រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅក្រសួងបរិស្ថាន បានរៀបចំបើកសន្និសិទសារព័ត៌មានមួយស្តីពី «ចូលរួមទាំងអស់គ្នា ១ដើមម្នាក់ ដើម្បីអនាគតព្រៃឈើយើង» ដោយក្នុងនោះ សភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា សាខាចតុមុខ រួមជាមួយក្រសួងបរិស្ថាន នឹរៀបចំដាំដើមឈើ និងដើមហូបផ្លែ ចំនួន១១០០០ដើម នៅក្នុងសហគមន៍សង្ឃរុក្ខវន័្ត ដែលមានផ្ទៃដីរហូតទៅដល់ ១៨២៦១ហិចតា ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ។ សហគមន៍សង្ឃរុក្ខវន័្តនឹងយកកូនឈើចំនួន ១០០០០ដើមទៅថែរក្សាក្នុងថ្នាលសហគមន៍រហូតដល់រដូវភ្លៀងធ្លាក់ឆ្នាំ២០១៧។ ដោយយោងតាមបទពិសោធន៍របស់តំណាងសហគមន៍ ព្រះតេជគុណ ប៊ុន សាលួត ការដាំកូនឈើចំនួន១០០០ដើម នៅលើផ្ទៃដីដែលបានភ្ជួររួចជាស្រេចចំនួន២ហិចតាកន្លះ ដែលសហគមន៍ផ្ទាល់ នឹងទទួលខុសត្រូវផ្នែកបច្ចេកទេសក្នុងការថែរក្សា និងបណ្តុះបណ្តាលទាំងនៅក្នុងថ្នាល និងនៅលើផ្ទៃដីអភិរក្សរបស់សហគមន៍។

លោក បិុច បូឡែន ដែលជាប្រធាន សភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា បានមានប្រសាសន៍ថា៖«សភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការរួមចំ ណែកការពារបិស្ថានតាមរយៈ ការដាំដើមឈើបន្ថែមទៀតនៅក្នុងតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ត្បិតថាដើមឈើអាចជួយកាត់បន្ថយកំណើនសីតុណ្ហភាពរបស់ភពផែនដី ក៏ដូចជាឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ»។

ដើមឈើដែលនឹងត្រូវយកមកដាំនោះសរុបចំនួន ៦០០០ដើមដែលរួមមាន៖ គ្រញូង ធ្នង់ គគីរ ឈើទាល និងព្រីងដែលសុទ្ធសឹង តែជាប្រភេទឈើប្រណីតមានតម្លៃនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះទៅទៀត ក៏មានដើមឈើហូបផ្លែ ចំនួន៤០០០ដើមទៀត ដែលនឹងត្រូវប្រគល់ជូនប្រជាសហគមន៍ ដែលរស់នៅក្នុងតំបន់នោះ និង១០០០ដើមផ្សេងទៀត សម្រាប់ប្រគេនថ្វាយព្រះតេជគុណ ប៊ុន សាលួតដាំនៅក្នុងវត្តអារាម។ ជាមួយគ្នានេះផងដែរ យុវជនប្រមាណជាង ៥០០នាក់ រំពឹងថានឹងចូលរួមចំណែក ក្នុងការដាំដើមឈើទាំងនេះផងដែរ។

លោកស្រី លឹម មីលីរស្មី ដែលជាប្រធាន សភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា សាខាចតុមុខ បានអំពាវនាវឲ្យយុវជនទាំងអស់គ្នា ចូលរួមឲ្យបានកាន់តែច្រើនទៀតក្នុងការដាំដើមឈើនៅឆ្នាំនេះ៖ «ការចូលរួមរបស់យើងទាំងអស់គ្នា មិនត្រឹមត្រូវរួមចណេកក្នុងការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាការធ្វើឲ្យប្រទេសរបស់យើងស្រស់ស្ងាំត និងគួរឲ្យចង់រស់នៅសម្រាប់ពួកយើងទាំងអស់គ្នា ក៏ដូចជាកូនចៅរបស់យើងជំនាន់ក្រោយទៀត»។

ព្រះតេជគុណ ប៊ុន សាលួត ដែលជាប្រធានសហគមន៍សង្ឃរុក្ខវន្ត័ បានមានសង្ឃដីកាថ្លែងអំណរគុណដល់ សភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា សាខាចុតុមុខ ដែលបានរៀបចំដាំដើមឈើដូចនេះថា៖ «វាមិនមែនជារឿងសាមញ្ញនោះទេ ដែលយើងមានប្រជាជនមានទឹកចិត្តចូលរួមថែរក្សានិងដាំដើមឈើយ៉ាងដូច្នេះ។ សហគមន៍សង្ឃរុក្ខវន្ត័ ក៏មិនមែនតំណាងឲ្យត្រឹមតែ ប្រទេសកម្ពុជា តែប៉ុណ្ណោះនោះទេ ប៉ុន្តែគឺតំណាងឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានជាង១០០ប្រទេសតែម្តង»។

នោះបើតាមការរៀបរាប់របស់ព្រះអង្គ ការដាំដើមឈើនៅក្នុងនេះ សណ្ឋានដីតំបន់នោះនឹងមានសំណើមរហូតដល់ខែមាឃ ព្រមទាំងមានស្រះធំៗចំនួន២ ដែលជាអាងស្តុបទឹកនិង អូរធម្មជាតិក្នុងព្រៃសហគមន៍ ដែលជាប្រភពទឹកយ៉ាងសំខាន់ផងដែរ។ «អាត្មាជាអ្នកដាំមែន មិនមែនជាងអ្នកដាំលេងៗ ហើយដាំចោលនោះទេ! ដើមឈើ មួយដើមៗ គឺមានតម្លៃស្មើជីវិតមួយសម្រាប់អាត្មា ដូច្នេះការប្រមែប្រមូលកម្លាំងប្រជាសហគមន៍ និងកូននេន មកមើលថែរក្សា និងការពារគឺ ជាការធានាអះអាងពីប្រសិទ្ធភាពនៃកិច្ចការអភិរក្សរបស់អាត្មា»។

ហើយគិតមកទល់ពេលនេះ សហគមន៍មានអាយុកាល ១៥ឆ្នាំហើយ កាលពីឆ្នាំ២០១០ សហគមន៍នេះបានឲ្យ តំណាងតំបន់អាស៊ីប៉ាស៊ីហ្វិកទទួលពានរង្វាន់ Equator Prize សម្រាប់ការថែរក្សាធនធានធម្មជាតិនិងជីវចម្រុះ។ បន្ទាប់មកទៀត នៅក្នុងឆ្នាំ២០១៤ ក៏ទទួលបានពានរង្វាន់សហគមន៍ឆ្នើម ប្រចាំប្រទេសកម្ពុជា សម្រាប់ការចូលរួមកាត់បន្ថយបម្រែបម្រួល អាកាសធាតុថែមទៀតផង។

គួររំលឹកផងដែរថា នាអំឡុងឆ្នាំ២០១៥កន្លងទៅនេះ ដើម្បីរួមចំណែកដល់ការការពារឆ្នេរកែប សភាយុវពាណិជ្ជករអន្តរជាតិ(JCI) កម្ពុជា សាខាចតុមុខ បានដាំដើមកោងកាងចំនួន២០០០ដើម និងដើមឈើសម្រាប់រុក្ខវិថីនិងទីសាធារណៈប្រមាណ៤០០ដើម នៅក្នុងខេត្តកែបទ្រង់ទ្រាយធំ ដោយរួមបញ្ចូលសកម្មភាពអប់រំ និងកម្សាន្ត នៅសាលារៀនផ្សេងៗជាមួយពលរដ្ឋនៅទីនោះ ទាំងក្មេង ទាំងចាស់ផងដែរ។ ហើយនេះជាលើកទី៣ហើយ ដែលសភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា សាខាចតុមុខ រៀបចំកម្មវិធីដាំដើមឈើ ទ្រង់ទ្រោយធំនៅក្នុងប្រទេសកម្ពុជា។

គួរឲ្យដឹងថា សភាយុវពាណិជ្ជករអន្តរជាតិ(JCI) កម្ពុជាត្រូវបានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់នៅឆ្នាំ ២០១០ ដោយមានសាខាក្នុងស្រុក ចំនួនបីគឺនៅ (ភ្នំពេញ ចតុមុខ និងមេគង្គ) និងមានសមាជិកជាង២០០នាក់ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមស្តីអំពីសាភាយុវពាណិជ្ជកេអន្តរជាតិ កម្ពុជា សូមចូលទៅកាន់គេហទំព័ររបស់យើង www.jcicambodia.com ។

ហើយសម្រាប់ប្រិយមិត្ត ដែលចង់ចូលរួមដាំដើមឈើ ឬក៏ចង់ដឹងព័ត៌មានបន្ថែមអំពីការដាំដើមឈើ សូមទំនាក់ទំនង៖ លោក លឹម មូលីរស្មី ដែលជាប្រធានសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា សាខាចតុមុខ តាមរយៈទូរស័ព្ទលេខ ០៧៧ ៨១១ ១១៨ និង ០៩៣ ៣៣៤ ០០០ ឬតាមរយៈអ៊ីម៊ែល៖ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]