អាមេរិក៖ យ៉ាងហោចណាស់មនុស្សចំនួន ៤នាក់ បានស្លាប់់ និង មានមនុស្សម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីមានការបាញ់ប្រហារមួយនៅហាង Macy ក្នុងផ្សារទំនើបនៅទីក្រុង Burlington រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃសុក្រ។

នៅក្នុងនោះបានឲ្យដឹងថា ខ្មាន់កាំភ្លើងបានរត់គេចខ្លួន ពីកន្លែងកើតហេតុមុននឹងប៉ូលិសមកដល់ និងបើតាមមន្រ្តីប៉ូលិសបានឲ្យដឹងទៀតថា អ្នកស្លាប់ទាំង៤នាក់ គឺសុទ្ធសឹងតែជានារីភេទ។ យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍នេះ ប៉ូលិសបានបញ្ចេញរូបភាពជនសង្ស័យ​ ពីកាមេរ៉ាសុវត្ថិភាព CCTV ដោយបង្ហាញភិនភាគជនសង្ស័យ ជាបុរសម្នាក់ដែលនិយាយភាសាអេស្ប៉ាញ ពាក់អាវយឺតពណ៌ខ្មៅ ប្រដាប់ដោយកាំភ្លើងមួយដើម។

គួរបញ្ជាក់ថា ផ្សារទំនើប Cascade Mall និងហាងជាច្រើននៅក្បែរកន្លែងកើតហេតុ ត្រូវបានបញ្ជាឲ្យបិទ ខណៈប៉ូលិសកំពុងធ្វើការស៊ើបអង្កេត រកជនសង្ស័យ ហើយមនុស្សជាច្រើនត្រូវបានឲ្យសម្ងំនៅក្នុងផ្ទះ ខណៈប៉ូលិសកំពុងធ្វើការ ដើម្បីធានាថាកន្លែងកើតហេតុគឺមានសុវត្ថិភាព។ FBI ក៏កំពុងធ្វើការស៊ើបអង្កេតទៅ លើការវាយប្រហារនេះ ជាសកម្មភាពឥទ្ធិពលនៃអំពើភេរវកម្ម ប៉ុន្តែប៉ូលិសល្បាតទីក្រុង Burlington ថាគ្មានសញ្ញាណាមួយនៃអំពើភេរវកម្ម នៅក្នុងការបាញ់ប្រហារនេះទេ។

ជនសង្ស័យ ត្រូវបានគេប្រទះឃើញថា រត់គេចខ្លួនឆ្ពោះ ទៅកាន់ផ្លូវហាយវ៉េមួយ ដែលនៅក្បែរនោះ និងក្រោយពីមានគេរាយការណ៍ថា បុរសម្នាក់បានព្យាយាមប្លន់រថយន្តនៅចំនុចភ្លើងស្តុបក្រហម។

ទោះជាយ៉ាងណា អាជ្ញាធរមិននៅមិនទាន់ដឹងច្បាស់ថា ខ្មាន់កាំភ្លើងមានម្នាក់ ឬច្រើននោះទេ ហើយមូលហេតុពីក្រោយការបាញ់ប្រហារនេះ ក៏នៅមិនទាន់ដឹងដូចគ្នាដែរ៕

Mirror | BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]