ភ្នំពេញ៖ រយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ប្រិយមិត្តដែលស្នេហាវិស័យកីឡាមួយចំនួនច្បាស់ជា បានជ្រាបហើយពីព័ត៌មានមួយស្តីពី អត្តពលិកឆ្នើមដ៏ស្រស់ស្អាតម្នាក់ គឺ កីឡាការនី ហែមថុន វិទីនី បានប្រកាសទទួលបង្រៀនសិស្ស ដែលមានបំណងចង់ចេះហែលទឹក ហើយអ្នកដែលចាប់អារម្មណ៍ គឺអាចទាក់ទងចុះឈ្មោះរៀនបាន ដោយមានកីឡាការនីរូបនេះ ជាអ្នកបង្រៀនផ្ទាល់។

រូបភាព កីឡាការនី ហែមថុន វិទីនី

ទាក់ទិននឹងការទទួលបង្រៀនសិស្សនេះដែរ គួររំលឹកថា កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅ កីឡាការនី ហែមថុន វិទីនី ធ្លាប់បានប្រកាសទទួលបង្រៀនជាផ្លូវការ ដោយវគ្គបង្រៀនមាន ២ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយវិទីនីផ្ទាល់ បានបន្ថែមឲ្យដឹងទៀត នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំមានដំណឹងជំរាបទៅបងប្អូនសំរាប់អ្នកដែលចង់ហ្វឹកហាត់ហែលទឹក សំរាប់អ្នកដែលមិនទាន់ចេះសោះ និងអ្នកដែលចេះហែលតិចៗ នៅពេលនេះនាងខ្ញុំ ហែមថុន វិទិនី នឹងចាប់ផ្តើមបង្ហាត់ដោយផ្ទាល់នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក រៀងរាល់ថ្ងៃសៅរ៏ និងថ្ងៃអាទិត្យ ទទួលទាំងសិស្សស្រី និងសិស្សប្រុស ចាប់ពីអាយុ 5ឆ្នាំឡើងទៅ សំរាប់ការចុះឈ្មោះបងប្អូនអាចទំនាក់មក acc facebook នាងខ្ញុំផ្ទាល់ ឫក៏អាចមកទំនាក់ទំនងផ្ទាល់ នៅអាងហែលទឹកស្តាតអូឡាំពិក។ លេខទូរស័ព្ទ 078379037 , 0763333350»

គួរបញ្ជាក់ផងដែរផងដែរថា ក្រោយពីបានប្រកាសទទួលបង្រៀន សិស្សហែលទឹកភ្លាម មិនទាន់បានមួយថ្ងៃស្រួលបួលផង ក៏មានបងប្អូនជាច្រើន បានទាក់ទងកីឡាការនីរូបនេះដើម្បី ចង់ដឹងពីព័ត៌មានទាក់ទងនឹងការបង្រៀន មិនថាតាមទូរស័ព្ទ ឬប្រអប់សារនៅក្នុងហ្វេសប៊ុក ដែលធ្វើឲ្យកីឡាការនីរូបនេះ ទទួលសឹងតែមិនទាន់។  

ទាក់ទងនឹងរឿងនេះដែរ កីឡាការនី ហែមថុន វិទីនី បានប្រាប់ Khmerload ឲ្យដឹងថា «សព្វថ្ងៃចំនួនសិស្ស ដែលទាក់ទងចុះឈ្មោះរៀនមានច្រើន រហូតដល់ជាង ៣០០នាក់ឯណោះ ប៉ុន្តែដោយសារឥឡូវ ខ្ញុំពុំអាចទទួលច្រើនបែបនេះបាន ពីព្រោះខ្ញុំត្រូវហ្វឹកហាត់ត្រៀមខ្លួន ប្រកួតព្រឹត្តការណ៍កីឡាជាតិ ប៉ុន្តែក៏មិនមានន័យថាខ្ញុំឈប់ទទួលដែរ ខ្ញុំនៅតែទទួលដដែល នៅពេលដែលព្រឹត្តការណ៍កីឡាជាតិបញ្ចប់ទៅ»

ម្យ៉ាងវិញទៀត ទាក់ទងនឹងការបង្ហាត់បង្រៀនហែលទឹកនេះដែរ វិទីនី បានប្រាប់មកក្រុមការងារ Khmerload បន្ថែមឲ្យដឹងទៀតថា «ការរៀនហែលទឹកនេះ គឺក្នុងមួយថ្ងៃរៀន ៤ម៉ោង និងមានវគ្គកំណត់ច្បាស់លាស់ ពោលគឺ ពេលព្រឹកចាប់ពីម៉ោង ៦-៧ និង ៧-៨ ហើយពេលល្ងាចម៉ោង ៤-៥ និង ៥-៦។ ដូច្នេះសម្រាប់អ្នកដែលមានបំណងចង់រៀន អាចជ្រើសរើសម៉ោងខ្លួនឯងបាន។ ចំពោះលទ្ធផលវិញ គឺត្រូវការត្រឹមរយៈពេលខ្លីប៉ុណ្ណោះ យ៉ាងហោចណាស់២ខែ សម្រាប់អ្នកដែលមិនចេះហែលសោះ» ។ កញ្ញាបានបញ្ជាក់បន្ថែមទៀតថា «ក្នុងការបង្រៀននេះដែរ ប្រសិនជាមិនចេះហែលសោះ ក្នុងនោះក៏មានជំនួយការ និងរូបនាងផ្ទាល់ ចាំជួយមើល និងបង្ហាត់ផ្ទាល់នៅក្នុងទឹកផងដែរ ដើម្បីចៀសវាងប្រការហានិភ័យណាមួយកើតឡើង»

បន្ថែមពីនេះទៀត ហែមថុន វិទីនី ក៏បានបញ្ជាក់ពីមូលហេតុ ដែលធ្វើឲ្យខ្លួនទទួលបង្រៀនសិស្សផងដែរ ដោយកីឡាការនីរូបនេះ បានឲ្យដឹងទៀតថា «មូលហេតុដែលខ្ញុំទទួលបង្រៀនសិស្សនោះ មកពីកន្លងមកមានអ្នកទាក់ទងខ្ញុំឲ្យ ទៅបង្រៀនច្រើន ជាពិសេសចំពោះក្រុមគ្រួសារ ដែលគេមានជីវភាពធូរធារ ផ្ទះមានអាងស្រាប់ គឺពួកគាត់ទាក់ទងខ្ញុំឲ្យទៅបង្រៀនកូនៗរបស់ពួកគាត់ និងមួយវិញទៀត ខាងបងៗតារាមួយចំនួនក៏បានទាក់ទងឲ្យ ជួយបង្រៀនផងដែរ ប៉ុន្តែខ្ញុំមិនអាចទៅបង្រៀនដោយផ្ទាល់ចឹងបាន ដោយសារតែមានអ្នកទាក់ទងច្រើនពេក ណាមួយបើគិតពីការធ្វើដំណើរវិញ គឺគ្មានពេលវេលាគ្រប់គ្រាន់ទេ ទើបដូច្នេះហើយខ្ញុំមានគំនិតមួយ បើកទទួលបង្រៀនតែម្តងទៅ ណាមួយវាផ្តល់ភាពងាយស្រួលសម្រាប់យើងផង ពីព្រោះទីតាំង និងពេលវេលាបានកំណត់ច្បាស់លាស់»

គួរបញ្ជាក់ផងទៀតថា វិទីនី នៅតែបន្តបង្រៀនសិស្ស ដែលមានចំណាប់ចង់រៀន រហូត ដល់នាងចូលនិវត្តន៍ផងដែរ ហើយប្រសិនជាអាច វិទីនី ក៏មានបំណងបង្វឹកកីឡាករ ក៏ដូចជាអ្នកដែលចង់ក្លាយជា អត្តពលិកដូចនាងទៀតផង។ នេះបើយោងតាមការអះអាងរបស់ វិទីនី ថ្លែងមកកាន់ Khmerload ។

គួររំលឹកផងដែរថា វិទីនី គឺជាកីឡាការនីកម្ពុជាមួយរូប ដែលមានបទពិសោធន៍ច្រើន នៅក្នុងការប្រកួតហែលទឹក ទាំងព្រឹត្តការណ៍ជាតិ និងអន្តរជាតិ ជាពិសេសនាងទើបបញ្ចប់ភារកិច្ចខ្លួននៅអូឡាំពិករដូវក្តៅ នៅប្រទេសប្រេស៊ីលទៀតផង ទោះបីជាមិនទទួលបានជោគជ័យយ៉ាងណាក្តី។ មួយវិញទៀត បច្ចុប្បន្ននេះ វិទីនី គឺជាគ្រូបង្រៀនបង្ហាត់ហែលទឹកទៀត ដូច្នេះកាន់តែមានភាពងាយស្រួល ចំពោះអ្នកដែលចង់រៀន ពីព្រោះកញ្ញា គឺមានអាជីពជាកីឡាការនីហែលទឹកស្រាប់៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]