(ប៉ៃលិន)៖ គូរស្នេហ៍១គូ​​​បើកបរ​ម៉ូតូ​ ​MSX​ ក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោងមិនប្រយ័ត្ន ក៏រ៉េចង្កូតទៅបុកនិងដុំថ្ម ដែលនៅម្ខាងផ្លូវ រួចធ្លាក់ចូលប្រឡាយបណ្តាលឲ្យខាងស្រីស្លាប់​ ចំណែក​ខាងប្រុស​រងរបួសធ្ងន់​។

ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍​នេះកើតឡើង នៅវេលាម៉ោង០២៖១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥៩ ក្នុងភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក ជុំ វឿន នាយប៉ុស្តិ៍​រដ្ឋបាលឃុំស្ទឹងកាច់ បានឲ្យដឹងថា នារីវ័យក្មេងដែលស្លាប់ឈ្មោះ ឈន ស្រីអែម អាយុ១៩ឆ្នាំ ជាអ្នករួមដំណើរ រស់នៅភូមិទូលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ (ស្លាប់និងកន្លែង) ចំណែកបុរសដែលជាអ្នកបើកបរឈ្មោះ យ៉ាន ដាហ្វីន អាយុ១៩ឆ្នាំ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសធ្ងន់ដោយបើកម៉ូតូម៉ាក់ MSX ពណ៌ខៀវ គ្មានស្លាកលេខ បើកបរពីត្បួងទៅជើងក្នុងបំណងទៅស្រុកសាលាក្រៅ។

​សមត្ថកិច្ច​បន្តថា​ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង បើកបរក្នុងល្បឿនលឿន ដែលមានសំឡេងខ្លាំង មួយសន្ទុះក្រោយមកស្រាប់តែ បាត់សំឡេងរួចក៏នាំគ្នាទៅមើល ក៏ឃើញគូស្នេហ៍​១ គូរស្លាប់នេះ ស្លាប់​ម្នាក់​ និងរងរបួសធ្ងន់ម្នាក់។ ក្រោយពី​កើត​ហេតុ​សមត្ថកិច្ច​ បានដឹកជនរងគ្រោះ​ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែដោយសភាពធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង។

​ក្រោយពេលកើតហេតុ គេឃើញមានសមត្ថកិច្ចចរាចរណ៍ស្រុកសាលាក្រៅ ចុះមកពិនិត្យ ព្រមទាំងប្រគល់សាកសពឲ្យក្រុមគ្រួសារ​ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំការដោះស្រាយតាមនីតិវិធី៕

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់​ដែរថា ដោយឡែកករណីមួយវិញទៀត ​២នាក់ មីងនិងក្មួយ ​ទៅបេះកញ្ឆែត រអិលជើង ធ្លាក់ប្រឡាយ លង់ស្លាប់ទាំងពីរ

ត្បូងឃ្មុំ ៖ ២នាក់មីង និងក្មួយ បានរអិលជើងធ្លាក់ ចូលប្រឡាយលង់​​ស្លាប់ទាំងពីរនាក់ ខណៈពេលចុះ បេះកញ្ឆែតកាលពីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចប្រឡាយទឹក ស្ថិតក្នុងភូមិគោល ឃុំរកាពប្រាំ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មានពីមន្រ្តី សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ជាស្ត្រី ទី១ ឈ្មោះ កែវ ធារ៉ា អាយុ ២២ឆ្នាំ ត្រូវជាម្តាយមីង និង ឈ្មោះ ចាន់ ស្រីធី អាយុ ១៥ឆ្នាំ ត្រូវជាក្មួយ អ្នក ទាំងពីរមានទីលំនៅភូមិ៨.១៥ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។​

មុនពេលកើតហេតុ មានក្មេងឃ្វាល គោ បានឃើញស្ត្រីរងគ្រោះទាំងពីរនាក់ បានទៅបេះកញ្ឆែត​នៅប្រឡាយទឹក ដែលបណ្តោយមានប្រវែង ២គីឡូម៉ែត្រ និងទទឹងប្រវែងជិត ៣ម៉ែត្រ ដោយខណៈនោះ មានក្មេងស្រីជំទង់ បានចុះបេះកញ្ឆែត នៅមាត់ប្រឡាយ ហើយបានរអិលជើងធ្លាក់ចូលក្នុងទឹកប្រឡាយនោះ ​ឃើញដូច្នោះទើបស្ត្រី ជាម្តាយ មីង បានស្ទុះទៅជួយចាប់​សក់ជួយសង្រោះក៏រអិលជើង ធ្លាក់ចូលក្នុងទឹកលង់ស្លាប់ទាំងពីរ​តែម្តង។

ក្រោយពីឃើញហេតុការណ៍នោះភ្លាម ក្មេងឃ្វាលគោ បានរត់ទៅហៅ អ្នកបង់សំណាញ់ដែលមាន ចម្ងាយ ៥០ម៉ែត្រពីកន្លែងកើតហេតុ ឲ្យជួយជនរងគ្រោះ បន្ទាប់មកអ្នកបង់សំណាញ់ បានទូរស័ព្ទ ហៅសាច់ញាតិជនរងគ្រោះឲ្យមកជួយរាវរកដែរ ប៉ុន្តែជាអកុសលស្ត្រីពីរនាក់មីងនិងក្មួយ បានឈ្លក់ទឹក ស្លាប់បាត់ទៅហើយ។

សមត្ថកិច្ច បានបញ្ជាក់ផងដែរថា ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំ បានសហការជាមួយគ្រូពេទ្យ ចុះធ្វើការពិនិត្យសាកសព នៅកន្លែងកើតហេតុ ឃើញថា ជនរងគ្រោះទាំងពីរនាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]