ថៃ៖ គូស្នេហ៍តារា ដែលកំពុងតែមានភាពល្បីល្បាញក្នុងរឿងទំនាស់គ្រួសារ និងការមិនយល់ចិត្តគ្នា នាង Kwan Usamanee និងលោក Golf Pichaya Golf ពេលនេះហាក់ស្ងប់ស្ងាត់ទៅវិញមួយរយៈ បន្ទាប់ពីប្រទេសថៃ ទាំងមូលកំពុងតែជួប រឿងទុក្ខសោកសៅដ៏ធ្ងន់ធ្ងរ ព្រោះតែការបាត់បង់ ព្រះចៅភូមិបុលអាប់ឌុលយ៉ាដេត ដែលជាព្រះមហាក្សត្ររបស់ខ្លួន។ មកដល់ពេលនេះគ្មាននរណាម្នាក់ នឹងដឹងទេថា តើនៅថ្ងៃអនាគត គូស្នេហ៍តារាស្មោះស្ម័គ្រគ្នាមួយគូនេះ អាចបានគ្នាជាប្តីប្រពន្ធរស់នៅ  ប្រកបដោយភាពសុខសាន្ត ឬយ៉ាងណានោះទេ។

ប៉ុន្តែស្របពេលជាមួយគ្នានេះ គេសង្កេតឃើញអ្នកទាំងពីរ បាននាំគ្នាមករួមគ្នាធ្វើ អំពើល្អៗក្នុងសង្គម ដោយបានចូលរួមជួយចែកជាបាយ និងចែកទឹកដោយឥតគិតថ្លៃ ដល់ប្រជាជនទូទាំងប្រទេស ដែលបានធ្វើដំណើរ មកចូលរួមក្នុងពិធីបុណ្យសព ស្តេចថៃនាលើកនេះផងដែរ។ ក្រៅពីនេះអ្នកគាំទ្រមួយចំនួនធំ ក៏បានកត់សម្គាល់ ឃើញផងដែរថា ក្រោយផ្ទុះរឿងទាក់ទងនឹងជីវិតស្នេហាមិនសមប្រកប របស់អ្នកទាំងពីរ គឺពួកគេកាន់តែស្រឡាញ់គ្នាលើសមុនទ្វេដងទៅទៀត ជាក់ស្តែងតាមដែលឃើញកន្លងមក នៅពេលទៅណាមកណាម្តងៗក៏ពួកគេទៅ ជាមួយគ្នាទាំងពីរនាក់ដែរ គឺមិនសូវជានៅឃ្លាតឆ្ងាយពីគ្នាប៉ុន្មាននោះទេ។

មួយវិញទៀត សម្រាប់ការចូលរួមធ្វើការងារមនុស្សធម៌ ដូចដែលបានមកឃើញនៅពេលនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងថា ពួកគេមិនត្រឹមតែធ្វើដើម្បី មនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែនៅពីក្រោយអំពើល្អនេះ អ្នកទាំងពីរហាក់បង្ហាញថា  ពួកគេកំពុងធ្វើបុណ្យសាងកុសល ដោយមានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា បុណ្យកុសល ដែលបានមកពីអំពើល្អទាំងអស់នេះ នឹងជួយឱ្យពួកគេជួបគ្នាជាគូគ្រង សមតាមបំណងប្រាថ្នា ដែលបានប៉ងជាយូរណាស់មកហើយ នៅថ្ងៃអនាគត។ ក្រៅពីនេះអ្នកាគាំទ្រជាច្រើន ក៏បាននាំគ្នាជូនពរគូស្នេហ៍មួយគូនេះឱ្យឆាប់ សម្រេចតាមបំណង និងនៅតែស្រឡាញ់គ្នារហូត ដល់ចាស់រៀងៗខ្លួន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]