អ្នកណាៗក៏ដឹងដែរថា ទឹកសមុទ្រ គឺជាផ្ទៃទឹក ដែលមានជាតិប្រៃ។ ជាក់ស្តែង សមុទ្រ ត្រូវបានបែងចែក ជាប្រាំផ្នែកធំៗ ដែលរួមមានដូចជា មហាសមុទ្រអាត្លង់ទិក មហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា មហាសមុទ្រអាកទិក និងមហាសមុទ្រភាគខាងត្បូង (គឺជាបណ្តាសមុទ្រផ្សេងៗ ឧទាហរណ៍ សមុទ្រមេឌីទែរ៉ាណេ)។

ជាពិសេស តើអ្នកដឹងទេថា ទឹកសមុទ្រ តែងតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតអាកាសធាតុ និងដំណើរការរបស់ វដ្តទឹក វដ្តកាបូន និងវដ្តអាសូត។ ទឹកសមុទ្រ មានទំហំស្មើនឹង ៧០ ភាគរយ នៃផ្ទៃផែនដីទៅហើយ ហេតុនេះ វាជាសម្បត្តិធម្មជាតិមួយផ្នែកធំ របស់មនុស្សជុំវិញពិភពលោក។ 

ថ្ងៃនេះយើងនឹងនាំប្រិយមិត្ត មកបកស្រាយចម្ងល់មួយចំនួន ដែលទាក់ទងនឹងទឹកសមុទ្រ។ តើមាននរណាម្នាក់ដឹងទេថា ហេតុអ្វី បានជាទឹកសមុទ្រមានជាតិប្រៃ យ៉ាងដូច្នេះ?

ទឹកសមុទ្រ គឺបានផ្ទុកទៅដោយ សារជាតិអំបិលរ៉ែខនិជជាច្រើនផ្សេងៗគ្នា រួមមានដូចជា សូដ្យូម ក្លរ ស៊ុលផាត ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យូម អ៊ីយ៉ុងកាបូណាត និងអ៊ីយ៉ុងប្រូមួ។ សារធាតុអំបិលទាំងនេះ ចូលទៅក្នុងទឹកសមុទ្រ តាមរយៈលំហូរទឹកទន្លេ ដែលបាននាំយកថ្ម និងដីល្បាប់ មកជាមួយ រួចហូរចូលសមុទ្រ។

អ្នកប្រហែលជាគិតថា ហេតុអ្វីបានជា ជាតិអំបិលបានពីថ្ម និងដីភក់ទាំងនោះ អាចធ្វើឲ្យទឹកសមុទ្រដ៏ធំល្វឹងល្វើយ អាចប្រែជាប្រៃខ្លាំងយ៉ាងនេះ? ជាក់ស្តែង អ្វីដែលអ្នកមិនដឹងនោះគឺ រំហួត។ នៅពេលទឹកសមុទ្រហួត ជាតិអំបិល ដែលមាននៅក្នុងទឹកសមុទ្រ គឺមិនបានហួតទៅតាមដំណើររំហួតនោះទេ។ ដូច្នេះហើយ យើងអាចសន្និដ្ឋានបានថា ទឹកសមុទ្រមានបរិមាណថយចុះជាងមុន ប៉ុន្តែបែរជាមានបរិមាណជាតិអំបិល គឺនៅដដែល។ ហេតុនេះ ជាលទ្ធផល ទើបបណ្តាលឲ្យទឹកសមុទ្រ មានរសជាតិប្រៃខេះតែម្តង។

កត្តាមួយទៀតគឺ បណ្តាលមកពីទឹកភ្លៀង។ នៅពេលដែលមានភ្លៀងធ្លាក់មកលើដី ទឹកភ្លៀងបាននាំយក កាបូនឌីអុកស៊ីតមកជាមួយ ដែលបានពីប្រតិកម្ម ជាមួយខ្យល់ក្នុងបរិយាកាសជុំវិញ។ ប្រតិកម្មនេះ បានបណ្តាលឲ្យទឹកភ្លៀងបានក្លាយទៅជា ភ្លៀងអាស៊ីត ដោយសារតែមានផ្ទុកអាស៊ីតកាបូន (ជាទម្រង់អាស៊ីតដែលបានមកពី កាបូនឌីអុកស៊ីត បូកជាមួយនឹងទឹក)។

ខណៈពេលដែលភ្លៀង ធ្លាក់ប៉ះលើបណ្តាផ្ទាំងថ្ម ជាតិអាស៊ីតក្នុងទឹកភ្លៀង បានបំបែកផ្ទាំងថ្មទាំងនោះ។ ដំណើរនេះ បានបង្កើតជាអ៊ីយ៉ុង និងភាគល្អិតម៉ូលេគុល ដែលមានផ្ទុកបន្ទុកអគ្គិសនី។ អ៊ីយ៉ុងទាំងនេះ ត្រូវបានហូរចូលទៅក្នុងទឹកសមុទ្រ តាមរយៈទឹកស្ទឹង និងទឹកទន្លេ។

អ៊ីយ៉ុង ដែលមានបរិមាណច្រើនលើសលុប នៅក្នុងផ្ទៃទឹកសមុទ្រគឺ ក្លរ និងសូដ្យូម។ បើគិតបញ្ចូលគ្នានោះ អ៊ីយ៉ុងទាំង ២ នេះមានបរិមាណជាង ៩០ ភាគរយ នៃអ៊ីយ៉ុងផ្សេងទៀតឯណោះ ក្នុងទឹកសមុទ្រ។ ជាពិសេស ក្លរ និងសូដ្យូមមានជាតិ “ប្រៃខ្លាំង”។

កម្រិតជាតិប្រៃ របស់ទឹកសមុទ្រ អាចប្រែប្រួល និងខុសៗគ្នា ពីកន្លែងមួយ ទៅកន្លែងមួយទៀត។ ឧទាហរណ៍ សមុទ្រមេឌីទែរ៉ាណេ មានជាតិប្រៃខ្លាំងជាង បណ្តាមហាសមុទ្រផ្សេងៗទៅទៀត ក៏ព្រោះតែវាគ្មានព្រំដែនជាប់ជាមួយបឹង ឬទន្លេណាមួយ។ រីឯមហាសមុទ្រអាត្លង់ទិក នៅជាប់នឹងមាត់ទន្លេ Amazon តែម្តង ហេតុនេះមហាសមុទ្រអាត្លង់ទិក មានកម្រិតជាតិប្រៃទាប ដោយសារតែទឹកសាប ទឹកប្រៃលាយចូលគ្នា។ 

ងាកមកចម្ងល់ ដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ តើមនុស្សយើង អាចទទួលទានទឹកប្រៃបានដែរទេ?

មនុស្សជាច្រើនបានដឹងស្រាប់ទៅហើយថា គ្មានអ្នកណាអាចទទួលទានទឹកសមុទ្របានទេ។ ហេតុអ្វី? នេះក៏ព្រោះតែវា មានរសជាតិប្រៃពេកមែនទេ? ជាក់ស្តែង ថ្ងៃនេះយើងនឹងធ្វើការបកស្រាយ ឲ្យបានក្បោះក្បាយជាងនេះបន្តិច។ ជាពិសេស អ្វីដែលអ្នក ត្រូវចងចាំ និងប្រុងប្រយ័ត្ននោះគឺ ការទទួលទានទឹកសមុទ្រ អាចបង្កគ្រោះថ្នាក់ឲ្យស្លាប់បាន។

ប្រសិនបើអ្នកទទួលទានទឹកប្រៃ ដំណើរអូស្មូស៊ីស ក្នុងរាងកាយរបស់អ្នកនឹងប្រែជាមានគ្រោះថ្នាក់ជាមិនខាន។ ត្រូវចាំថា កម្រិតជាតិប្រៃ នៃទឹកសមុទ្រ ស្មើនឹងជាតិទឹកក្នុងខ្លួនរបស់អ្នកគុណនឹង ៤ ឯណោះ។ ប្រសិនបើអ្នកហ៊ានតែទទួលទានទឹកប្រៃ ដោយមិនខ្វល់ពីផលវិបាក នោះកោសិការបស់អ្នកនឹងប្រែជារួមមិនខាន ដែលនេះមិនមែនជារឿងល្អឡើយ។

សារធាតុសូដ្យូមលើសលុប ដែលចូលទៅក្នុងខ្លួនរបស់អ្នក នឹងត្រូវបង្ខំឲ្យរាងកាយរបស់អ្នក ប្រឹងបញ្ចេញវាចេញមកវិញតាមរយៈទឹកនោម។ ប៉ុន្តែ តម្រងនោមរបស់មនុស្ស អាចផលិតទឹកនោមបានប្រក្រតី ក្នុងករណីមានកម្រិតជាតិប្រៃទាបប៉ុណ្ណោះ។ ហេតុនេះ ដើម្បីអាចទាញជាតិប្រៃ មកជាទឹកនោមបាន តម្រងនោមរបស់មនុស្សនឹងទាញយកជាតិទឹក ពីផ្នែកផ្សេងៗនៃរាងកាយមកបំបែកកំហាប់សូដ្យូម។ ជាលទ្ធផល រាងកាយអ្នកនឹងប្រែជាខ្សោះជាតិទឹក។

នៅពេលដែលអ្នកខ្សោះជាតិទឹក បេះដូងក៏ប្រែជាលោតលឿន សម្ពាធឈាមក៏មិនប្រក្រតី ដែលបណ្តាលឲ្យអ្នកមានអារម្មណ៍ចង់ក្អួត ខ្សោយ និងថែមទាំងអាចភ្លេចភ្លាំងទៀតផង។ ប្រសិនបើអ្នកមិនទទួលទានទឹកសាប ដើម្បីបន្សាបសូដ្យូមដែលលើសលុបនោះទេ ខួរក្បាលរបស់អ្នកនឹងលែងទទួលឈាម បង្កឲ្យសន្លប់ និងខ្សោយសរីរាង្គ រហូតដល់ស្លាប់៕ 

ប្រភព៖ NOS | Live Science | How Stuff Works

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]