រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​ ២​នាក់​បងប្អូន​បង្កើត បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ យក​គ្រឿងអលង្កា​មាស​ទម្ងន់​២​ជី ទៅ​លក់​នៅ​ផ្សារ​ទួល​ពង្រ ដើម្បី​យក​លុយ​ផ្ញើ​ទៅ​ម្ដាយ នៅ​ឯ​ខេត្តតាកែវ សងបំណុល​ធនាគារ​។

លុះ​ក្រោយ​ពេល​ លក់​មាស​រួច​បាន​លុយ បាន​នាំ​គ្នា​ដាក់​លុយ​នោះ​រួម​នឹង​លុយ​មាន​ស្រាប់ សរុប​ចំនួន​៣៥០​ដុល្លារ នៅ​ក្នុង​កាបូបដៃ​មួយ បន្ទាប់​មក​ពួក​នាង​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ក្នុង​ផ្សារ​ទួល​ពង្រ ត្រឡប់​ទៅ​កាន់​ផ្ទះ​ជួល ដែល​ពួក​នាង​ជួល​ស្នាក់​នៅ​វិញ ដោយ​នាង​ប្អូន​បាន​កាន់​កាបូប​លុយ​នោះ នៅ​ក្នុង​ដៃ​ជាមួយ​ម្ហូប​ដាក់​លើ​ភ្លៅ ឯ​នាង​បង​ជា​អ្នក​ឌុ​ប​។

ពេល​នោះ​បានឃើញ​ជនសង្ស័យ​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា MSX ពណ៌​ខៀវ តាម​ពីក្រោយ​ដែរ ប៉ុន្តែ​ពួក​នាង​នឹក​ស្មានថា ជា​អ្នកដំណើរ​ធម្មតា​មិន បាន​ចាប់អារម្មណ៍​ថា​ជា​ចោរ​នោះ​ទេ លុះ​ពេល​ជិះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​នោះ ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​នោះ​បាន​សម្រេច​។ បន្ទាប់​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន គេចខ្លួន​ចូល​ទៅ​ប្លុក​ផ្ទះ​ជួល​មួយ​កន្លែង ចម្ងាយ​ពី​កន្លែង​កើតហេតុ​ជាង ១០០​ម៉ែត្រ ក៏​បាន​ផ្ដួល​ម៉ូតូ​ចោល ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៣​និង​១៥​នាទី រសៀល​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នារី​រង​គ្រោះ​ខាងលើ នាង​បង​មានឈ្មោះ អេ​ង រចនា អាយុ​២១​ឆ្នាំ និង​នាង​ប្អូន​មានឈ្មោះ អេ​ង ច​ន្ថា អាយុ​១៨​ឆ្នាំ ពួក​នាង​គឺជា​កម្មការិនី​រោងចក្រ​កាត់ដេរ​យីហោ ហុង វ័​ន្ត និង​មានស្រុក​កំណើត​ក្នុងភូមិ​ក្រាំង​ដៃ ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្តតាកែវ​។ ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បាត់បង់​កាបូប​មួយ ដែល​នៅ​ក្នុង​នោះ​មាន​លុយ​ចំនួន​៣៥០​ដុល្លារ រួម​នឹង​របស់​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ពួក​នាង​ទាំង​ពីរ​នាក់ ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1AT-9286 ដោយឡែក​យុវជន​ម្នាក់ ដែល​អះអាង​ថា​ខ្លួន គឺជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុង​MSX ឲ្យ​គេ​ខ្ចី​ជិះ​ធ្វើ​សកម្មភាព​ឆក់ កាបូប​នោះ ឈ្មោះ ភឿន ឆាង អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​កាត់​កញ្ចក់ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​លើក ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ និង​ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​កើតហេតុ​នោះ​ដែរ​។ ដោយឡែក​ម៉ូតូ​ម៉ាក​ហុងដា MSX របស់​គេ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1H-2462 ។

តាម​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ជនសង្ស័យ ផ្ដួល​ម៉ូតូ​នោះ​ហើយ​រត់​ចោល កម្លាំង​នគរបាល​រួម​ជាមួយ​ ប្រជា​ការពារ​ភូមិ និង​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ទៅ​ឡើ​ម​ព័ទ្ធ​ទីនោះ ប៉ុន្តែ​មិន​បានឃើញ​ជនសង្ស័យ​នោះ​ទេ ទើប​យក​ម៉ូតូ​នោះ​ទៅ​រក្សា​ទុក​។ ខណៈនោះ​ស្រាប់តែ​លេចមុខ​យុវជន​ឈ្មោះ ភឿន ឆាង បាន​ទៅ​ដល់ និង​បាន​អះអាង​ថា ម៉ូតូ​នោះ​ជា​របស់​ខ្លួន ដែល​បាន​ឲ្យ​មិត្តភក្ដិ​ម្នាក់​ខ្ចី​ជិះ ដោយ​មិន​បានដឹង​ថា​មិត្តភក្ដិ​នោះ ជិះ​ដើរ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បែប​នេះ​ទេ​។

មិនតែប៉ុណ្ណោះ​ពួក​គេ​បាន​រាប់អាន​គ្នា​ខ្លាំង​ណាស់ កន្លង​មក​ជនសង្ស័យ ធ្លាប់​បាន​ប៉ាវ​ខ្លួន​ផឹកស៊ី​ជា​ញឹកញាប់​មក​ហើយ ដោយសារ​តែ​បែប​នេះ នៅ​ពេល​ដែល​មិត្តភក្ដិ​ម្នាក់​នោះ គ្មាន​លុយ​ត្រូវការ​លុយ ខ្លួន​បាន​ឲ្យ​ខ្ចី​កាត​គ្រី​ម៉ូតូ​ទៅ​ដាក់បញ្ចាំ​ថែម​ទៀត​ផង ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​បាន​លោះ​យក​មក​វិញ​នៅឡើយ​ទេ​។

ក្រោយ​ពេល​ជន​នោះ ទៅ​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​ម៉ូតូ កម្លាំង​នគរបាល​ក៏​បាន​ឃាត់ខ្លួន​ជន​នោះ​តែ​ម្ដង ព្រោះ​ជា​អ្នក​ផ្ដល់​មធ្យោបាយ សម្រាប់​ឲ្យ​អ្នក​ដទៃ​ជិះ​ធ្វើ​សកម្មភាព​ឆក់ ហើយ​ក្រោយ​ពេល​ឃាត់ខ្លួន​ជន​នោះ បាន​ស្រែកយំ​យ៉ាង​ខ្លាំង និង​សុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ជួយ​ធ្វើការ​សម្របសម្រួល ដោយ​ខ្លួន​សុខចិត្ត​ចេញ​សំណង​ដល់​ជន​រង​គ្រោះ​។ ប៉ុន្តែ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​មិន​ហ៊ាន និង​បាន​បញ្ជូន​ជន​នោះ​ទៅ​កាន់​ផ្នែក ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត​ទៀត​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]