អាមេរិក៖ ទីភ្នាក់ងារសារព័ត៌មានដេលីម៉ែល បានផ្សាយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះថា បុរសនៅទីក្រុងម៉ៃអាមីម្នាក់ ដែលបាត់បង់ក្បាលមួយចំហៀង នៅក្នុងគ្រោះថ្នាក់រថយន្ត ត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាត បន្ទាប់ពីគាត់បានដុតពូកខ្លួនឯងចោល។

លោក Carlos Rodriguez ដែលត្រូវមិត្តភក្តិហៅថា “អាក្បាលឆែប” ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ បន្ទាប់ពីបានដុតពូករបស់ខ្លួននៅក្រៅផ្ទះរបស់គាត់ នៅផ្លូវ 266 NW 61 Ave នៃក្រុងម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ 

បុរសអាយុ ៣១ ឆ្នាំរូបនេះ ត្រូវបានជាប់ចោទពីបទប៉ុនប៉ងមនុស្សឃាត ព្រោះពូកដែលឆាបឆេះនោះគឺស្ថិតនៅកៀកនឹងផ្ទះរបស់អ្នកជិតរបស់គាត់ នេះបើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន NBC Miami ។

បើយោងទៅតាមរបាយការណ៍ចាប់ខ្លួនបុរសឆែបក្បាលនេះ បានឱ្យដឹងថា អគ្គីភ័យ បង្កការគំរាមកំហែងភ្លាមៗដល់អាយុជីវិត និងសុវត្ថិភាពរបស់អ្នករស់នៅជិតខាងរបស់គាត់។ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ទេថា ហេតុអ្វីបានជាបុរសរូបនេះដុតពូករបស់គាត់ចោល។

គួរបញ្ជាក់ថា លោក Rodriguez ក៏ជាប់ចោទពីបទដុតផ្ទះក្នុងកម្រិតទី១ រួមជាមួយការចោទបទឧក្រិដ្ឋប៉ុនប៉ងមនុស្សឃាតផងដែរ។

ប្រភពព័ត៌មានបន្តថា លោក Rodriguez បានបង្ហាញមុខនៅតុលាការកាលពីថ្ងៃអង្គារនេះ ប៉ុន្តែចៅក្រមបានបង្គាប់ឱ្យកំណត់សវនាការឡើងវិញនៅថ្ងៃពុធ ដោយផ្អែកថា Rodriguez មានបញ្ហាផ្លូវចិត្ត។

គួរបញ្ជាក់ថា Rodriguez មានក្បាលឆែបបែបនេះ ដោយសារលោកបានបើកបុកបង្គោលនៅតាមផ្លូវ ហើយបង្គោលទាំងនោះហោះមកបុកក្បាលលោក។ នេះក៏ដោយសារតែលោកបានបើកបរទាំងសភាពស្រវឹង និងប្រើប្រាស់ថ្នាំញៀន។

ដូច្នេះអ្នកទាំងអស់គ្នា មិនគួរបើកបរទាំងសភាពស្រវឹងនោះទេ ព្រោះអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]