ថៃ៖ នៅពេលដែលនិយាយ ដល់ការសម្តែងនៅក្នុងខ្សែភាពយន្ត យើងកម្រឃើញរឿងណាមួយ ដែលគ្មានតួចិត្តអាក្រក់តាមច្រណែនឈ្នានីស ហែកហួរតួឯកណាស់ ហើយមានរឿងខ្លះតម្រូវឱ្យតួកាច ធ្វើអាក្រក់គ្មានព្រំដែន ដើម្បីឱ្យតួឯកទទួលរងទុក្ខវេទនាស្ទើរតែស្លាប់ខ្លួនទៀតផង ក៏មានមិនតិចរឿងដែរ។

ដូចគ្នានេះ នៅក្នុងចំណោមតួស្រីចិត្តអាក្រក់ជាច្រើននាក់ជឿជាក់ថា អ្នកទស្សនាក៏ធ្លាប់បានស្គាល់រួចមកហើយមែនទេ ពីតារាស្រីម្នាក់ដ៏ស៊ិចស៊ី ថែមទាំងមានចរឹត កាចឆ្នាស់ ឃោឃៅ គួរឱ្យស្អប់នៅក្នុងរឿងភាគថៃ គឺនាង Maisukhon ភាគច្រើននៅក្នុងការសម្តែងនាងតែងត្រូវបានគេស្គាល់ថា នាងដើរតួជាកំពូលនារីចិត្តអាក្រក់ ពិសេសពូកែខាងរឿងដណ្តើមប្រុស ទុកចិត្តចុះគ្មាននរណាអាក្រក់ស្មើនាងនោះទេ។ 

ប៉ុន្តែការពិត ឆាកជីវិតផ្ទាល់របស់នាង Maisukhon មានអាថ៌កំបាំងនៅពីក្រោយមិនគួរឱ្យជឿ នោះគឺនាងជាអ្នកធ្វើការស្ម័គ្រចិត្ត មើលការថែទាំព្យាបាលអ្នកជម្ងឺ ទាំងចាស់ទាំងក្មេងដ៏ល្អម្នាក់ នៅក្នុងមន្ទីរពេទ្យមួយកន្លែង ហើយថែមទាំងដើរជួយគេ តាមទីតាំងដទៃៗទៀតដែរ រហូតដល់ត្រូវបានគេទទួលស្គាល់ជាច្រើន និងដាក់រហស្សនាមឱ្យនាងថា អ្នកគ្រូពេទ្យទេវតាថែមទៀតផង អស់រយៈពេលជាង៧ឆ្នាំកន្លងមកនេះ។

នាង Maisukhon បានក្លាយទៅជាអ្នកគ្រូពេទ្យស្ម័គ្រចិត្តដ៏ល្អម្នាក់ ដោយមានឈ្មោះ ហៅក្រៅថា «បក្សីលឿង»។ នាងបានចូលខ្លួនធ្វើជាអ្នកស្ម័គ្រចិត្ត ថែទាំអ្នកជម្ងឺ ប្រហែលជាជាង៧ឆ្នាំមកហើយ ដោយមានតួនាទីជា អ្នកមើលថែ ងូតទឹកកក់សក់ឱ្យ ជាអ្នកផ្តល់យោបល់ លើកទឹកចិត្ត នាំអ្នកមានវិបត្តិទៅដើរលេងកម្សាន្តអ្វីៗផ្សេងទៀតជាច្រើនយ៉ាង ដែលអាចធ្វើឱ្យអ្នកជម្ងឺមានភាពធូរស្បើយឆាប់រហ័ស។ ហេតុដូច្នេះ នាងក៏ត្រូវបានមនុស្សនៅក្នុងសង្គមស្រលាញ់ រាប់អានយ៉ាងខ្លាំងក្នុងការធ្វើអំពើល្អសម្រាប់សង្គមមួយនេះ។

អ្នកមិនដឹងតែងតែស្អប់នាងណាស់ នៅក្នុងការសម្តែងម្តងៗ ប៉ុន្តែធាតុពិតនាងមិនអាក្រក់ដូចក្នុងរឿងទេ។ ពិតជាភ្ញាក់ផ្អើលដែរ ធ្លាប់តែឃើញនៅក្នុងរឿងនាង ដើរតួជាស្រីឈ្នានីសគេ រកលេខដាក់គ្មាន តែនៅក្រៅឆាកបែរជាចិត្តល្អយ៉ាងនេះទៅវិញ៕

ខាងក្រោមនេះគឺជាសកម្មភាពនាង Maisukhon កំពុងបម្រើការមើលថែអ្នកជំងឺ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]