ក្រុមតារាបង្ហាញម៉ូដCambodia Super Model បានចូលរួមសម្តែងក្នុងកម្មវិធីតាំងពិព័រណ៍សម្លៀកបំពាក់ និងវាយនភណ្ឌអាស៊ានឆ្នាំ២០១២ រៀបចំឡើងនៅក្នុងខេត្តសៀមរាបចាប់ពីថ្ងៃទី២៩ សីហាដល់ថ្ងៃទី១ កញ្ញា ឆ្នាំ២០១២ ។ពិធីតាំងពិព័រណ៍នេះរៀបចំក្នុងបរិវេណមជ្ឈមណ្ឌល ពិព័រណ៍អង្គរកូអិុច អតីតការដ្ឋានពិព័រណ៍អង្គរឃ្យុងយូដោយមាន ការចូលរួមបើកពិធីពីលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងបណ្តារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាស៊ានទាំង១០ប្រទេស ។

កញ្ញាដួង ហ្សូរីដា ជាអ្នកដឹកនាំក្រុមបង្ហាញ Cambodia Super Model ឱ្យដឹងថា នេះជាមោទនភាពមួយក្នុងនាមកញ្ញា ជាអ្នកសម្របសម្រួលការបង្ហាញម៉ូដជាលក្ខណៈអាស៊ាន ជាព្រឹត្តិការណ៍ដំបូងដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយសហការជាមួយក្រសួងពាណិជ្ជកម្មក្នុងកិច្ច ប្រជុំបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ។ ការបង្ហាញម៉ូដនាពេលនេះគឺមានការចូលរួម របស់តារាបង្ហាញម៉ូដកម្ពុជាចំនួន៨៩នាក់ និងមានការចូលរួមពី៤ប្រទេសផ្សេងទៀតមាន ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ឡាវ និងប្រទេសថៃ ដោយ
បានបញ្ជូនម៉ូដសម្លៀកបំពាក់ប្រចាំប្រទេសរបស់គេមកចូលរួម ។

នេះឆ្លុះបញ្ចាំងឱ្យឃើញនូវការ ចងសម្ព័ន្ធភាពរវាងបណ្តាប្រទេសអាស៊ានទាំងអស់ ហើយកញ្ញាហ្សូរីដា សង្ឃឹមថា នៅឆ្នាំក្រោយនឹងមានបណ្តាប្រទេសដទៃទៀតក្រៅពីប្រទេសទាំង៤នោះចូលរួមក្នុងការដើរបង្ហាញម៉ូដ ។ កញ្ញារីដាបញ្ជាក់ថា ការទទួលជោគជ័យនាពេលនេះគឺ បានដោយសារការរួមសហការជាមួយគ្នា ពីក្រុមតារាបង្ហាញម៉ូដទាំងអស់ទាំងក្រុម Cambodia Super Model និងក្រុមបង្ហាញម៉ូដសាពណ៌ ក្នុងនោះក៏មានការចូលរួមពីអ្នកច្នៃម៉ូដល្បីៗ ក្នុងប្រទេសកម្ពុជាសហការគ្នាច្នៃម៉ូដថ្មីប្លែក ដើម្បីបង្ហាញជូនដល់ភ្ញៀវមកពីបណ្តាប្រទេសនានា ជិត៣០ដែលចូលរួមក្នុងកិច្ចប្រជុំនាឆ្នាំនេះ ។

នេះជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកម្សាន្ត និងបណ្តាក់ទុនរកស៊ីក្នុងប្រទេសកម្ពុជាកាន់តែច្រើន។ ការរៀបចំពិព័រណ៍នេះឡើងក្នុងគោល បំណងជំរុញឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជាពិសេសសន្និសីទស្តីពីវិស័យសម្លៀកបំពាក់ និងវាយនភណ្ឌអាស៊ានរឹតតែមានខ្លឹមសារជ្រាលជ្រៅ និងផ្លែផ្កាជាវិជ្ជមាន ហើយក៏ជាព្រឹត្តិការណ៍មួយផ្តល់ឱកាសឱ្យ ធុរជនវិស័យសម្លៀកបំពាក់ និងវាយនភណ្ឌអាស៊ានបានជួបជុំគ្នាដើម្បីបង្ហាញ និងពិភាក្សានូវគំនិតថ្មីៗសម្រាប់បម្រើទីផ្សារអន្តរជាតិ ។

ក្រៅពីការបង្ហាញម៉ូដមានរៀបចំកម្មវិធីសិល្បៈ ជាច្រើនទៀតដែលទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំងពីភ្ញៀវជាតិនិងអន្តរជាតិ ។
លោកទេព រិន្ទដារ៉ូ និយាយថា បើទោះជាលោក និងតារាទាំងអស់មានការហត់នឿយបន្តិចក្តី ប៉ុន្តែលោកជឿថា មិនត្រឹមែតលោកប៉ុណ្ណោះទេ គឺសូម្បីតែតារាក្មេងៗ ដែលពូួកគេវក់វីខ្លាំង តាំងពីដើមរហូតដល់បញ្ចប់់កម្មវិធីសិល្បៈ ក៏សប្បាយចិត្តដូចគ្នាដែរ ដែលប្រទេសកម្ពុជា រៀបចំមហាវេទិកាសិល្បៈក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកនេះ ។

លោកបញ្ជាក់ថាអ្វីជា មោទនភាពបំផុតនោះគឺការរំលេចទស្សនីយភាព សិល្បៈបានល្អឥតខ្ចោះ ទាំងនៅសាលមហោស្រពអង្គរឃ្យុងយូ និងទាំងនៅ ខាងមុខប្រាសាទបាយ័ន ។ ពិសេសជាងគេ គឺលោករំភើបចិត្តបានឃើញការបាញ់ភ្លើង និងការដាក់តាំងភ្លើងគប់តូចៗ អមតាមមាត់ច្រកចូលប្រាសាទដែលលោកគិតថាមហាជន ភាគច្រើននៅមិនទាន់បានឃើញនៅឡើយ ។ បើនិយាយពីកម្រៃមិនច្រើនណាស់ណាទេ ប៉ុន្តែអ្វីដែលធ្វើឱ្យលោកសប្បាយចិត្ត និងមានមោទន ភាពបំផុត គឺសិល្បករបានចូលរួមតំណាងឱ្យវប្បធម៌ជាតិ ហើយត្រូវក្រសួងពាណិជ្ជកម្មផ្តល់ឱកាសឱ្យ បង្ហាញមុខមាត់ជាសាធារណៈឱ្យមហា ជនទាំងជាតិ និង អន្តរជាតិបានឃើញ ។

អ្នកនាងគង់ សុជាតិ ដែលជាពិធីការិនី បានពោលទាំងមោទនភាពដូចគ្នាថា អ្នកនាងរំភើបជាងគេជាមួយនឹងព្រឹត្តិការណ៍ សម្តែងឈុតឆាកបុរាណ ដែលបានធ្វើឡើងនៅសាលមហោស្រពអង្គរឃ្យុងយូ ហើយអ្នកនាងយល់ថា នេះជាលើកដំបូងបំផុត ដែលអ្នកនាងបានឃើញទិដ្ឋ ភាពដ៏អស្ចារ្យនេះ ។ ប្រសិនបើវេទិកានេះបានប្រារព្ធឡើង ហើយមានការផ្សាយផ្ទាល់ អ្នកនាងយល់ថា មិនដឹងជាមានមហាជនក្នុងស្រុក និងលើពិភពលោកប៉ុន្មានលាននាក់រំជួលចិត្តទេ ។បើទោះជាមានការកែប្រែកម្មវិធីច្រើន ធ្វើឱ្យអ្នកនាងដែលជាអ្នកកាន់ក្បាលមេក្រូមាន អារម្មណ៍ស្មុគស្មាញនិងលំបាកបន្តិចមែន ប៉ុន្តែអ្នកនាងសប្បាយចិត្ត ហើយយល់ថាខ្មែរត្រូវតែមានមោទន ភាពដែលអាចសម្តែងមហាសិល្បៈទាំងសម័យ និងបុរាណ បានដោយជោគជ័យនាឱកាសនោះ ។

បើទោះបីកន្លងកម្ពុជាធ្លាប់រៀបចំបុណ្យសមុទ្រ ធ្លាប់រៀបចំកម្មវិធីបង្ហាញម៉ូដពេជ្រប៉ុន្តែបើប្រៀបធៀបនឹងកម្មវិធីសិល្បៈ សម្រាប់ស្វាគមន៍កិច្ចប្រជុំអាស៊ាននៅសៀមរាបលើកនេះគឺមិនអាចប្រដូចគ្នាបានឡើយ ។ ចំណែកអ្នកនាងចន ចាន់លក្ខិណា ក៏បង្ហាញទឹកចិត្តរំភើបណាស់ដែរ បើទោះជាគេមើលឃើញអ្នកនាងនឿយហត់ ក្នុងការគ្រប់គ្រងតារាម៉ូដែលក៏ដោយ ។ អ្នកនាងថ្លែងថា បើបានចូលរួមក្នុងកម្មវិធីថ្នាក់ជាតិធំៗបែបនេះ មួយខែម្តង ឬពីរដងទៀតក៏មិននឿយណាយដែរ ដោយសារតែយល់ថា តារាដែលលេចមុខក្នុងវេទិកាដ៏អស្ចារ្យបែបនេះ គឺក្រៅពីដើម្បីជាតិក៏ជួួយលើកមុខលើកមាត់ដល់ខ្លួន ក្នុងនាមជាអ្នកស្រលាញ់សិល្បៈ ។ កន្លងមកនាងធ្លាប់តែសរសើរថា បណ្តាប្រទេសមួយចំនួន រៀបចំកម្មវិធីធំៗបានល្អ ប៉ុន្តែពេលប្រទេសកម្ពុជាខ្លួនឯង បានធ្វើម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ាន ហើយអាចរំលេចកម្មវិធីមហាសិល្បៈទាំងបុរាណ និងសម័យបានល្អឥតខ្ចោះបែបនេះ គឺស្ទើរតែមិនជឿខ្លួនឯង។

ចំពោះកញ្ញាឌួង ហ្សូរីដា មិននឹកស្មានថា នាងអាចដឹកនាំតារាម៉ូដែលទាំងជាង ៧០នាក់ទទួលបានផ្លែផ្កាដូច្នេះទេ ។ នាងសប្បាយចិត្តនិងអរគុណមេឃដែលមិនភ្លៀង ក្នុងរយៈពេលរៀបចំនោះ ហើយបើទោះជាកម្មវិធី រៀបចំបានល្អ ប៉ុន្តែបើមានការរំខានដោយភ្លៀងក៏អ្វីៗមិនអាចទទួលជោគជ័យដែរ ។ នេះជាកម្មវិធីសិល្បៈធំលើកទី ១ដែលនាងបានដឹកនាំតារាដោយផ្ទាល់ ក្នុងការចាត់ចែងការដើរបង្ហាញម៉ូដផង និងចាត់កម្លាំងឱ្យចុះ ដើម្បីទទួលភ្ញៀវផង ដែលខុសកាលពីបុណ្យសមុទ្រ ពិធីផ្សេងទៀតរបស់ក្រសួងដែលគ្រាន់តែដើរបង្ហាញម៉ូដ ។

កញ្ញាហ្សូរីដា រំពឹងថា ប្រទេសកម្ពុជានឹងកាន់តែមានមុខមាត់ តាមរយៈការរៀបចំមហោស្រពសិល្បៈធំៗបែបនេះដែល មិនតែត្រឹមអ្នកទស្សនាជាខ្មែរទេដែលសរសើរ គឺសូម្បីតែបរទេសក៏ភ្ញាក់ផ្អើលដែរ ។អ្នកសិល្បៈផ្សេងទៀតក៏បង្ហាញក្តីរំភើប និងភាពភ្ញាក់ផ្អើលដូចគ្នាដែរ ក្នុងឱកាសដែលកម្ពុជាអាចរំលេចមហាផ្ទាំងទស្សនីយភាពខ្នាតធំ ហើយប្លែកអស្ចារ្យ ដែលបានរៀបចំឡើងក្នុងកម្មវិធីASIAN Fashion Show នៅអង្គរឃ្យុងយូ និងនៅខាងមុខប្រាសាទបាយ័ន នាពេលនោះ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]