ភ្នំពេញ៖ ទីបំផុតភរិយារបស់កីឡាករប្រដាល់ដ៏ឆ្នើមមួយរូប របស់ព្រះរាជាណាចក្រកម្ពុជា វ៉ន វីវ៉ា  សម្រាលបានកូនស្រីម្នាក់ហើយ។ នេះបើយោងតាមទំព័រហ្វេសប៊ុកគុណខ្មែរ  បានបង្ហោះឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែតុលា ២០១៦ នេះ។

ប្រភពដដែលបានបញ្ជាក់ឲ្យដឹងថា អ្នកនាង ស៊ន ដាវីន ដែលត្រូវបានគេស្គាល់ថាជាបងស្រីបង្កើតរបស់ កញ្ញា ស៊ន សៀវមីុ និងត្រូវជាភរិយារបស់កីឡាករ វ៉ន វីវ៉ា នាងសម្រាលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់ ដោយបានដាក់ឈ្មោះរួចជាស្រេចផងដែរថា វីវ៉ា វីនហ្វីណា ។ គួរបញ្ជាក់ថា កីឡាករ វ៉ន វីវ៉ា និង ស៊ន ដាវីន បានរៀបការជាមួយគ្នាអស់រយៈពេលជិត២ឆ្នាំមកហើយ។

ក្នុងនោះដែរ មានប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រជាច្រើន បានសរសេរសារអបអរសាទរ និងជូនពរដល់ពួកគេយ៉ាងច្រើនផងដែរ៕

ប្រភព៖ Facebook

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ស៊ន ដាវីន និង វ៉ន វីវ៉ា រៀបផែនការ គ្រួសារ ក្រោយភ្ជាប់ពាក្យ ។ គួររំលឹកផងដែរថា បើទោះជាមានអាជីព ដោយឡែករៀងខ្លួន ទៅហើយក៏ដោយ ក៏គូស្នេហ៍ល្បីល្បាញ ក្នុងពិភពកីឡាដូចគ្នា គឺអ្នកប្រដាល់ វ៉ន វីវ៉ា និងជើងឯកតេក្វាន់ដូ នាងស៊ន ដាវីន នៅតែត្រូវការ អាជីពបន្ថែម ។ ជាពិសេសក្នុងពេលដែលអ្នកទាំងពីរ ត្រូវការរៀបចំផ្លូវជីវិត ក្នុងនាមជាស្វាមីភរិយា ស្របតាមប្រពៃណី ក្នុងពេលដ៏ខ្លីបែបនេះ ។

អ្នកស្រី សួន ចាន់ធី វ័យ៥៦ឆ្នាំ ម្ដាយរបស់ស៊ន ដាវីន មានប្រសាសន៍ថា ក្រោយភ្ជាប់ពាក្យ កូនស្រីឱ្យកីឡាករ វ៉ន វីវ៉ា កាលពីថ្ងៃទី១២ តុលា អ្នកស្រី ក៏ដូចជាក្រុមគ្រួសារ កំពុងគិតគូរយ៉ាងខ្លាំង ដើម្បីកំណត់ឱ្យ អ្នកទាំងពីរទទួល បានអាជីពថ្មី បន្ថែមជាដាច់ខាត នៅមុនពេលរៀបការ ឬក្រោយពេល រៀបការខាងមុខ ។ អ្នកស្រីមានគម្រោង រៀបការឱ្យអ្នកទាំងពីរ នៅចន្លោះខែមករា និងខែមីនា នាឆ្នាំក្រោយ ខណៈដែល ពេលវេលាជាក់លាក់ គឺអាស្រ័យលើការគន់គូរ របស់លោកអាចារ្យ ។ អ្នកស្រីមានប្រសាសន៍ថា ពួកយើងបាន ជជែកគ្នារួចហើយថា យ៉ាងហោច៣ខែ ក្រោយភ្ជាប់ពាក្យ ទើបខាងខ្ញុំ អាចរៀបចាត់ចែង រៀបការឱ្យទាន់ ហើយបើទោះ ជាលឿនណាស់ ក៏ត្រូវតែរៀបចំ ក្នុងខែមករា ឆ្នាំ២០១៥ ដែរ គឺមិនអាចធ្វើក្នុង ឆ្នាំ២០១៤នេះទេ ។ ក្នុងដំណាក់កាល ដែលវ៉ន វីវ៉ា និងស៊ន ដាវីន នៅជាគូដណ្ដឹង អ្នកស្រីប្រាប់ថា អ្នកទាំងពីរមិនអាច ជិះសេះលែងដៃ ឬនៅតែផ្ទះបន្ទំសាច់ ដូចគូស្នេហ៍ក្នុង ត្រកូលអ្នកមាន នោះទេ គឺត្រូវតែប្រឹងរកប្រាក់ ទាំង២នាក់តែម្ដង ដើម្បីធ្វើជាទុន ទុកផ្លាស់ប្ដូរអាជីព ឬបង្កើតជំនាញអ្វីមួយ ជំនួយឱ្យអាជីពកីឡា ឬបន្ថែមលើអាជីព ដែលមានស្រាប់ ។

អ្នកស្រីប្រាប់ថា ផ្អែកលើស្ថានភាពបច្ចុប្បន្ន វ៉ន វីវ៉ា នៅមិនទាន់មាន លំនឹងនោះទេ ដ្បិតអាជីពប្រដាល់ មិនខុសពី ទឹកនាចទឹកជោរ ដែលភាគច្រើន គឺបានតែល្អមើល តែមិនសល់ លុយកាក់ ។ អ្នកស្រីនៅមិនទាន់ ប្រាកដពីផែនការ ដែល វ៉ន វីវ៉ា ចាប់យកនៅមុន ពេលរៀបការ នៅឡើយទេ ប៉ុន្តែជាជំហាន នៃការពិភាក្សា គឺលោកដាច់ខាត ត្រូវតែទទួលយក ការបណ្ដុះបណ្ដាល ក្នុងជំនាញណាមួយ ដែលអាចធ្វើការបន្ថែម ឬបើកជារបរខ្លួនឯង នៅក្រោយពេលរៀបការ ។ អ្នកស្រីមានប្រសាសន៍ថា បើពឹងលើការប្រដាល់ គឺមិនអាចចិញ្ចឹមគ្នា រស់បានទេ អញ្ចឹងហើយទើប ពួកយើងលើក ទឹកចិត្តឱ្យ វ៉ន វីវ៉ា ខំប្រឹងរកប្រាក់ និងចាប់យកជំនាញ ណាមួយក្នុងពេល ដ៏ខ្លីខាងមុខ ដើម្បីធ្វើជាអាជីព ក្រោយពេលរៀបការ ។ វ៉ន វីវ៉ា នឹងអាចជំរុញឱ្យ រៀនជំនាញជាង ឬឯកទេសងាយៗ តែរកប្រាក់ស្រួល ។ ហេតុនេះ ទើបអ្នកស្រីកំណត់ ឱ្យលោក វ៉ន វីវ៉ា និងស៊ន ដាវីន រួមគ្នាពីឥឡូវរកប្រាក់ ដើម្បីទុកជាទុន បើកមុខរបរថ្មី ដែលស្រួលជាង អាជីពសព្វថ្ងៃ ។ ទោះជាយ៉ាងណា អ្នកស្រីប្រាប់ថា នៅមិនទាន់ដឹងច្បាស់ ពីមាគ៌ាដែលវ៉ន វីវ៉ា ត្រូវជ្រើសយក នៅឡើយទេ ក្នុងពេល វ៉ន វីវ៉ា ខ្លួនឯងនៅមិនទាន់ សម្រេចចិត្តទទួល យកជំនាញអ្វីមួយ នៅឡើយដែរ ទោះមានការពិភាក្សា បែបនេះក្តី ។ អ្នកស្រីប្រាប់ថា វ៉ន វីវ៉ា មិនបោះបង់ ការប្រដាល់នោះទេ ហើយបើទោះ ជាក្រោយរៀបការ លោកប្រដាល់លែងកើត ក៏អាចចាប់យក អាជីពជាគ្រូបង្វឹក ឬជាមន្ត្រីក្នុងផ្នែក សហព័ន្ធកីឡា ប្រដាល់ដែរ ប្រសិនបើលោក ស្រឡាញ់ពេញចិត្ត ។

ចំពោះ ស៊ន ដាវីន ជាកូនស្រីវិញ ក៏ត្រូវតែមានអាជីព មួយបន្ថែម ដូចគ្នាផងដែរ បើទោះជានាង បានក្លាយជាគ្រូកីឡា ក្នុងក្របខ័ណ្ឌរដ្ឋ ប្រចាំវិទ្យាល័យឫស្សីកែវ នាពេលថ្មីៗ និងបានប្រឡូក ជាគ្រូបង្វឹកផ្នែក តេក្វាន់ដូ ដែលមានចំណូល គួរសមខ្លះមកហើយក្តី ។ អ្នកស្រីបញ្ជាក់ថា ក្នុងនាមគ្រួសារ មិនមែនជាអ្នកមាន ដាច់ខាតត្រូវតែ ស្វះស្វែងគូសវាស ជោគវាសនាឱ្យ វ៉ន វីវ៉ា ជាអនាគតកូនប្រសា និងស៊ន ដាវីន ដែលជាកូនស្រី នៅមុនថ្ងៃរៀបការ ។ អ្នកស្រីពោលថា ៖ «បើនិយាយពីចំណេះ និងទ្រព្យសម្បត្តិ ខ្ញុំគិតថា វ៉ន វីវ៉ា គ្នាអត់មានទេ អញ្ចឹងហើយទើប ខ្ញុំគិតគូរឱ្យគេ ថាត្រូវតែមាន ជំនាញមួយ រីឯ ស៊ន ដាវីន ប្រហែលជាឱ្យ រកស៊ីតិចតួចបន្ថែម ដើម្បីកុំឱ្យពិបាក នៅក្រោយពេលរៀបការ» ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]