ថៃ៖ ក្រោយពីមានប្រជាជនយ៉ាងច្រើនកុះករ ព្រមទាំងតារាល្បីៗជាច្រើនរូប នាំគ្នាសម្រុកចូលក្នុងទីក្រុងបាងកក ដើម្បីចូលរួមបុណ្យសពស្តេចថៃ ដោយស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅទាំងអស់គ្នាផងនោះ បានធ្វើឱ្យប្រទេសថៃទាំងមូល នៅពេលនេះគឺមានភាពខ្វះខាតអាវខ្មៅ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាហេតុបណ្តាលឱ្យមានការចាត់ យកអាវពណ៌ផ្សេងៗទៅជ្រលក់ឱ្យចេញជាពណ៌ខ្មៅផងដែរ ដើម្បីស្លៀកចូលរួមក្នុងកម្មវិធីបុណ្យសពនាលើកនេះ ព្រោះអាវខ្មៅ ដែលមានលក់នៅលើទីផ្សារ បច្ចុប្បន្ន គឺអស់ស្ដុក។

ក្រៅពីគេសង្កេតឃើញមាន តារាប្រុសស្រីជាច្រើនដួង ពាក់អាវពណ៌ខ្មៅឈរតម្រង់ជួរ ចែកបាយចែកទឹកហើយ គេក៏សង្កេតឃើញមានតារាសកម្មៗមួយចំនួន កំពុងឈរជួយជ្រលក់ខោអាវ ឱ្យក្លាយទៅជាពណ៌ខ្មៅយ៉ាងរំភើយផងដែរ។ ក្នុងនោះរួមមាន តារាសម្តែងស្រីល្បីឈ្មោះចំនួនពីររូបគឺនាង Chompoo Araya និង Ploy Cherman ដែលត្រូវបានអ្នកគាំទ្រទទួលស្គាល់ថា គឺសុទ្ធតែជាកំពូលតារាលំដាប់ខ្ពស់ ស្ថិតក្នុងជួរនាំមុខគេនៅក្នុងប្រទេសថៃ។ ប៉ុន្តែពេលនេះពួកនាងហាក់មិនបានខ្វល់ ពីកេរ្តិ៍ឈ្មោះខ្លួនជាតារាល្បីបន្តិចសោះ តែបែរជាដាក់ខ្លួនដាក់ចិត្តមកឈរជ្រលក់ ថ្នាំអាវខ្មៅដោយមិនខ្លាចការនឿយហត់ បែបនេះទៅវិញ។

ក្រៅពីនេះក៏មាន មិត្តភក្តិពួកនាងជាច្រើនទៀតនាំគ្នា ចុះជួយជ្រលក់អាវពណ៌ខ្មៅ  ចែកចាយដោយឥតគិតថ្លៃ សម្រាប់អ្នកដែលយកខោអាវរបស់ខ្លួន មកជ្រលក់ពណ៌ នៅទីនេះផ្ទាល់។ ការជួយជាសាធារណៈ ត្រូវបានអ្នកគាំទ្រជាច្រើនសរសើរ ពួកនាងថា ជាតារាមិនប្រកាន់ឫក ចេះជួយសង្គម គួរឱ្យសរសើរ។ លើសពីនេះក៏មានជួយជាថ្នាំគីមី ជ្រលក់ពណ៌ផ្សេងទៀតដូចជា សម្រាប់ក្រណាត់ធ្វើពីកប្បាស និងជួយជាធុងជ័រ ជាដើមផង ដើម្បីដាក់ថ្នាំជ្រលក់ ដោយមិនប៉ះពាល់ដល់សម្លៀកបំពាក់ល្អៗ ព្រមទាំងទទួលខោអាវចាស់ៗតាមការបរិច្ចាគ មកចែកឱ្យអ្នកដែលក្រីក្រទៀតផង។

គួរឱ្យដឹងផងដែរថា ការៀបចំចាត់ចែង ក្នុងការងារជ្រលក់អាវពណ៌ខ្មៅនេះ ត្រូវបានធ្វើឡើងដោយ ក្រុមហ៊ុនលក់ត្រាក់ទ័រមួយកន្លែងនៅទីក្រុងបាងកក ដែលចាប់ផ្តើមធ្វើការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ១៩:00យប់ រហូតដល់ថ្ងៃទី៣១តុលា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]