យោងតាមការវិភាគនៃការស្រាវជ្រាវចំនួន៨ លើការកើនឡើងនៃ រោគពុកធ្មេញកុមារមុនចូលសាលា បានបង្ហាញថាការដុសធ្មេញ ជាមួយនឹងថ្នាំដុសធ្មេញហ្វ្លុយអូរ៉ាយកាត់បន្ថយរោគពុកធ្មេញ លើធ្មេញទឹកដោះ។

តើមាតាបិតាគ្រប់រូប បានដឹងពីសារៈប្រយោជន៍នៃ ជាតិហ្វ្លុយអូរ៉ាយចំពោះកូនៗលោកអ្នកហើយឬនៅ? ហេតុអ្វីក៏កុមារត្រូវការ ជាតិហ្វ្លុយអូរ៉ាយ?

ជាតិហ្វ្លុយអូរ៉ាយ ជាសារជាតិសំខាន់មួយសម្រាប់កុមារ ពីព្រោះថាជាតិហ្វ្លុយអូរ៉ាយ មានប្រសិទ្ធិភាពក្នុង ការកាត់បន្ថយរោគពុកធ្មេញរបស់កុមារ។ នៅពេលដែលបាក់តេរីក្នុងមាត់កុមារ រួមបញ្ចូលគ្នាជាមួយ នឹងសារជាតិស្ករ វាផលិតបានជាជាតិអាស៊ីតដែលធ្វើឲ្យប៉ះពាល់ដល់ឬសធ្មេញ និងធ្មេញរបស់កុមារ។ ជាតិហ្វ្លុយអូរ៉ាយ អាចការពារធ្មេញកុមារពីការយាយី នៃអាស៊ីតនេះបាន។

ហ្វ្លុយអូរ៉ាយមាននៅក្នុងអាហារ និងសម្ភារៈអ្វីខ្លះ?

ហ្វ្លុយអូរ៉ាយ មាននៅក្នុងថ្នាំដុសធ្មេញ និងទឹកដែលមានផ្ទុកជាតិហ្វ្លុយអូរ៉ាយ។ ប្រភពនៃរបបអាហារ ដែលមានផ្ទុកហ្វ្លុយអូរ៉ាយមានដូចជា ការផឹកទឹកយកពីផ្ទះ ទឹកសូដា ទឹកក្រូច ម្សៅទឹកដោះគោទារក ម្ហូបអាហារ និងថ្នាំដុសធ្មេញ។

ក្រៅពីនេះ ផលិតផលហ្វ្លុយអូរ៉ាយដទៃទៀត ដូចជាសូដ្យូមហ្វ្លុយអូរ៉ាយ 0,2 ភាគរយ (NaF) ទឹកខ្ពុលមាត់ (900 ppm) និងជែលលាបដោយជក់ (ឧទាហរណ៍ 1,1 % NaF; 5.000ppm ) ផងដែរត្រូវបានបង្ហាញថាមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយរោគពុកធ្មេញនៅក្នុងធ្មេញអចិន្រ្តៃយ៍។

តើកុមារគួរប្រើហ្វ្លុយអូរ៉ាយកម្រិតណាទើបល្អ?

ការរក្សាតុល្យភាពនៃជាតិហ្វ្លុយអូរ៉ាយ ជាការចំបាច់ ដែលយើងអាចកំណត់កម្រិតហ្វ្លុយអូរ៉ាយនេះ តាមរយៈរបបអាហារប្រចាំថ្ងៃ។ ម្យ៉ាងទៀត ការប្រើប្រាស់ថ្នាំដុសធ្មេញ ទំហំប៉ុនគ្រាប់អង្ករ ចំពោះកុមារអាយុតិចជាង៣ឆ្នាំ គឺជាបរិមាណ ត្រឹមត្រូវដែលអាចបន្ថយហានិភ័យ នៃជំងឺលើសជាតិហ្វ្លុយអូរ៉ាយនេះបានដែរ។ ចំណែកឯកុមារ ដែលមានអាយុពី៣ទៅ៦ឆ្នាំ ត្រូវប្រើប្រាស់ថ្នាំដុសធ្មេញហ្វ្លុយអូរ៉ាយ ដែលមានទំហំប៉ុនគ្រាប់សណ្ដែក គឺជាការសមស្រប។ ដើម្បីពង្រីកប្រសិទ្ធភាពនៃអត្ថប្រយោជន៍នៃហ្វ្លុយអូរ៉ាយក្នុងថ្នាំដុសធ្មេញ យើងគួរតែត្រូវដុសពីរដងក្នុងមួយថ្ងៃ និងខ្ពុលទឹកបន្ទាប់ពីដុសធ្មេញអោយ បានតិចបំផុតឬមិនខ្ពុលតែម្ដង។

កុមារដែលប្រឈម និងរោគពុកធ្មេញគួរតែទទួលការព្យាបាល ដោយហ្វ្លុយអូរ៉ាយ ជាមួយនឹងទន្តបណ្ឌិតដែលវិជ្ជាជីវៈ យ៉ាងហោចណាស់រៀងរាល់ប្រាំមួយខែម្ដង។ ម្យ៉ាងទៀត ដើម្បីឲ្យកូនៗលោកអ្នកមាន សុខភាពមាត់ធ្មេញល្អ និងចៀសផុតពីរោគពុកធ្មេញ សូមកុំភ្លេចធ្វើការណាត់ជួប ជាមួយទន្តបណ្ឌិត ដើម្បីធ្វើការពិនិត្យរៀងរាល់៦ខែម្តង៕

សូមមើលរូបភាព

រៀបរៀងដោយ៖ ទន្តបណ្ឌិត ឈាង រ៉ាមី
មន្ទីរព្យាបាលធ្មេញបស្ចិម សាខាកម្ពុជាក្រោម 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]