(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ បានលុបចោលនូវសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា «ជំងឺ Zika កំពុងកើតមាននៅតាមតំបន់ខ្លះ នៃប្រទេសកម្ពុជា» ចេញពី Facebook ផ្លូវការរបស់ខ្លួន បន្ទាប់ពីមានប្រតិកម្មធ្ងន់ៗពីលោក​ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់កម្ពុជា។

លោក ម៉ម​ ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រកាសបដិសេធចោលទាំងស្រុង ជុំវិញព័ត៌មានរបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ដែលបានផ្សាយថា កម្ពុជាកំពុងមានជំងឺ «Zika» ខណៈដែលក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងយកចិត្តទុកដាក់ជាទីបំផុត។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ប្រាប់ អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ ​យ៉ាងដូច្នេះថា «ខ្ញុំសូមបដិសេធចោលទាំងស្រុង​ ​ហើយកម្ពុជាគ្មានជំងឺ Zika ដូចការចោទប្រកាន់របស់ស្ថានទូតអាមេរិកនោះទេ ​ចាប់តាំងពីឆ្នាំ២០១០មក ប្រទេសកម្ពុជាពុំទាន់រកឃើញករណី​​ Zika​ ទេ។ បច្ចុប្បន្ននេះបញ្ហាជំងឺ Zika ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងយកចិត្តទុកដាក់ជាទីបំផុត និងតម្លាភាព ហើយពេលនេះ កម្ពុជាបានសហការគ្នាជាមួយ អង្គការសុខភាពពិភពលោក និងវិទ្យាស្ថានជាតិប៉ាស្ទ័រ ដើម្បីទប់ស្កាត់ជំងឺនេះមិនឲ្យចូលកម្ពុជា»

សូមជំរាបថា ការប្រកាសបដិសេធរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកទទួលព័ត៌មានថា ស្ថានទូតអាមេរិក នៅទីក្រុងភ្នំពេញ បានចេញផ្សាយព័ត៌មានស្តីពីជំងឺ Zika នៅកម្ពុជា, ដោយបានលើកឡើងថា «ជំងឺ Zika កំពុងកើតមាននៅតាមតំបន់ខ្លះ នៃប្រទេសកម្ពុជា ហើយគេមិនដឹងថា អ្នកធ្វើដំណើរប្រឈមនឹងជំងឺនេះប៉ុនណាទេ។ ដូច្នេះនារីដែលមានផ្ទៃពោះ ឬគ្រោងនឹងមានផ្ទៃពោះ គួរតែពិភាក្សាពីគំរោងធ្វើដំណើរ ជាមួយវេជ្ជបណ្ឌិត ហើយគួរពិចារណាផ្អាកការធ្វើដំណើរណាដែលមិនចាំបាច់មកប្រទេសកម្ពុជា»

នៅពេលនេះសេចក្តីប្រកាសព័ត៌មាននេះ ត្រូវបានខាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដកចេញវិញហើយ ពីលើ Facebook ផ្លូវការរបស់ខ្លួន៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ក្រសួងសុខាភិបាល បញ្ជាក់ម្តងទៀតថា គ្មានមេរោគ Zika មកដល់កម្ពុជាទេ ខណៈមានការបំផុសលើ Facebook ។ គួររំលឹកផងដែរថា លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ម្តងទៀតថា កាលពីល្ងាចថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ មិនមានករណីមេរោគ Zika ណាមួយបានមកដល់ប្រទេសកម្ពុជានោះទេ ខណៈដែលនៅលើបណ្តាញសង្គម Facebook មានការបំផុសតៗគ្នាថា មានករណីយុវតីខ្មែរម្នាក់បានស្លាប់ដោយ សារជំងឺ Zika នៅក្នុងប្រទេសកម្ពុជា។

លោក លី សូវ៉ាន់ បានចាត់ទុកថា ការបំផុសព័ត៌មានបែបនេះ គឺជាការភូតកុហក ហើយក្នុងន័យបង្កចលាចល នៅក្នុងប្រទេសកម្ពុជា។ លោកថាបន្ទាប់ពីទទួលបានព័ត៌មាននោះ ក្រសួងសុខាភិបាល បានឆែកនៅតាមមន្ទីរពេទ្យ តាមតម្រុយដែលប្រភពនៅលើ Facebook អះអាង ប៉ុន្តែការពិតមិនមានករណីនេះកើតឡើងទេ។

លោក លី សូវ៉ាន់ បានលើកឡើងថា «ដូចជាករណី អេបូឡាអញ្ចឹងដែរ គឺពេលដែលយើងកំពុងព្រួយបារម្ភអញ្ចឹងទៅ វាក៏បានបង្កើតរឿងធ្វើឱ្យចលាចល ប៉ុន្តែតាមពិតអត់មានរឿងនេះកើតឡើងទេ ហើយខ្ញុំក៏បានឆែកនៅលើ Page ហ្នឹងដែរ ក៏អត់មានឃើញសកម្មភាពអ្វី ឃើញថាអត់ដែលបានបង្ហោះអ្វីតាំងពីថ្ងៃទី២០ ខែកក្កដាមកម្ល៉េះ ប្រហែលជាមានអ្នក Hack ទំព័ររបស់គាត់។ ពេលនេះទំនងលុបចោលហើយ ព្រោះខ្ញុំឆែកទៀតអត់ឃើញ»។

លោកថានៅកម្ពុជាមានតែមន្ទីរពេទ្យ២ប៉ុណ្ណោះ ដែលអាចស្កេនរកមេរោគ Zika នេះបាន ក្នុងនោះមានវិទ្យាស្ថានប៉ាស្ទ័រ ជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈរបស់រដ្ឋ។ បើសិនជាមានមេរោគនេះមែននោះ លទ្ធផលនឹងទៅដល់នាយកដ្ឋានរបស់លោកមុនគេ។ ចុចអានបន្ត៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]