ថៃ៖ កាសែតបាងកកប៉ុស្តិ៍ បានផ្សាយ កាលពីព្រឹកថ្ងៃទី២៥ ខែតុលានេះថា យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និង១៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅខាងក្រៅហាងគុយទាវមួយកន្លែង ក្នុងខេត្តប៉ាតានី (Pattani) តំបន់ភាគខាងត្បូងនៃប្រទេសថៃ។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅខាងក្រៅហាងគុយទាវមួយ ក្នុងផ្សាររាត្រី នៃទីប្រជុំជនក្នុងខេត្តប៉ាតានី (Pattani) កាលពីវេលាម៉ោង៧យប់ ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញនេះ ។

មន្រ្តីប៉ូលិសប្រចាំនៅប៉ុស្តិ៍ប៉ូលិស មឿង ប៉ាតានី (Muang Pattani) លោក Yutthakarn Chitmanee បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ការបំផ្ទុះនោះបានកើតឡើង នៅខាងមុខហាងលក់គុយទាវមួយកន្លែង ស្ថិតក្នុងផ្សាររាត្រី នៅផ្លូវ Phiphit ក្រុងប៉ាតានី បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ ត្រូវបានគេស្គាល់ឈ្មោះថា Somporn Khunthakaphan និងមនុស្ស១៨នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ដោយក្នុងនោះគឺមានក្មេងចំនួន ៥នាក់ ផងដែរ។

បច្ចុប្បន្នក្រុមប៉ូលិស កំពុងធ្វើការស៊ើបអង្កេតទៅលើការបំផ្ទុះគ្រាប់បែក ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសនេះ ខណៈមន្ត្រីប៉ូលិសកំពុងធ្វើការស៊ើបអង្កេតម្នាក់ ឈ្មោះ Pakpoom Jantarangsee បានឲ្យដឹងថា គ្រាប់បែក ត្រូវបានគេដាក់នៅក្បែរហាងគុយទាយនោះ ហើយយើងកំពុងតែធ្វើការស៊ើបអង្កេត និងការពារកន្លែងកើតហេតុ។

គួរបញ្ជាក់ថា ហេតុការណ៍បំផ្ទុះគ្រាប់បែកនៅក្នុងផ្សាររាត្រីនេះ កើតឡើង ស្របពេលជាមួយពិធីខួបលើកទី១២ នៃការស្លាប់ជនអ៊ីស្លាម ក្នុងស្រុក រាប់សិបនាក់ ដោយសារស្នាដៃរបស់កងកម្លាំងសន្តិសុខថៃ កាលពីឆ្នាំ២០០៤៕ 

ប្រភព៖ BangkokPost

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]