(ពោធិ៍សាត់)៖ យ៉ាងហោចណាស់មានមនុស្សក្មេងចាស់ប្រុសស្រី របួសធ្ងន់ស្រាល ប្រមាណ ២៥នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ដោយសារអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ត្រឡប់មកពីរមណីយដ្ឋានច្រកល្អៀងវិញបើកធ្លាក់ផ្លូវ។ ហេតុការណ៍ដ៏គួឲ្យរន្ធត់មួយនេះ កើតឡើងនៅវេលាម៉ោង ០៥ និង៣០នាទីល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ នៅលើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចខាងត្បូងស្ពានយ៉ោកចម្ងាយ ១គីឡូម៉ែត្រ (ផ្លូវទៅរមណីយដ្ឋានច្រកល្អៀង) ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែតុលានេះថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពី អ្នកបើកបររថយន្តម៉ាក TITAN ១,៥តោន ព័ណ៌ខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-0831 បើកបរដោយឈ្មោះ សំ ផែន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជោក ត្រឡប់មកពីរមណីយដ្ឋានច្រកល្អៀងវិញ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតធ្លាក់ពីលើចញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់ របួសធ្ងន់មនុស្ស ១៩នាក់ និងរបួសស្រាលមនុស្ស ០៦នាក់។

ក្រោយពេលកើតហេតុ ដំណឹងនេះបានទៅដល់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ភ្លាមនោះលោកបានដឹកនាំកម្លាំងចុះអន្តរាគមន៍បញ្ជាផ្ទាល់ ដើម្បីសម្រួល និងពន្លឿន ជុំវិញការជួយសង្គ្រោះបន្ទាន់ ក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។ ចំពោះអ្នករបួសស្រាល ០៦នាក់ ត្រូវសម្រាកព្យាបាលនៅទីនោះសិន ដោយឡែកអ្នករបួសធ្ងន់ ១៩នាក់ លោកបានអន្តរាគមន៍ សុំរថយន្តសង្គ្រោះបន្ទាន់ពី អង្គភាពដែលមានការពាក់ព័ន្ធ ដើម្បីបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ នៅរាជធានីភ្នំពេញផងដែរ៕

ប្រភព៖ Fresh News

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា កាលពីថ្ងៃទី ៣០ កញ្ញា កន្លងទៅនេះ នៅក្នុងខេត្ដពោធិ៍សាត់ដូចគ្នា ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ ដែលរថយន្តចំនួន៤គ្រឿងធ្វើចរាចរណ៍ ស្របទិសគ្នាពីកើតទៅលិចលើ កំណាត់ផ្លូវជាតិលេខ ៥ខាងកើតស្នាក់ការគណបក្ស​ ប្រជាជនកម្ពុជា​ហើយបានបុកគូថ​ បន្តកន្ទុយគ្នាចំនួន ៤គ្រឿងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកនៅលើកំណាត់ ផ្លូវជាតិលេខ៥បណ្តាលឱ្យរថយន្តទាំង៤គ្រឿង​ រងការខូចខាតយ៉ាងដំណំ​ ប៉ុន្តែសំណាងល្អមិនបណ្តាលឱ្យ មានមនុស្សរងរបួសធ្ងន់ធ្ងរអ្វីឡើយនៅក្នុងហេតុការណ៍ គ្រោះថ្នាកចរាចរណ៍នោះ។

ស្នងការនគរបាលខេត្តពោធិសាត់ លោកឩត្តមសេនីយទោ​ សារុន ចានធី ក្រោយទួលបានព័ត៌មានភ្លាមៗ លោកបានបញ្ជាឱ្យរថយន្តសង្រ្គោះ​ និងមន្ត្រីនគរបាលចរាចរណ៍ខេត្ត ក្រុងចុះមកដលកន្លែងកើតហេតុភ្លាមៗ​ ដើម្បីសម្រួលចរាចរណ៍កំុឱ្យមានការកកស្ទះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]