ភ្នំពេញ៖ កាលពីវេលាព្រឹកមិញនេះ ក្រុមគោព្រៃជម្រើសជាតិកម្ពុជា បានចាកចេញទៅប្រទេសសាំងហ្គាពួរហើយ ដើម្បីត្រៀមប្រកួតមិត្តភាពនៅថ្ងៃអាទិត្យខាងមុខនេះ។ ក្នុងនោះដែរ គេសង្កេតឃើញខ្សែបំរើស្លាបស្តាំរបស់ក្រុមជម្រើសជាតិ កីឡាករ ឈិន ឈឿន ក៏ត្រូវបានភរិយា ដែលកំពុងមានផ្ទៃពោះ ជូនដំណើរមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ នេះបើយោងតាមរូបភាពនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហោះដោយភរិយា កីឡាករ ឈិន ឈឿន ។

នៅក្នុងរូបភាពដ៏ផ្អែមល្ហែម ដែលបានបង្ហោះពីព្រឹកមិញ ម្ចាស់គណនីដែលជាភរិយារបស់ខ្សែបំរើរូបនេះ បានសរសេរបញ្ជាក់ថា « #Good morning with hubby ជូនម្ចាស់ប្តីទៅក្រៅ ជូនពរឲបងទួទលបានជោគជ័យគ្រប់ការងាររបស់បង បែកគ្នាមួយរយះធំទៀតហើយ»

គួរបញ្ជាក់ផងដែរថា ឈិន ឈឿន ក៏ដូចជាក្រុមជម្រើសជាតិទាំងមូល ត្រូវបានឃ្លាតឆ្ងាយពីក្រុមគ្រួសារមួយរយៈ ដើម្បីចេញទៅប្រកួតមិត្តភាពជាមួយប្រទេសសាំងហ្គាពួរ ដើម្បីត្រៀមខ្លួនប្រកួតយកពានរង្វាន់ AFF Suzuki Cup នៅចុងខែវិច្ឆិកានេះ។ 

ទន្ទឹមនឹងការជូនស្វាមី ចេញដំណើរទៅឆ្ងាយ កាលពីយប់មិញ ភរិយារបស់កីឡាកររូបនេះ ក៏បានត្រៀមនូវរបស់របរជាច្រើនផងដែរ សម្រាប់ទុកឲ្យស្វាមីទៅក្រៅប្រទេស ក្នុងនោះមានដូចជាចំនីអាហារផ្សេងៗ។ ជាមួយនឹងសកម្មភាពដ៏ផ្អែមល្ហែមបែបនេះ ក៏ត្រូវបានមហាជន និងអ្នកគាំទ្រ កោតសរសើរផងដែរចំពោះចំណងស្នេហារបស់អ្នកទាំងពីរ ជាពិសេសកីឡាករ ឈិន ឈឿន ដែលមានភរិយា ចេះរៀបចំទុកដាក់ និងមើលថែគ្រប់ពេលវេលា។

មួយវិញទៀត ឈិន ឈឿន និងក្រុមជម្រើសជាតិកម្ពុជា ក៏ទទួលបានសារជូនពរឲ្យទទួលបានជោគជ័យ ពីសំណាក់ប្រិយមិត្តអ្នកគាំទ្រផងដែរ ក្នុងការប្រកួតទល់ជាមួយនឹង ក្រុមជម្រើសជាតិសាំងហ្គាពួរនៅថ្ងៃអាទិត្យខាងមុខនេះ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ភរិយាកីឡាករ ឈិន ឈឿន បារម្ភពីស្វាមីខ្លាំង ស្របពេលកីឡាកររូបនេះ ត្រូវទៅហ្វឹកហាត់ត្រៀម ប្រកួតឲ្យក្រុមជម្រើសជាតិ។ ក្រុមកីឡាករជម្រើសជាតិកម្ពុជា ត្រូវបានកោះហៅឲ្យចូលទីលានវិញ ដើម្បីធ្វើការហ្វឹកហាត់ ត្រៀមខ្លួនប្រកួតមិត្តភាព និងជាពិសេសក្នុងការប្រកួតយកពានរង្វាន់ AFF Suzuki Cup នាចុងខែវិច្ឆិកាខាងមុខនេះ។

ទាក់ទងនឹងការហ្វឹកហាត់ដើម្បីត្រៀមប្រកួតនេះដែរ កីឡាករនីមួយៗត្រូវឃ្លាតឆ្ងាយពីគ្រួសារម្តងទៀតហើយ មិនថែមតែប៉ុណ្ណោះក៏មានកីឡាករមួយចំនួន ត្រូវឃ្លាតពីប្រពន្ធនិងកូនថែមទៀតផង ។ ជាក់ស្តែងដូចជាខ្សែបំរើស្លាបរបស់ក្រុមជម្រើសជាតិមួយរូប គឺកីឡាករ ឈិន ឈឿន ក៏ត្រូវឃ្លាតឆ្ងាយពីភរិយាកំពុងមានផ្ទៃពោះ ផងដែរ ដើម្បីទៅហ្វឹកហាត់ត្រៀមប្រកួត។

ការចាកចេញទៅហ្វឹកហាត់របស់កីឡាករូបនេះ បានធ្វើឲ្យភរិយាបារម្ភពីរូបគេយ៉ាងខ្លាំង ដោយកាលពីយប់កន្លងទៅ គណនីហ្វេសប៊ុកមួយឈ្មោះ Oun Len CL ត្រូវបានគេស្គាល់ថាជាភរិយាខ្សែបំរើរូបនេះ បានបង្ហោះឲ្យដឹងថា «ជួបគ្នាបាន1សប្តាហ៍ ឥឡូវទៅបាត់ទៀតហើយ ខែក្រោយទើបបានជួបគ្នាទៀត ថែរក្សាខ្លួនផងប្រយត្ន័ឈឺ ដឹងថាអូនបារម្មណ៍ព្រោះនៅឆ្ងាយពីគ្នា» ។

តែយ៉ាងណាមិញ ឈិន ឈឿន មិនត្រឹមតែទទួលបានការព្រួយបារម្ភ និងការស្រលាញ់ពីភរិយាប៉ុណ្ណោះទេ កីឡារូបនេះថែមទាំងទទួលបានកម្លាំងចិត្ត និងការគាំទ្រពីភរិយាដែលកំពុងមានផ្ទៃពោះមួយរូបនេះទៀតផង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]