលើកកម្ពស់ប្រព័ន្ធភាពស៊ាំ ភ្ញោចសកម្មភាពខួរក្បាល ជួយឲ្យសរសៃឈាមនិងបេះដូងឲ្យមានភាពប្រសើរឡើង ហើយជាពិសេស គឺអាចកាត់បន្ថយជំងឺមហារីកបានទៀតផង។ 

២. ស្រូវ oat និងទឹកក្រូចច្របាច់

ស្រូវ oat និងទឹកក្រូចច្របាច់ គឺជាប្រភពសារធាតុចិញ្ចឹម phenol យ៉ាងសម្បូរបែប។ នេះមានន័យថា ប្រសិនបើអាហារ ២ មុខនេះត្រូវបានទទួលទានជាមួយគ្នា នោះវានឹងជួយទៅដល់ប្រព៍ន្ធរំលាយអាហារឲ្យមានភាពប្រសើរឡើង ហើយថែមទាំងជួយជម្រះកាកសំណល់ និងជាតិពុលចេញពីរាងកាយបានទៀតផង។ 

៣. សាច់ជ្រូក និងស្ពៃក្តោប

សាច់ជ្រូក គឺជាអាហារដែលមានជាតិខ្លាញ់ច្រើន មិនសូវជាល្អសម្រាប់ការបរិភោគប្រចាំថ្ងៃនោះទេ។ ប៉ុន្តែទោះជាយ៉ាងណា សាច់ជ្រូកមានសារធាតុ selenium ដែលអាចជួយទប់ស្កាត់ការលូតលាស់កោសិកាមហារីកបាន។ ប្រសិនបើអ្នកទទួលទានសាច់ជ្រូក ជាមួយនឹងស្ពៃក្តោប នោះសារធាតុ sulforaphane របស់ស្ពៃក្តោប នឹងជួយបង្កើនប្រសិទ្ធភាពសារធាតុ selenium បាន ១៣ ដងថែមទៀត។  

៤. ប៉េងប៉ោះ និងថ្លើមសត្វ

កង្វះជាតិដែកនៅក្នុងខ្លួន អាចបណ្តាលឲ្យមានភាណល្ហិតល្ហៃ ឬអស់កម្លាំងរ៉ាំរ៉ៃ មានបញ្ហារំលាយអាហារ និងប៉ះពាល់ដល់សរសៃឈាម និងបេះដូង។ ហេតុនេះទោះបីជា ថ្លើមសត្វមានសារជាតិដែកក៏ពិតមែន ក៏រាងកាយអ្នកមិនអាចទាញយកបានគ្រប់គ្រាន់ដែរ បើគ្មានវីតាមីន C បានពីផ្លែប៉េងប៉ោះមកជំនួយ។ 

៥. ជីវ៉ាន់ស៊ុយ និងក្រូចឆ្មារ

អ្នកប្រហែលជាមិនដឹងទេថា ជីវ៉ាន់ស៊ុយ គឺជាដៃគូរបស់ក្រូចឆ្មារ។ ជាតិដែក ដែលមានក្នុងជីវ៉ាន់ស៊ុយ ជួយដល់ការស្រូបយកវីតាមីន C ពីក្រូចឆ្មារ ចូលទៅក្នុងឈាម។ វីតាមីនដ៏សំខាន់នេះ មានតួនាទីពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយដល់ការរំលាយអាហារឲ្យមានភាពប្រសើរឡើង។ 

៦. បន្លែ និងយ៉ាអួ

ដំបូងបំផុត គឺអ្នកត្រូវជ្រើសរើសយ៉ាអួ ធម្មជាតិ ដែលគ្មានជាតិគីមី គ្មានពណ៌ និងគ្មានជាតិស្ករ។ យ៉ាអួ សម្បូរទៅដោយកាល់ស្យូម ដែលអាចជួយសម្រួលដល់មុខងារក្រពះ និងពោះវៀនដែលមានភាពមិនប្រក្រតី។ ហេតុនេះ យើងសូមណែនាំអ្នកឲ្យទទួលទានជាមួយបន្លែ (ដូចជា ការ៉ុតជាដើម) ដែលជាតិសរសៃ ក្នុងបន្លែ នឹងជួយដល់ការស្រូបយកជាតិកាល់ស្យូម បានយ៉ាងល្អ។ 

៧. តែបៃតង និងក្រូចឆ្មារ

ការទទួលទានតែបៃតង ជាមួយក្រូវឆ្មារ គឺជាវិធីដ៏អស្ចារ្យមួយ ដែលអាចជួយបំបាត់ភាពស្រេកទឹក និងបំពេញថាមពលបាន។ តែបៃតង មានផ្ទុកសារជាតិ catechins ដែលជួយប្រព័ន្ធភាពស៊ាំខ្លាំងបានយូរអង្វែង ជាពិសេស វីតាមីន C របស់ក្រូចឆ្មារ នឹងធ្វើឲ្យសារជាតិនោះ មានប្រសិទ្ធភាពកាន់តែខ្លាំងជាងមុន ២ ទៅ ៣ ដងទៀតឯណោះ។ 

៨. ប៉េងប៉ោះ និងប្រេងអូលីវ

អ្នកដឹងទេថា ជនជាតិអ៊ីតាលី ពិតជាចូលចិត្តរសជាតិអាហារ ២ មុខនេះរួមគ្នាណាស់។ គេសង្កេតឃើញថា ប្រជាពលរដ្ឋនៃប្រទេសអ៊ីតាលី កម្រទទួលរងជំងឺសរសៃឈាមបេះដូងណាស់។ នេះក៏ដោយសារតែសារជាតិ lycopene ក្នុងប៉េងប៉ោះ ជួយដល់សរសៃឈាម និងបេះដូងឲ្យមានភាពប្រសើរឡើង។ ជាងនេះទៅទៀត ការទទួលទានរួមគ្នា ជាមួយនឹងសារជាតិខ្លាញ់ វានឹងជួយឲ្យរាងកាយស្រូបយកជាតិ lycopene បានយ៉ាងមានប្រសិទ្ធភាព។ 

៩. ប៉េងប៉ោះ និងកម្តៅ

ការសិក្សាមួយបានបញ្ជាក់ថា ប៉េងប៉ោះដែលត្រូវបានចំអិន ក្នុងរយៈពេល ៣០ នាទី មានសារជាតិ lycopene ខ្ពស់ជាង ប៉េងប៉ោះឆៅ ដល់ទៅ ៣៥%។ សូម្បីតែសារធាតុប្រឆាំងអុកស៊ីតកម្មសរុប ក្នុងប៉េងប៉ោះដែលចំអិនក៏កើនឡើងដល់ ៦២% ដែរ បើធៀបទៅនឹងប៉េងប៉ោះឆៅ។ 

១០. រមៀត និងម្រេច

រមៀត គឺជាគ្រឿងទេសម្យ៉ាង ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយប្រឆាំងនឹងបញ្ហារលាក ជួយឲ្យអារម្មណ៍មានភាពប្រសើរឡើង ជំនួយដល់មុខងារយល់ដឹងរបស់ខួរក្បាល និងសុខុមាលភាពទាំងមូល។ ហេតុនេះ ថ្ងៃក្រោយនៅពេលដែលអ្នកចម្អិនអាហារ ដោយប្រើប្រាស់រមៀត កុំភ្លេចរោយម្រេចមួយចិបផង ដើម្បីឲ្យសារធាតុចិញ្ចឹមរបស់រមៀតកាន់តែមានប្រសិទ្ធភាព និងស្រូបចូលរាងកាយបានយ៉ាងឆាប់រហ័ស។ 

១១. វីតាមីន C និងវីតាមីន E

វីតាមីន E សម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ុន្តែមានប្រសិទ្ធភាពមិនបានយូរឡើយ។ ប៉ុន្តែ ប្រសិនបើមានវត្តមានវីតាមីន C មកជាជំនួយ វានឹងជួយដលើការកកើតវីតាមីន E ឡើងវិញ និយាយរួមគឺជួយរក្សាសក្តានុពល សារធាតុប្រឆាំងអុកស៊ីតកម្មរបស់វីតាមីន E ឲ្យនៅបន្តជារៀងរហូត។ គ្រាប់អាល់មុន សណ្តែកសៀង គ្រាប់ផ្កាឈូករ័ត្ន និងស្រូវសាឡី សុទ្ធតែសំបូរវីតាមីន E ហេតុនេះសាកល្បងទទួលទានជាមួយ ប័រដែលផ្សំពីគ្រាប់ធញ្ញជាតិ ជាមួយផ្លៃស្រ្តប៊ឺរី (វីតាមីន C) បន្ថែមទៀតទៅមើល។ ធានាថាឆ្ងាញ់ ហើយមានប្រយោជន៍ដល់សុខភាពទៀត! 

ប្រភព៖ Bright Side | Decidedly Nutritious

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]