បញ្ហាមុន គឺជាសត្រូវស្បែកធំបំផុត របស់មនុស្សម្នាក់ៗ  ហើយអ្វីដែលកាន់តែយ៉ាប់យ៉ឺនជាងមុនទៅទៀតនោះគឺ ការកើតមុននៅនឹងខ្នងតែម្តង។ ការកើតមុន លើខ្នង អាចបង្កជាការលំបាក សម្រាប់ការគេង និងមិនងាយនឹងព្យាបាលផងដែរ។

ជាងនេះទៅទៀត អ្នកមិនងាយនឹងវិភាគពីស្ថានភាពរបស់វាបានទេ ដោយសារតែអ្នក មិនអាចមើលវាឃើញបានច្បាស់ ដូចជាមុនលើផ្ទៃមុខឡើយ។ មុនដែលកើតលើខ្នង ស្រដៀងទៅនឹងមុនលើផ្ទៃមុខដែរ ដោយវាកើតឡើងដោយសារ បាក់តេរី និងការបញ្ចេញជាតិខ្លាញ់ច្រើនលើសលុប។

ទោះបីជាមុនខ្នង បង្កការឈឺចាប់ និងពិបាកក្នុងការថែទាំក៏ដោយ ក៏អ្នកអាចបំបាត់វាបាន យ៉ាងឆាប់រហ័ស ដោយវិធីសាស្រ្តជាច្រើន ដូចខាងក្រោមនេះ ៖ 

១. ទឹកឃ្មុំ

ទឹកឃ្មុំ អាចធ្វើឲ្យស្បែកដែលរងការកើតមុន មានសំណើម និងមិនឆ្លងមេរោគបាន។ ទឹកឃ្មុំ គឺដូចជាសារធាតុសម្លាប់មេរោគ និងសារធាតុប្រឆាំងបាក់តេរីយ៉ាងអញ្ចឹង។ ហេតុនេះ វាអាចការពារការកើតមុន និងទប់ស្កាត់ការឆ្លងមេរោគបាន។

អ្នកគ្រាន់តែលាបទឹកឃ្មុំសុទ្ធ លើបរិវេណស្បែកខ្នងដែលកើតមុន រួចទុកចោលពី ១០ ទៅ ១៥ នាទី បន្ទាប់មកលាងសម្អាតចេញ ដោយទឹកក្តៅឧណ្ណៗ។ អ្នកគួរតែអនុវត្តវិធីនេះ ២ ទៅ ៣ ដង ក្នុងមួយថ្ងៃ។

២. រមៀត

រមៀត មានលក្ខណៈសម្បត្តិ ប្រឆាំងទៅនឹងបាក់តេរី ដែលអាចជួយសម្លាប់បាក់តេរី ដែលបង្កជាមុនបាន យ៉ាងមានប្រសិទ្ធភាព។ ជាងនេះទៅទៀត រមៀតជាគ្រឿងផ្សំអាហារ ដែលអាចជួយកាត់បន្ថយការរលាក និងការឈឺចាប់បាន។ រមៀត ក៏អាចជួយរក្សាតុល្យភាពកម្រិត pH ស្បែក ដោយការពារមិនឲ្យកើតមុនបានផងដែរ។

អ្នកគ្រាន់តែ លាយម្សៅរមៀត ១ ទៅ ២ ស្លាបព្រាបាយ ជាមួយនឹងប្រេងល្ងបន្តិច រួចលាបវានោះលើ បរិវេណស្បែកខ្នងដែលកើតមុន និងទុកវាចោលប្រមាណ ១ ម៉ោង មុននឹងលាងសម្អាតវាចេញ។ អ្នកគួរអនុវត្ត ម្តងទៅពីរដងក្នុងមួយថ្ងៃ។ រយៈពេលតែ ២ ទៅ ៣ ថ្ងៃ អ្នកនឹងឃើញប្រសិទ្ធភាពវាជាមិនខាន។ ទន្ទឹមនឹងនោះដែរ អ្នកអាចទទួលទានទឹកគោម្សៅរមៀត មួយថ្ងៃ ២ ដង ដើម្បីការពាររលាក និងការឈឺចាប់ ដោយគ្រាន់តែលាយម្សៅរមៀត កន្លះស្លាបព្រាបាយ ទៅក្នុងទឹកដោះគោក្តៅឧណ្ណៗមួយកែវ ជាការស្រេច។ 

៣. ប្រទាលកន្ទុយក្រពើ

វិធីកម្ចាត់មុនខ្នង បានរហ័សមួយទៀតនេះគឺ ប្រទាលកន្ទុយក្រពើ។ ជែល របស់ប្រទាលកន្ទុយក្រពើ អាចជួយសម្លាប់បាក់តេរី ដែលបង្កជាមុន និងកាត់បន្ថយការរលាក ព្រមទាំងជួយព្យាបាលស្បែកផងដែរ។

អ្នកគ្រាន់តែកាត់យកជែល របស់ប្រទាលកន្ទុយក្រពើចេញ រួចយកវាមកបិទលើមុនខ្នងរបស់អ្នក មួយថ្ងៃ ២ ដង រយៈពេលមួយអាទិត្យ។ ឬក៏អ្នកអាចលាយ ជែលរបស់ប្រទាលកន្ទុយក្រពើ ជាមួយទឹកឃ្មុំ និងរមៀត មួយមុខកន្លះស្លាបព្រាកាហ្វេ រួចយកទៅលាបលើស្បែកដែលកើតមុន និងទុកចោលពី ១៥ ទៅ ២០ នាទី មុននឹងលាងទឹកចេញ។ អ្នកគួរអនុវត្ត ១ ដង ក្នុងមួយថ្ងៃ។

៤. ក្រូចឆ្មារ

ក្រូចឆ្មារ សម្បូរទៅដោយអាស៊ីត L-ascorbic (ជាសារធាតុ ជួយរឹតបន្តឹងស្បែក) និងត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលមុនខ្នង ជាយូរមកហើយ។ ជាតិអាស៊ីតរបស់ក្រូចឆ្មារ អាចជម្រុះកោសិកាចាស់ចោល បង្រួមរន្ធញើស និងអាចប្រឆាំងបាក់តេរី ដែលបង្កជាមុនបាន។

អ្នកគ្រាន់តែយកក្រូចឆ្មារមួយចំនិត មកជូតៗតាមស្បែកខ្នង ដែលមានមុន រួចទុកចោលប្រមាណ ១០ នាទី មុននឹងលាងសម្អាតវាចេញ ដោយប្រើទឹកត្រជាក់។ អ្នកគួរតែអនុវត្ត ១ ទៅ ២ ដង ក្នុងមួយថ្ងៃ។

(បញ្ជាក់ ៖ អ្នកដែលមានស្បែកស្តើង ឬស្បែកងាយប្រតិកម្ម មិនត្រូវអនុវត្តវិធីសាស្រ្តនេះឡើយ។) 

៥. តែបៃតង

សមាសធាតុ ដែលមានក្នុងតែបៃតង អាចប្រយុទ្ធប្រឆាំង ទៅនឹងបាក់តេរី ដែលបង្កជាបញ្ហាមុនបាន។ លើសពីនេះទៅទៀត តែបៃតង ជាឱសថធម្មជាតិ ដែលអាចកាត់បន្ថយស្នាមក្រហម និងស្បែករលាកបង្កឡើងដោយមុន បានយ៉ាងមានប្រសិទ្ធភាព។

អ្នកត្រូវ ឆុងតែបែតងស្រស់ៗមួយពែង រួចចាក់រំលែកយកតែទឹក ១ ភាគ ៤ មកបានហើយ។ បន្ទាប់មក អ្នកត្រូវយកដុំសំឡីមកជ្រលក់ ហើយយកទៅជូតស្បែកខ្នង ដែលមានមុន និងទុកចោល ១០ នាទី មុននឹងលាងសម្អាត ដោយទឹកត្រជាក់។ អ្នកគួរអនុវត្តមួយថ្ងៃ ២ ដង។ ស្របជាមួយគ្នាដែរនោះ អ្នកគួរទទួលទានតែបៃតង មួយថ្ងៃ ៣ ទៅ ៤ ពែង ដើម្បីជួយថែរក្សាស្បែករបស់អ្នកពីខាងក្នុងផងដែរ។

៦. ប៉េងប៉ោះ

ប៉េងប៉ោះ មានផ្ទុកអាស៊ីត Salicylic ដែលជាអាស៊ីត បំបាត់មុន យ៉ាងមានប្រសិទ្ធភាព។ ជាងនេះទៅទៀត វាមានសារធាតុប្រឆាំងនឹងការរលាកពីធម្មជាតិ ដែលអាចជួយកាត់បន្ថយការឈឺចាប់ និងក្រហាយ ដោយសារមុនបាន។ ជាពិសេស វាជួយព្យាបាលស្បែកខូច បានយ៉ាងឆាប់រហ័ស។

អ្នកគ្រាន់តែយកប៉េងប៉ោះមួយចំនិត មកត្រដុសលើស្បែកខ្នង ដែលមានមុន ២ ទៅ ៣ នាទី រួចរង់ចាំ ១០ នាទី សឹមលាងទឹកក្តៅឧណ្ណៗចេញ។ ឬក៏អ្នកអាចលាយទឹក របស់ផ្លែប៉េងប៉ោះមួយស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មារ ២-៣ តំណក់ និងទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ មកលាបថ្នមៗ ដោយប្រើសំឡី រួចទុកចោលពី ៥ ទៅ ១០ នាទី និងលាងសម្អាតដោយទឹកក្តៅឧណ្ណៗ។ អ្នកគួរអនុវត្ត ម្តងក្នុងមួយថ្ងៃ រយៈពេល ២ ទៅ ៣ ថ្ងៃជាប់គ្នា ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។ 

៧. អំបិលសមុទ្រ (អំបិលគ្រួស) ឬទឹកសមុទ្រ

អំបិលសមុទ្រ ឬអំបិលគ្រួស ពិតជាអាចកម្ចាត់មុនខ្នង បានពិតប្រាកដមែន។ វាអាចបំបាត់ស្នាមកន្ទួលក្រហម និងការពារការកកើតបាក់តេរី ជាពិសេស វាអាចធ្វើឲ្យស្បែក របស់អ្នកលែងមានជាតិខ្លាញ់ទៀតផង។

អ្នកគ្រាន់តែលាយអំបិលគ្រួស ចូលទៅក្នុងអាងទឹកក្តៅឧណ្ណៗ រួចត្រាំខ្លួនរបស់អ្នកប្រមាណ ២០ ទៅ ៣០ នាទី។ ប្រសិនបើអ្នកមានអារម្មណ៍ថា ស្បែករបស់អ្នក ដូចជាធ្លាយជាតិខ្លាញ់ចេញមកនោះ សូមកុំបារម្ភអី អ្នកគ្រាន់តែជូតស្បែកថ្នមៗ នៅពេលត្រាំខ្លួនរួច ជាការស្រេច។ អ្នកនឹងមានអារម្មណ៍ថា ស្បែករបស់អ្នកប្រែជាស្ងួតជាងមុនមិនខាន។

ឬក៏អ្នកអាចទៅត្រាំខ្លួន របស់អ្នកនៅក្នុងទឹកសមុទ្រក៏បាន ប្រមាណជា ១០ នាទី រួចអង្គុយហាលថ្ងៃពី ១០ ទៅ ១៥ នាទីបន្ថែមទៀត (មិនត្រូវនៅយូរជាងនេះទេ ព្រោះស្បែករបស់អ្នកនឹងខ្លោចជាក់ជាមិនខាន)។ កម្តៅព្រះអាទិត្យ នឹងធ្វើឲ្យមុខមុនស្ងួត។ អ្នកនឹងសម្គាល់ឃើញលទ្ធផលជាទីគាប់ចិត្ត ត្រឹមតែរយៈពេល ២ ថ្ងៃ។

៨. ម្សៅ Baking Soda

សូដ្យូម កាបូណាត ឬគេតែងតែហៅថាជា ម្សៅ Baking soda អាចជួយបំពេញស្បែកខូចរបស់អ្នកបាន។ ជាងនេះទៅទៀត វាអាចបង្រួមរន្ធញើស ជម្រុះកោសិកាចាស់ចោល រក្សាកម្រិត pH ស្បែកបានត្រឹមត្រូវ និងអាចកម្ចាត់ស្នាមមុនបានផងដែរ។

អ្នកគ្រាន់តែលាយ ម្សៅ Baking soda ជាមួយទឹកបន្តិច មកលាបលើបរិវេណមុន រួចលាងសម្អាតចេញភ្លាម បន្ទាប់ពីទុកចោលប្រមាណពី ២ ទៅ ៣ នាទី។ អ្នកគួរអនុវត្ត ឲ្យបានច្រើនជាងម្តង ក្នុងមួយអាទិត្យ ដើម្បីទទួលបានលទ្ធផល យ៉ាងឆាប់រហ័ស។ 

៩. ស្លឹកជីអង្កាម

ស្លឹកជីអង្កាម មានផ្ទុកជាតិម៉ង់តុល ដែលអាចជួយបំបាត់ការឈឺចាប់ និងជួយស្បែកខូចបាន។ មិនត្រឹមតែប៉ុណ្ណោះ វាអាចការពារស្បែកមិនឲ្យហើមឡើយ ព្រោះតែវាមានជាតិត្រជាក់។

អ្នកគ្រាន់តែយក ស្លឹកជីអង្កាម មកបុកឲ្យម៉ដ្ឋ រួចយកវាមកបិទលើមុន ដែលមានតាមស្បែកខ្នងរបស់អ្នក រួចរង់ចាំប្រមាណ ១០ ទៅ ២០ នាទី សឹមលាងចេញជាមួយទឹកស្អាត។ អ្នកអាចអនុវត្តមួយថ្ងៃ ២ ទៅ ៣ ដង ដើម្បីទទួលបានលទ្ធផលរហ័ស ជាទីគាប់ចិត្ត។

១០. ចំនុចគួរយល់ដឹងបន្ថែម

• សម្រាប់នារីៗ ត្រូវពាក់អាវទ្រនាប់ ដែលបោកសម្អាតស្អាត

• ត្រូវលាងសម្អាតសាប៊ូអប់សក់ឲ្យបានស្អាត ព្រោះវាអាចមានប្រតិកម្មលើស្បែកខ្នងរបស់អ្នក

• ស្លៀកសម្លៀកបំពាក់ធ្វើពីកប្បាស ឬសម្លៀកបំពាក់ដែលរលុងៗ

• ត្រូវងូតទឹកសម្អាតខ្លួនចេញ បន្ទាប់ពីបែកញើស

• ត្រូវបោកសម្អាត ឈុតកម្រាលពូក ឲ្យបានញឹកញាប់

• ចៀសវាង នៅក្រោមកម្តៅថ្ងៃខ្លាំង

• ផឹកទឹកឲ្យបានច្រើន ដើម្បីជួយជំរុញជាតិពុល ឲ្យចេញពីរាងកាយ

• បរិភោគអាហារ ដែលសម្បូរជាតិសរសៃ រួមជាមួយនឹងបន្លែ ផ្លែឈើ ឲ្យបានច្រើន

• ចៀសវាងអាហារដែលមិនល្អ សម្រាប់សុខភាព ជាពិសេស អាហារបំពង និងអាហារមានជាតិខ្លាញ់លើសលប់

• ចៀសវាងការជក់បារី និងទទួលទានគ្រឿងស្រវឹងហួសកំណត់ ព្រោះវាក៏អាចបង្កជាមុនបានដែរ៕ 

ប្រភព៖ Top 10 Home Remedies | Natural Remedy Ideas | wikiHow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]