អាមេរិក៖ តើមានមនុស្សប៉ុន្មាននាក់ ដែលអាចផ្លាស់ប្តូរជីវិតរបស់ខ្លួន ពីភាពតោកយ៉ាកក្រលំបាក ក្លាយទៅជាបុគ្គលជោគជ័យម្នាក់វិញនោះ?

ជាក់ស្តែង វាពិតជារឿងមួយដែលធ្វើឲ្យ មនុស្សគ្រប់គ្នាសឹងតែនឹកស្មានមិនដល់ ដោយបុរសចំណាស់វ័យ ៤០ផ្លាយម្នាក់ គ្មានផ្ទះសំបែង និងថែមទាំងជាមនុស្សញៀនថ្នាំ តែបែរជាប្រែក្លាយជីវិត ទៅជាបុគ្គលម្នាក់ដ៏លេចធ្លោ និងមានប្រាក់រាប់លាន។

នេះបើតាមវេបសាយបរទេស Viral4real បានចេញផ្សាយកាលពីថ្ងៃសុក្រ ទី៤ វិច្ឆិកា ម្សិលមិញនេះ បានឲ្យដឹងថា បុរសខាងលើនេះមានឈ្មោះថា លោក Khalil Rafiti មានវ័យ៤៦ឆ្នាំ ដែលកន្លងមករស់នៅក្នុងជីវិតដ៏លំបាកបំផុត ជាមនុុស្សគ្មានផ្ទះសំបែង និងថែមទាំងជាអ្នកញៀនថ្នាំថែមទៀតផង។

រហូតមានថ្ងៃមួយ មិត្តភក្តិរបស់គាត់ម្នាក់ បានផ្តល់គំនិត និងដំបូន្មានល្អៗ និងថែមទាំងលើកទឹកចិត្តលោក Khalil ធ្វើយ៉ាងណាឲ្យជីវិតរបស់គាត់ បានផ្លាស់ប្តូរប្រសើរឡើងវិញដូចគេឯងផងដែរ ដូចជាណែនាំលោក Khalil ឲ្យបើកអាជីវកម្ម ធ្វើទឹកផ្លែឈើស្រស់ ដើម្បីឲ្យអារម្មណ៍របស់លោក Khalil បានចាកចេញពីភាពសោកសៅ និងមានជំនឿជឿជាក់ លើខ្លួនឯងជាថ្មីម្តងទៀត។

ដំបូងឡើយ លោក Khalil បានចាប់ផ្តើមធ្វើទឹកផ្លែឈើស្រស់ សម្រាប់ផ្តល់ឲ្យអ្នកជំងឺ និងបុគ្គលិកបម្រើការនៅមជ្ឈមណ្ឌល Rivera Recovery Center (ជាមជ្ឈមណ្ឌលកែប្រែ សម្រាប់អ្នកញៀនថ្នាំ) ព្រោះវាគឺជាមជ្ឈមណ្ឌលមួយ ដែលបានធ្លាប់មើលថែទាំគាត់កន្លងមក រហូតធ្វើឲ្យសុខភាពគាត់ បានប្រសើរឡើងមកទល់ពេលនេះ។

អស់រយៈជាង៥ឆ្នាំ នៃអាជីវកម្មរបស់គាត់ គឺមានការទទួលស្គាល់ជាច្រើន ពីសំណាក់មហាជនទូទៅ នៅតំបន់ Hollywood នៃទីក្រុង Los Angeles រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ដែលជាទឹកដីកំណើតរបស់គាត់ផ្ទាល់។ លើសពីនេះ លោក Khalil ថែមទាំងមានសមត្ថភាព អាចបើកបារតូចមួយ ដែលមានស្លាកយីហោថា «SunLife Organics» ដែលមានបម្រើនូវភេសជ្ជៈជាច្រើនមុខ ល្បីរហូតទល់បច្ចុប្បន្ននេះផងដែរ និងមាន ៦ទីតាំងនៅក្នុង Los Angeles

អ្វីដែលរឹតតែ ពិសេសជាងនេះទៅទៀតនោះ លោក Khalil  បានបញ្ចេញស្នាដៃ និងចែករំលែកពីបទពិសោធន៍របស់ខ្លួន តាមរយៈការសរសេរសៀវភៅ ដែលមានចំណងជើងថា «I Forgot to Die» ដែលរៀបរាប់ពីជីវិតពិត ក្រលំបាករបស់គាត់ នាអតីតកាល ថាមនុស្សគ្មានផ្ទះសំបែង និងញៀនថ្នាំ អស់រយៈពេលជាង១៣ឆ្នាំ ជាមួយនឹងរូបរាងស្គមស្គាំង ទម្ងន់ត្រឹមតែ ៤៨គីឡូក្រាមតែប៉ុណ្ណោះ តស៊ូរហូតមានភាពជោគជ័យ មកទល់ពេលនេះផងដែរ។ គួរបញ្ជាក់ថា គាត់ទទួលបានការគាំទ្រ ពីសំណាក់មហាជនទូទៅជាច្រើន នូវស្នាដៃសៀវភៅរបស់គាត់ ជាមួយនឹងការលក់ដាច់ច្រើនបំផុតថែមទៀតផង៕

Daily Mail | Viral4real

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]