កំពត៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ កាលពីប៉ុន្មានម៉ោងមុននេះ បានធ្វើឲ្យនារីវ័យក្មេង២នាក់ បានរងរបួសធ្ងន់ ឈាមស្រោចពេញខ្លួន។

បើផ្អែកតាមរូបថត និងវីដេអូដែលគណនីហ្វេសប៊ុកឈ្មោះ Ty Veasna បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅមុខមន្ទីរពេទ្យកំពង់កណ្តាល ខេត្តកំពត ដោយម៉ូតូ២គ្រឿង បានបុកគ្នាយ៉ាងខ្លាំង បណ្តាលឲ្យនារីវ័យក្មេង២នាក់ មានម្នាក់ជាសិស្សសាលា បានដួលសន្លប់ និងឈាមស្រោចពេញខ្លួន គួរឲ្យអាណិត។ 

អ្វីដែលចាប់អារម្មណ៍ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនេះ គឺសង្កេតឲ្យឃើញថា នារីវ័យក្មេង មិនស្គាល់អត្តសញ្ញាណទាំងពីរនាក់ មិនបានពាក់មួកសុវត្ថិភាពដូចគ្នា ហើយជាមួយការជិះម៉ូតូ ក្នុងល្បឿនលឿនដូចគ្នាទៀតនោះ ទើបធ្វើឲ្យពួកគេរងរបួសធ្ងន់ធ្ងរយ៉ាងដូច្នេះ។ ក្នុងនោះ ក៏មានមនុស្សមួយចំនួន បានព្យាយាមលើកម៉ូតូពួកគេ តែអ្នកខ្លះ បានសុខចិត្តថតរូបបង្ហោះទៅវិញ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមភាគច្រើន រិះគន់ផងដែរ។

ប៉ុន្តែយ៉ាងណាមិញ ខ្មែរឡូតជូនពរឲ្យប្អូនស្រីទាំងពីរ ឆាប់ជាសះស្បើយ ដើម្បីអាចប្រកបការងារ រឺបន្តការសិក្សាបានជាធម្មតាឡើងវិញ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានយុវជនឈាមរាវ២នាក់ ជិះម៉ូតូម៉ាក MSX ក្នុងល្បឿនលឿនពេកក៏រេចង្កូត បានជ្រុលទៅបុកបង្គោលចំណាំងផ្លាត ដែលដាំសម្គាល់ផ្លូវកោងនៅតាមផ្លូវ បណ្ដាលស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសបាក់ជើង។ ហេតុការណ៍នេះ កើតឡើងនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយមានម៉ូតូទៅបុកបង្គោល ចំណាំងផ្លាតដោយខ្លួនឯង បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសបាក់ជើងម្នាក់។

លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម បានបន្តថា ម៉ូតូម៉ាក MSX ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ា អ៉ី អាយុ២០ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (របួសបាក់ជើង) ចំណែកអ្នករួមដំណើរ ឈ្មោះ ឈឹម ចិន អាយុ២២ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ស្លាប់)។

លោកអនុសេនីយ៍ឯកបានបន្តទៀតថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បង្អែកក្រុងសិរីសោភ័ណ ដើម្បីព្យាបាល រីឯសពម្នាក់ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ កម្លាំងអាវុធហត្ថបាន យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]