រាជធានី​ភ្នំពេញ ៖ បុរស​ជើង​ខ្លាំង​ម្នាក់​ចិត្ត​ស្លុយ​ព្រហើន មិន​ខ្លាចញញើត​នរណា​ទាំងអស់ ដោយ​បាន​អង្គុយ​ផឹកស៊ី នៅ​មុខ​ផ្ទះ​អ្នក​ដទៃ​មួយ​កន្លែង រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក ក៏​បាន​ធ្វើ​សកម្មភាព​វាយ​ បំផ្លាញ​កាមេរ៉ា​សុវត្ថិភាព និង​កញ្ចក់​ទ្វារផ្ទះ​មួយ​នោះ បណ្ដាល​ឲ្យ​បែក​ខ្ទេចខ្ទី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​ដល់ ម្ចាស់ផ្ទះ និង​ប្រជាពលរដ្ឋ​ក្បែរ​នោះ មិន​មាន​នរណា​ម្នាក់​ហ៊ាន តតាំង​ជាមួយនឹង​បុរស​នោះ​ឡើយ​។

ម្នាក់​ៗ​បាន​ត្រឹមតែ​រក កន្លែង​ពួន និង​ទូរស័ព្ទ​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ប៉ុណ្ណោះ​។ បន្ទាប់​ពី​ទទួល​ដំណឹង​នោះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ មិន​បាន​បង្អង់​យូរ​នោះ​ឡើយ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់ ប្រជាពលរដ្ឋ និង​ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ លុះ​ពេល​ចុះ​ទៅ​ដល់​បានឃើញ​បុរស​នោះ​ពិតជា​ក្លាហាន​គ្មាន​ ខ្លាចញញើត​នរណា​ម្នាក់​ឡើយ​។ 

សូ​ម្បី​តែ​នគរបាល​ក៏​បុរស​នេះ មិន​ខ្លាច​ផង ហើយ​នៅ​ពេល​ទៅ​ដល់ នគរបាល​បាន​ចូល​ទៅ​ចាប់ខ្លួន ជន​នោះ​មិន​ព្រម​នៅ​ស្ងៀម​ឲ្យ​ចាប់​ឡើយ ហើយ​បាន​ធ្វើ​សកម្មភាព​វាយ​នគរបាល​ថែម​ទៀត ដែល​ខណៈនោះ​នគរបាល ស្ទើរតែ​គេច​មិន​រួច​ពី​កណ្ដាប់ ដៃ​របស់​គេ​ទៀត​ផង​។

ហេតុការណ៍​នោះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី ល្ងាច​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​រោងចក្រ​កាត់ដេរ QMI ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជន​បង្ក​ឈ្មោះ ចិន រ៉ា អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​កណ្តាល ស្រុក​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ឃើញ​នគរបាល​ទៅ​ដល់ ជន​នោះ​បាន​វាយ​នគរបាល​បែប​នេះ ប្រជាពលរដ្ឋ​បាន​ទុក​ការ​ខ្លាច​ម្ដុំ ហើយ​បាន​នាំ​គ្នា​ចូល​ទៅ​ជួយ​នគរបាល និង​ចាប់ខ្លួន​ជន​នោះ​បាន ពួក​គាត់​ក៏​បាន​នាំ​គ្នា​បញ្ចេញ​កំហឹង វាយ​ទាត់​ធាក់​ជន​ប្រមឹក​នោះ​យ៉ាង​ចាស់ដៃ ជា​ការ​ព្រមាន​កុំ​ឲ្យ​ពូកែ​អុកឡុក បំភិតបំភ័យ អ្នក​ដទៃ និង​វាយ​នគរបាល​បែប​នេះ​ទៀត​។ បន្ទាប់​មក​ទើប​ប្រគល់​ឲ្យ​នគរបាល នាំ​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​ចោម​ចៅ កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​។

នគរបាល​បាន​និយាយ​ថា ជន​នោះ​សង្ស័យ​ប្រើប្រាស់​ គ្រឿងញៀន​ទៀត​ផង ហើយ​ប្រជាពលរដ្ឋ​បាន​សម្ដែង​ ការ​អបអរសាទរ​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដែល​ជន​នោះ​ត្រូវ​ចាប់ខ្លួន ព្រោះ​កន្លង​មក​តែងតែបាន ធ្វើការ​អុកឡុក អ្នក​ជិតខាង​ជា​បន្តបន្ទាប់ ឲ្យ​តែ​គេ​ផឹកស្រា​ស្រវឹង​ម្ដង​ៗ​។

ដោយឡែក​ ថ្ងៃ​កើតហេតុ​នេះ មិន​មាន​នរណា​ធ្វើ​ឲ្យ​គេ​ទាស់ចិត្ត​ ឬ​មាន​ទំនាស់​ជាមួយ​គ្នា​នោះ​ទេ ស្រាប់តែ​ជន​ខាងលើ ធ្វើ​សកម្មភាព​វាយ​បំផ្លាញ​ កាមេរ៉ា​សុវត្ថិភាព និង​កញ្ចក់​ទ្វារផ្ទះ​ អ្នក​ជិតខាង​បែប​នេះ​តែ​ម្ដង​៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយផ្សេងទៀតសល់ចំហាយ សែនចិន ផឹកស្រវឹង ស្រែកឡូឡា រំខានអ្នកភូមិ ត្រូវ អាវុធហត្ថចាប់ខ្លួន។

យុវជន ៤នាក់ ត្រូវកម្លាំងអាវុធហត្ថ ចាប់ខ្លួនសួរនាំ ក្រោយពីបានធ្វើសកម្មភាព ស្រែឡូឡារំខាន ដល់ការដេក ពួករបស់អ្នកជិតខាង កាលពីវេលាម៉ោង ១១៖១៥នាទី យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ នៅក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា យុវជន ទាំង៤នាក់ ដែលត្រូវកម្លាំងអាវុធហត្ថ ស្រុកមង្គលបូរីឃាត់ខ្លួននោះ ទី១.ឈ្មោះ ម៊ិញ សុផាណា ភេទប្រុស អាយុ ១៦ឆ្នាំ, ទី២.ឈ្មោះ សូ ឆៃនុន ភេទប្រុស អាយុ ១៦ឆ្នាំ, ទី៣.ឈ្មោះ ផល សុផាត ភេទប្រុស អាយុ ១៦ឆ្នាំ និងទី៤.ឈ្មោះ ជា វ៉ាន់ហេង ភេទប្រុស អាយុ ១៦ឆ្នាំ នាក់ទំាង៤ រស់នៅឃុំបន្ទាយនាង ស្រុកមង្គលបូរី មានមុខរបរជាសិស្ស។

លោក ងួន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុកមង្គលបូរី បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ការឃាត់ខ្លួនយុវជនទាំង ៤នាក់ យកមកសួរនាំ គឺសមត្ថកិច្ចធ្វើឡើង បន្ទាប់ពីមានពលរដ្ឋ ជាច្រើន បានទូរសព្ទ័មកប្តឹងថា យុវជនទាំង ៤នាក់ បានផឹកស៊ីស្រវឹង ស្រែកឡូឡារំ ខានដល់ការរស់នៅ និងការដេក ពួនរបស់ពួកគាត់។

លោក ងួន ភិរម្យ បន្តទៀតថា ពេលសួរនាំពួកគេ បានសារភាពថា បានឡូឡាមែន ក្រោយសួរនាំ បានបញ្ជូនទៅ ទីបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមច្បាប់។

ពាក់ព័ន្ធករណីខាងលើ លោក អ៊ិន បារាំង នាយការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន បានឲ្យ ដឹងថា ដោយមានការសង្ស័យ សមត្ថកិច្ច បានធ្វើការពិនិត្យទឹកនោម របស់យុវជនទាំង ៤នាក់ លទ្ធផលបានបង្ហាញ ថាពួកគេ ជាមនុស្សញៀនថ្នាំ។ អនុវត្តន៍តាមបញ្ជា លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក្រោយ សួរនាំជនសង្ស័យទាំង ៤នាក់ និងលទ្ធផលពិនិត្យទឹកនោម ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការរសៀលនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]