កូរ៉េខាងត្បូង៖ ការដែលមនុស្សពីរនាក់ មានចិត្តទៅលើគ្នា ស្រលាញ់គ្នា ពេញចិត្តគ្នា វាគ្មានអ្វីខុសឡើយ ព្រោះវាជាច្បាប់ធម្មជាតិ និងសិទ្ធិបុគ្គល។

ក៏ដូចជាតារាប្រុសស្រី Kpop មួយចំនួនផងដែរ ដែលពួកគេបានដាក់ចិត្តដាក់បេះដូងស្រលាញ់តារា Kpop ដូចគ្នា ដែលទាំងនេះក៏មិនមែនជារឿងដែលមិនត្រឹមត្រូវអ្វីនោះដែរ។​​ប៉ុន្តែអ្វីដែលមិនត្រឹមត្រូវនោះ គឺស្នេហារបស់ពួកគេ បានខុសទៅនឹងច្បាប់ក្រុមហ៊ុន ឬគោលការណ៍ផលិតកម្មរបស់ពួកគេ។ ផលិតកម្មមួយចំនួន ហាមប្រាមដាច់ខាត​ មិនឲ្យបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងតារាដែលនៅក្នុងផលិតកម្មតែមួយនោះទេ។

ចំពោះមូលហេតុដោយសារតែផលិតកម្ម មិនចង់ឲ្យមានផលប៉ះពាល់ និងរងការវាយប្រហារផ្ទួនៗពីសំណាក់អ្នកគាំទ្រ ព្រោះកាលណាដែលពួកគេមានទំនាក់ទំនងស្នេហា នោះពួកគេនឹងពិបាកធ្វើការងារជាមួយគ្នានៅថ្ងៃអនាគត បន្ថែមពីនេះ គឺថែមទាំងនាំផលពិបាកឲ្យសមាជិកក្រុមរបស់ខ្លួនថែមទៀតផង។

ក្រឡេកមកមើលតារា Kpop ទាំង១០គូនេះវិញ  ដែលស្នេហារបស់ពួកគេ គឺបានផ្តើមចេញពីតារានៅក្នុងផលិតកម្មជាមួយគ្នា។ ប៉ុន្តែគួរឲ្យសោកស្តាយ ក្នុងចំណោមគូស្នេហ៍តារា Kpop ទាំងនេះ ក៏មានគូខ្លះ បានសម្រេចចិត្តចែកផ្លូវគ្នា ដោយសារតែមានការរារាំង និងរងសម្ពោធខ្លាំងពីខាងផលិតកម្ម ព្រមទាំងរងនូវការវាយប្រហារយ៉ាងចាស់ដៃ ពីសំណាក់អ្នកគាំទ្ររបស់ពួកគេថែមទៀតផង។

ដូចនេះកុំឲ្យខាតពេលយូរ ចង់ដឹងថាមាននរណាខ្លះ សូមទស្សនាទាំងអស់គ្នា៖ 

១) . f(x) Krystal ♥ EXO Kai

គូស្នេហ៍វ័យក្មេង និងគួរឲ្យស្រលាញ់ Kaistal ក្រោយពីត្រូវបានក្រុមភ្នាក់ងារព័ត៌មាន Dispatch លួចថតបានពេលពួកគេកំពុងណាត់ជួបគ្នាយ៉ាងរ៉ូមែនទិចមក ខាងផលិតកម្ម SM Entertainment ក៏ចេញសេចក្តីប្រកាសជាផ្លូវការ កាលពីខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះថា ពួកគេពិតជាសេពគប់គ្នាយ៉ាងពិតប្រាកដមែន។ 

២). Wonder Girls Yenny ♥ 2AM Jinwoon

ក្រោយពីលាក់បាំងយ៉ាងជិតឈឹងអស់រយៈពេលជាច្រើនឆ្នាំមក ទើបថ្មីៗនេះ ខាងផលិតកម្ម JYP Entertainment បានប្រកាសជាផ្លូវការប្រាប់ទៅកាន់មហាជន ថា​តាមពិតទៅតារាទាំង២នាក់នេះ បានលួចលាក់ស្រលាញ់គ្នា អស់រយៈពេលជាង២ឆ្នាំមកហើយ។ 

៣) Girls' Generation Taeyeon ♥ EXO Baekhyun

គូស្នេហ៍ "Beakyeon" អាចនិយាយបានថា ពួកគេគឺជាគូស្នេហ៍ដំបូងបង្អស់ ដែលកើតមាននៅក្នុងផលិតកម្ម SM Entertainment មុនគេ។ ស្នេហារបស់ពួកគេ ត្រូវបានបង្ហាញជាសាធារណៈ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៤  រហូតមកដល់ឆ្នាំ២០១៥ បានមានលេចលឺពាក្យចចាមរ៉ាមថាពួកគេបានចែកផ្លូវគ្នា ប៉ុន្តែសម្រាប់ដំណឹងលេចឮនេះ មិនមានការទទួលស្គាល់ពីសាមីខ្លួន ឬក៏ខាងផលិកម្មនោះទេ។ វាត្រឹមតែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។

៤) Kim Go Eun ♥ Shin Ha Kyun

គូស្នេហ៍ Lovey-Dovey មួយគូនេះ ត្រូវបានខាងផលិតកម្ម HODU & U Entertainment ទទួលស្គាល់ថា កាលពីខែសីហា ២០១៦កន្លងទៅនេះថា ពួកគេពិតជាបានស្រលាញ់គ្នាមែន។

៥) Gong Hyun Joo ♥ Lee Sang Yup

គូស្នេហ៍តារាសម្តែងមួយគូនេះ ត្រូវបានក្រុមហ៊ុន Tobis Media របស់ពួកគេប្រកាសថា ពួកគេបានសេពគប់គ្នា កាលពីខែសីហា ឆ្នាំ២០១៣ មកម៉្លេះ ប៉ុន្តែរហូតមកដល់ខែសីហា ឆ្នាំ២០១៦  ពួកគេបានចែកផ្លូវគ្នាទៅវិញ។

៦) Jeon So Min ♥ Yoon Hyun Bin

តារាសម្តែនៅក្នុងផលិតកម្ម im Entertainment តែមួយនេះ បន្ទាប់ពីពួកគេបានសម្តែង ខ្សែភាពយន្តជាមួយគ្នាហើយ ពួកគេក៏ស្រលាញ់គ្នាខាងក្រៅឆាកមែនទែនតែម្តងនៅក្នុងឆ្នាំ២០១៥ រហូតមកដល់ដើមឆ្នាំ២០១៦ ពួកគេក៏បានចែកផ្លូវគ្នា។

៧) Park Soo Jin ♥ Bae Yong Joon

គូស្នេហ៍ខុសវ័យ ប៉ុន្តែជ្រកនៅក្រោមផលិតកម្មKey East Entertainment តែមួយនេះ បានធ្វើឲ្យគាំទ្រភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេប្រកាសរៀបការ ជាមួយគ្នាភ្លាមៗ កាលពីអំឡុងឆ្នាំ២០១៥កន្លងទៅនេះ។

៨). Lee Na Young ♥ Won Bin

គូស្នេហ៍ដ៏សាកសមបំផុតប្រចាំផលិតកម្ម Eden 9 បានប្រកាសសេពគប់គ្នា កាលពីអំឡុងឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០១៥ ពួកគេក៏បានប្រកាសរៀបការជាមួយគ្នាតែម្តង។

៩) Lyn ♥ Lee Soo

គូស្នេហ៍កំពូលសំនៀង ប្រចាំផលិតកម្ម MUSIC&NEW នេះ បានផ្តើមចេញពីមិត្តភាពរហូតក្លាយជាស្នេហា កាលពីឆ្នាំ២០១៣ រហូតមកទល់ឆ្នាំ២០១៤ ពួកគេក៏បានរៀបការជាមួយគ្នាតែម្តង។

១០) Honey Lee ♥ Yoon Kye Sang

គូស្នេហ៍ចាស់ទុំប្រចាំផលិតកម្ម Saram Entertainment បានប្រកាសស្រលាញ់គ្នា ជាផ្លូវការកាលពីឆ្នាំ២០១៣ រហូតមកទល់បច្ចុប្បន្ន៕

ប្រភព៖ AllKpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]