អង់គ្លេស៖ កាលពីយប់មិញនេះ ក្រុមខ្លាំងៗមួយចំនួន បានធ្វើឲ្យកក្រើក ក្របខ័ណ្ឌបាល់ទាត់ English Premier League ជាមួយនឹងការស៊ុតគ្រាប់បាល់ជាច្រើនគ្រាប់ ក្នុងសប្តាហ៍ទី៦។ ក្នុងនោះការប្រកួតដែលចាប់អារម្មណ៍ជាងគេមានដូចជា Manchester United បំបាក់ក្រុមម្ចាស់ជើងឯក Leicester ៤-១ ខណៈ Chelsea វិញចាញ់២ប្រកួតជាប់គ្នាក្នុងលីក ដោយក្នុងនោះក្រោមថ្វីជើង ក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៣-០ ផងដែរ។

ទាក់ទងនឹងការប្រកួតរវាង Man Utd និង Leicester កាលពីយប់មិញ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាមួយនឹងទម្រង់លេងដ៏ល្អរបស់ Man Utd ដែលអាចស្វែងរកគ្រាប់បាល់រហូតទៅដល់ ៤គ្រាប់ ក្នុងតង់ទី១ ។

៤គ្រាប់របស់ Man Utd ធ្វើឡើងដោយកីឡាករ Smalling , Juan Mata , Rashford និងជាពិសេសនោះ Pogba បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួន កាលពីយប់មិញ បន្ទាប់ពីមានការរិះគន់ជាច្រើនសប្តាហ៍កន្លងមក។ ចំនែកឯគ្រាប់បាល់មួយគ្រាប់របស់ Leicester វិញកើតឡើងនៅក្នុងតង់ទី២ ដោយកីឡាករ Demarai Gray នៅនាទី៦០ ធ្វើឲ្យលទ្ធផល ៤-១ រក្សារហូតដល់បញ្ចប់ការប្រកួត។ 

ក្រលេកមកមើលមួយគូទៀត ក្រុមតោខៀវ Chelsea បានបរាជ័យម្តងទៀតហើយ ក្រោយពីចាញ់ Liverpool ២-១ កាលពីសប្តាហ៍មុន ឥឡូវមកចាញ់ Arsenal ៣-០ សប្តាហ៍នេះទៀត ធ្វើឲ្យកំណត់ត្រាក្រុមកាន់តែអាក្រក់ ដែល២ប្រកួតក្នុងលីកជាប់គ្នា ចាញ់ទាំង២ ។

Arsenal ដែលដឹកនាំដោយគ្រូបង្វឹកចាស់វស្សា លោក Arsene Wenger ធ្វើបានយ៉ាងល្អកាលពីយប់មិញ ដោយក្រុមរបស់លោក អាចស្វែងរកគ្រាប់បាល់ស៊ុតបញ្ចូលទីរហូតទៅដល់ ៣គ្រាប់ ក្នុងតង់ទី១ ។ ប៉ុន្តែឈានចូលដល់តង់ទី២ គ្រាប់បាល់ស៊ុតបញ្ចូលទីក៏លែងកើតមានឡើង ដោយសារក្រុមទាំង២ ប្រយ័ត្នរៀងៗខ្លួន ជាពិសេស Chelsea បន្ទាប់ពីត្រូវបានដៃគូនាំមុខហើយ មិនអាចធ្វើអ្វីគេវិញបាន ។

ចំពោះការស៊ុតបញ្ចូលទី ៣គ្រាប់ របស់ Arsenal វិញនោះ ធ្វើឡើងដោយកីឡាករ Alexis Sanchez , Theo Walcott និងខ្សែបំរើសញ្ជាតិអាល្លឺម៉ង់ Mesut Ozil ធ្វើឲ្យចប់ការប្រកួត Arsenal ឈ្នះ Chelsea ក្នុងលទ្ធផល ៣-០ ៕ 

ទស្សនាវីដេអូ Highlights៖

ប្រភព៖ Mirror | Dailymail 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]