ថៃ៖ ថ្មីៗនេះបន្ទាប់ពីការវិលត្រឡប់មកសេពគប់គ្នាជាថ្មីម្តងទៀត ក្រោយបែកគ្នា អស់ជិត១០ឆ្នាំ របស់តារាសម្តែងដ៏ល្បីឈ្មោះប្រចាំប្រទេសថៃកញ្ញា Kwan Usamanee និងកម្លោះហៃសូរលោក Pichaya ម្តាយរបស់នាងបានបញ្ចេញការមិនពេញចិត្ត ជាខ្លាំងចំពោះការចាប់ផ្តើមបង្កាត់រងើកស្នេហ៍ចាស់របស់អ្នកទាំងពីរនេះ។

មិនតែប៉ុណ្ណោះវាបានក្លាយទៅជារឿងស្មុគស្មាញមួយ ដែលគ្មានថ្ងៃនឹងអាចបញ្ចប់ បាន ហើយត្រឡប់ទៅរកសភាពល្អដូចដើមវិញបានដោយងាយៗនោះឡើយ ខណៈនៅពេលដែលលុយបានក្លាយទៅជាវត្ថុសំខាន់បំផុត ខ្លាំងជាងអ្នកដែលខំ ប្រើកម្លាំងញើសឈាមទៅរកវាមក និងខ្លាំងជាងសុភមង្គលនៅក្នុងគ្រួសារទៅទៀត។

កាលពីពេលកន្លងទៅម្តាយរបស់នាងបានបង្ហាញជាសាធារណៈតាមរយៈ អ៊ីនស្តារក្រាមថា មានការអាក់អន់ស្រពន់ចិត្តជាខ្លាំង ខណៈដែលកូនស្រីខ្លួននាង Kwan Usamanee បានចំណាយពេលវេលា និងលុយខ្ជះខ្ជាយនៅជាមួយគូស្នេហ៍ ដោយគេចមិនចង់ចូលផ្ទះយកលុយមកឱ្យម្តាយ។ ប៉ុន្តែនាង Kwan Usamanee បានបកស្រាយនៅមុខអ្នកសារព័ត៌មាននៅថ្ងៃនេះទាំងទឹកភ្នែកថា នាងត្រឡប់មកផ្ទះ រាល់ថ្ងៃ ទោះបីជាបញ្ហាស្មុគស្មាញមួយចំនួននៅក្នុងផ្ទះយ៉ាងណាក្តី។ 

ឯរឿងលុយដែលនាងរកបានគឺប្រគល់ឱ្យម្តាយអស់ៗពីខ្លួន ឯមុខជំនួញដែល ខំប្រឹងប្រែងបង្កើតមកដោយខ្លួនឯងក៏បានប្រគល់ទៅឱ្យបងស្រីដែរ សព្វថ្ងៃស្ទើរតែគ្មាន ទ្រព្យសម្បត្តិអ្វីជាដុំកំភួនជាប់នៅនឹងខ្លួនសោះ។ នៅក្នុងការប្រឡូកក្នុងសង្គមសិល្បៈ តាំងពីនៅក្មេងៗមក Kwan Usamanee គឺជាអ្នកដែលបានរកប្រាក់មកផ្គត់ផ្គង់គ្រួសារឱ្យ បានរស់ស្រួលជំនួសឪពុកមិនដែលត្អូញត្អែរឡើយ។

រហូតមកដល់ពេលនេះក្តីនាងក៏នៅតែចិញ្ចឹមរក្សាម្តាយឱ្យរស់ស្រួល តែមិននឹកស្មានថាម្តាយនាងបែរជាក្លាយជាមនុស្សដែលយកប្រាក់ជាធំទៅវិញ បូកផ្សំជាមួយនឹងការថ្នាំងថ្នាក់ចិត្តជាមួយគូស្នេហ៍នាងផង ទើបធ្វើឱ្យមានភាព រកាំរកូសគ្នានៅក្នុងគ្រួសារបែបនេះ។ តែទោះយ៉ាងនេះក្តីក៏នាងមិនដែលខឹង ឬច្រលោតនឹងម្តាយខ្លួនដែរ។

ជាចុងក្រោយក៏មានអ្នកគាំទ្ររបស់នាងជាច្រើនបានចូលទៅ Comment លើកទឹកចិត្តនាងថា ទោះមានរឿងអ្វីកើតឡើងក៏ត្រូវតស៊ូ ជាតារាយ៉ាងណា ក៏ត្រូវមានការចាយវាយជាសំខាន់នៅក្នុងការតុបតែងខ្លួនព្រោះគ្មានមនុស្សឯណា គេមកគាំទ្រតារាដែលគ្មានសម្រស់ស្រស់ស្អាតនោះទេ។ ចំណែកឯរឿងគូស្រករវិញ នាងក៏អាចមានសិទ្ធិនៅក្នុងការជ្រើសរើសដោយខ្លួនឯងខ្លះ មិនមែនស្រេចតែលើការ បញ្ជារបស់ម្តាយពេកថា ឱ្យស្អប់ ឬឱ្យស្រឡាញ់នរណាម្នាក់ឡើយ។

ទោះជាយ៉ាងណាក្តីស្ថិតនៅក្នុងបញ្ហាដ៏ស្មុគស្មាញនេះ ម្តាយនាង Kwan Usamanee ក៏បានបង្ហាញថា រឿងដែលឃើញលុយជាធំមិនមែនជាការពិតទាំងស្រុងនោះដែរ មានរឿងជាច្រើនដែលបានកើតឡើងក្នុងគ្រួសារដែលគ្មានមនុស្សប្រុសនៅគ្រប់គ្រង មួយនេះ។ ប៉ុន្តែនៅមានអ្នកគាំទ្រជាច្រើនបានសម្តែងក្តីអាណិតចំពោះនាង Kwan Usamanee ពន់ពែន ដែលត្រូវមករែកពន់ចិញ្ចឹមគ្រួសារតែម្នាក់ឯង តែបែរជាត្រូវអ្នកផ្ទះ បិទសិទ្ធិសេរីភាពទាំងខាងហិរញ្ញវត្ថុ និងរឿងស្នេហាដូច្នេះទៅវិញ៕

ចុះប្រិយមិត្តទាំងអស់គ្នាវិញយល់យ៉ាងណាចំពោះរឿងនេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]