ភ្នំពេញ៖ ធម្មតាឪពុកម្តាយគ្រប់រូបតែងតែស្រលាញ់ និងយកចិត្តទុកដាក់លើកូនៗរបស់ខ្លួនយ៉ាងខ្លាំង ទោះបីខ្លួនឯងស្ថិតក្នុងកាលៈទេសៈនឿយហត់ យ៉ាងណាក្តី។

ជាក់ស្តែង កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៣ វិច្ឆិកា ម្សិលមិញ មានគណនីហ្វេសប៊ុកមួយ ប្រើឈ្មោះថា Amouy Toch បានធ្វើការបង្ហោះចែកចាយ នូវរូបភាពមួយសន្លឹក របស់អ៊ំស្រីដ៏គួរឲ្យកំសត់ម្នាក់ ខិតខំសន្សំលុយកាក់បន្តិចបន្តួច ចេញចូលហាងលក់ទូរស័ព្ទដៃយីហោ «ស៊ីធី ហ្សូន» ទល់មុខផ្សារទួលទំពូង ជាច្រើនលើកច្រើនសារ បំណងចង់ទិញទូរស័ព្ទស៊េរីទំនើបម៉ាក iPhone 5C (មួយទឹក) ទុកជូនកូនប្រុសជាទីស្រលាញ់របស់គាត់។

ក្នុងនោះម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានសរសេរអមជាមួយនឹងសារខ្លីមួយថា «ហេតុផលមួយព្រោះតែក្តីស្រលាញ់ចំពោះកូន ក៏ខំមកសួរម្តងហើយម្តងទៀត តថ្លៃម្តងហើយម្តងទៀត គាត់ថា គាត់ជាកម្មករសំណង់ទេ រកមួយថ្ងៃហូបមួយថ្ងៃ ខំសន្សំណាស់ទម្រាំទិញបានអាថ្លៃឲ្យកូន! មិនដឹងជួយគាត់ម៉េចទេ មានតែបញ្ចុះតម្លៃខ្លះ ថែមស្រ្គីន ស្រោម និងកូកាមួយកំប៉ុង!»

ទាក់ទងទៅនឹងរឿងរ៉ាវ អ៊ំស្រីខាងលើនេះដែរ ខណៈមានអ្នកនិយមលេងបណ្តាញសង្គមជាច្រើន កំពុងតែមានការចាប់អារម្មណ៍នោះ ក្រុមការងារខ្មែរឡូតយើង ក៏បានធ្វើការសម្ភាសន៍សាកសួរព័ត៌មានខ្លះៗ តាមរយៈខ្សែទូរស័ព្ទ ជួបផ្ទាល់ពីសំណាក់បងប្រុស ស៊ុយ ផេង ដែលជាម្ចាស់គណនីហ្វេសប៊ុក Amouy Toch ហើយក៏ជាហាងលក់ទូរស័ព្ទខាងលើនេះ ដែលមានយីហោថា «ស៊ីធី ហ្សូន» ទល់មុខផ្សារទួលទំពូង បានជម្រាបមកកាន់ខ្មែរឡូតថា រូបគាត់ក៏មិនបានសាកសួរឈ្មោះ អ៊ំស្រីខាងលើនេះថាឈ្មោះអ្វីនោះឡើយ គ្រាន់តែដឹងថា អ៊ំស្រីនេះអញ្ជើញមកហាងលក់ទូរស័ព្ទដៃ របស់បងប្រុស ស៊ុយ ផេង នេះ ជាច្រើនលើកច្រើនសារមកហើយ ដើម្បីតថ្លៃទិញទូរស័ព្ទឲ្យកូនប្រុសរបស់គាត់។

បងប្រុស ស៊ុយ ផេង បន្តទៀតថា «អ៊ំស្រីនេះ គាត់គឺជាកម្មករសំណង់ម្នាក់ ធ្វើការនៅជិតៗហាងខ្ញុំនេះដែរ។ ហើយគាត់បានអញ្ជើញមកហាងរបស់ខ្ញុំ ៤ទៅ៥ដងទៅហើយ។ ចំពោះមូលហេតុដែលខ្ញុំលក់បញ្ចុះតម្លៃ និងថែមនេះថែមនោះឲ្យគាត់នោះ ក៏ដោយសារតែអាណិតគាត់ ព្រោះថាពេលគាត់អញ្ជើញមកហាងខ្ញុំ ខ្ញុំឃើញគាត់ស្លៀកពាក់ខោមិនខោ អាវមិនអាវ សក់កន្រ្ទីងកន្រ្ទើង។ ម្យ៉ាងវិញទៀត អ៊ំស្រីខាងលើនេះ ក៏បានជម្រាបប្រាប់ខ្ញុំថា គាត់ខំធ្វើការ និងព្យាយាមសន្សំលុយ ជាង៣ខែឯណោះ យ៉ាងត្រដាបត្រដួស ដើម្បីបានលុយទិញទូរស័ព្ទទំនើបមួយគ្រឿងនេះ»

បងប្រុស ស៊ុយ ផេង បានឲ្យដឹងទៀតថា «...អ៊ំស្រីខាងលើនេះ បានប្រាប់ខ្ញុំថា ម្ហូបគាត់ញ៉ាំមួយថ្ងៃៗ ត្រូវចំណាយអស់ប្រមាណជាង ១០,០០០រៀល ហើយគាត់ខំកាត់បន្ថយនៅសល់ត្រឹមតែ ៥,០០០រៀលប៉ុណ្ណោះ ដើម្បីទុក ៥០,០០០រៀលទៀតសន្សំទុក។ លើសពីនេះ អ៊ំស្រីថែមទាំងធ្វើការ ជាកម្មករសំណង់នេះ ថែមម៉ោងទៀតផងដើម្បីបានកម្រៃបន្ថែម។ គាត់ធ្វើការព្រឹក៣ម៉ោង ល្ងាច៣ម៉ោង ក្នុងមួយថ្ងៃគេឲ្យគាត់២ដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលគាត់ ធ្វើការថែមម៉ោងទៀតទៅ អាចទទួលបាន ៣ទៅ៤ដុល្លារ ពីលើបន្ថែមទៀតផងដែរ។ ចំពោះការទិញទូរស័ព្ទនេះ អ៊ំស្រី ក៏បានខ្ចីលុយពីអ្នកដែលធ្វើការជាមួយគាត់ បន្តិចបន្តួចបន្ថែមទៀត ដើម្បីបង្គ្រប់លុយទិញផងដែរ ដោយថានឹងសងគេវិញនៅពេលក្រោយ។ អ៊ំស្រីនិយាយទៀតថា កូនប្រុសគាត់មិនបានទារឲ្យគាត់ទិញឲ្យគេទេ តែដោយសារតែអ៊ំស្រី ស្រលាញ់កូន និងចង់ឲ្យកូនរបស់គាត់ បានប្រើប្រាស់នូវរបស់ល្អៗដូចគេ ទើបគាត់ខំធ្វើការសន្សំលុយ ដើម្បីទិញវា។ បើនិយាយទៅ កូនប្រុសគាត់គឺជាអ្នកលាង ឡាន ម៉ូតូ នៅឆ្ងាយពីគាត់ ដូចជានៅម្តុំអូឡាំពិកឯណោះ។ ហើយកូនរបស់គាត់ធ្វើការ តែងតែផ្ញើលុយឲ្យគាត់មិនដែលខាននោះឡើយ គឺផ្តល់លុយឲ្យគាត់តែរហូតហ្នឹង។ ប៉ុន្តែគ្រាន់តែថា លុយដែលកូនប្រុសគាត់ឲ្យមកគាន់ គឺបានត្រឹមសន្សំទុក ដើម្បីយកទៅបង់រំលោះរឿងជំពាក់គេតែប៉ុណ្ណោះ»

ចុងក្រោយ បងប្រុស ស៊ុយ ផេង បន្ថែមថា «...អ៊ំស្រី គាត់សប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលខ្ញុំព្រមលក់ឲ្យគាត់ ហើយគាត់ថែមទាំងប្រាប់ឲ្យខាងខ្ញុំជួយអ៊ុត ដាក់ប្រអប់ដាក់អី ឲ្យស្អាតសម្រាប់ទុកឲ្យកូនរបស់គាត់ផងដែរ ហើយគាត់ថែមទាំងជូនពរខ្ញុំជាច្រើនថែមទៀតផង» ៕      

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]